ភ្នំពេញៈ ​មនុស្ស​ ១៣​ នាក់ និង​កាណូត​ចំនួន ​៣​ គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង បង្ក្រាប​ចាប់បាន​ភ្លាមៗ​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ត្រី​តាម​ដង​ទន្លេសាប​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២២ នៅ​ចំណុច​ភូមិ​ដូន​វៀត ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ដោយ​ប្រើប្រាស់​ឧបករណ៍​នាមខុស​ទីតាំង​ដែល​ត្រូវបាន​ស្នើសុំ​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​។ នេះ​បើតាម​សម្ដី​មន្ត្រីជលផល​។​

​ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការឃាត់ខ្លួន​ក្រុម​ប្រជា​នេសាទ​ទាំងនោះ ដោយសារ​ពួកគេចូលមក​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​នាម ក្នុង​ទីតាំង​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ឆ្នាំង ខណៈ​លិខិត​អនុ​ញ្ញាត​ធ្វើ​អាជីវកម្ម ដែល​ពួកគាត់​ទទួលបាន​ពី​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល គឺ​ពួកគាត់​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​នាម បានតែ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល​ប៉ុណ្ណោះ​។

​ លោក​បាន​បញ្ជាក់ថា​៖«​ច្បាប់​គឺ​អនុញ្ញាតឱ្យ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​នាម ប៉ុន្តែ​នៅក្នុង​រង្វង់​ទីតាំង​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​។ ករណី​នេះ គឺ​ពួកគាត់​បានធ្វើ​សកម្មភាព​នេសាទ ដោយ​បំពាន​ចូលមកក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ខណៈ​លិខិតអនុញ្ញាត​របស់​ពួកគាត់ គឺ​នៅក្នុង​ស្រុក​ពញាឮ ​ខេត្តកណ្ដាល​»​។​

​ បើតាម​លោក លី ឡា ប្រជា​នេសាទ​ទាំង​១៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគាត់​វិញ​ហើយ បន្ទាប់ពី​បាន​យល់ព្រម​បង់​ផាកពិន័យ​ក្នុង​១​កាណូត​២​លាន​រៀល​។

​ ទន្ទឹម​ជាមួយគ្នានេះ លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា នៅក្នុង​រដូវ​នេសាទ​ត្រី​ដ៏​មមាញឹក​នេះ បទល្មើស​នេសាទ​បានកើត​ឡើងជា​ញឹកញាប់​នៅតាម​ដង​ទន្លេសាប និង តំបន់​ស្ទឹង បឹង ព្រែក​នានា​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ដោយ​ជន​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន បាន​លួច​ប្រើប្រាស់រ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង លូ​សាច់​អួន​ប្រវែង​លើស​ច្បាប់​កំណត់​ដាក់ពង្រាយ​រាំង​ភ្ជិត​ស្ទឹង ព្រែក រាំងស្ទះ​ដល់​ចរាចរណ៍​ត្រី​។ មិនតែប៉ុណ្ណោះ​ក៏មាន​ករណី លបលួច​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ផងដែរ​។​

​ លោក បាន​បញ្ជាក់ថា​៖ «​យ៉ាងណាក៏ដោយ​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​ប្រចាំឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​២៤៨​ករណី ដោយបាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២៦​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន​១៤​នាក់ ខណៈ​១១​នាក់​ទៀត​ត្រូវបាន​អប់រំ​និង​ផាកពិន័យ​គិត​ជា​ប្រាក់​សរុប ៧៦, ៥​លាន​រៀល​»​។​

​ លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ប្រចាំឆ្នាំ​២០២២​នេះ សមត្ថកិច្ច​បានធ្វើការ​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​បទល្មើស​២២១​ករណី រួមមាន​បទល្មើស​នេសាទ​ដោយ​ប្រើរ​បាំងសាច់​អួន​៨៧​ករណី ស្ថិតក្នុង​ទីតាំង​៤២៦​កន្លែង មា​នប្រវែង​សរុប​៣ ៤៣៨០​ម បទល្មើស​នេសាទ​ដោយ​ប្រើ​របាំង​ស្បៃ​មុង​១០២​ករណី ស្ថិតក្នុង​ទីតាំង​៧៨៨​កន្លែង មាន​ប្រវែង​សរុប​៣២ ៣១០​ម បទល្មើស​នេសាទ​ដោយ​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក​៣​ករណី ស្ថិតនៅ​ទីតាំង​១៤​កន្លែង មាន​ប្រវែង​សរុប​៣៦៥​ម និង​បទល្មើស​នេសាទ​ដោយ​ប្រើ​សម្រាស់​២៩​ករណី ស្ថិតនៅក្នុង​ទីតាំង​១៧៧​កន្លែង មាន​ទំ​ហំសរុប​២ ៤១៨០​ម៉ែត្រក្រឡា និង​រុះរើ​បង្គោល​សម្រាស់​សរុប ចំនួន​៣ ៧៧៥០​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រភេទ​ចំនួន​៤ ៤៦៥​គីឡូក្រាម​។

​ ជាមួយគ្នានេះ​បានធ្វើ​ការដកហូត​វត្ថុតាង​មួយចំនួនទៀត​ទុកជា​សម្បត្តិ​រដ្ឋ រួមមាន​អាំង​វែ​ទ័​រ​១​គ្រឿង ទូក​បា​ឡា​ស្មាច់​ភ្ជាប់​ម៉ាស៊ីន​ហាយ​ឡែ​ន​ឌ័រ​២​គ្រឿង គោយន្ត​៦​គ្រឿង រ៉ឺម៉ក​សណ្ដោង​គោយន្ត​៥​គ្រឿង ម៉ាស៊ីនបូមទឹក​៤​គ្រឿង ទុយោ​ទឹក​ប្រវែង​១៣​ម៉ែត្រ រថយន្តស្ទូច​១​គ្រឿង និង​រថយន្ត​ដឹកទំនិញ ១​គ្រឿង​៕