ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសជាផ្លូវការ នូវទូតសុច្ឆន្ទៈចំនួន ៣ រូប របស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ដើម្បីធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាចលើជីវិតផ្ទាល់ខ្លួនក្នុងការសម្រេចចិត្ត។ ទូតសុច្ឆន្ទៈទាំង ៣ រូប ក៏បានប្រកាសប្តេជ្ញា ធ្វើឱ្យសហគមន៍របស់ពួកគេក្លាយជាកន្លែងប្រសើរសម្រាប់ក្មេងស្រី។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការប្រកាសជាផ្លូវការទូតសុច្ឆន្ទៈនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២១ ខែធ្នូ តាមរយៈប្រព័ន្ធហ៊្សូម និងការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុករបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ ឱ្យដឹងថា យុវជន៣រូប ដែលត្រូវបានប្រកាសជាទូតសុច្ឆន្ទៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានជ្រើសរើសពីតំបន់ប្រតិបត្តិការរបស់ខ្លួន រួមមាន ខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង ដើម្បីធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាចលើជីវិតផ្ទាល់ខ្លួនក្នុងការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«កញ្ញាពៅ ស្រីណូ កញ្ញាលេខ ការី និងលោកហេន សុភាព ជាយុវជនមកពីខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង។ យុវជនទាំង៣រូបនេះ បានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ ដែលធ្វើឱ្យសហគមន៍របស់ពួកគេក្លាយជាកន្លែងប្រសើរ»។
សេចក្តីប្រកាសបន្តថា៖«ក្នុងរយៈពេល១ឆ្នាំ ទូតសុច្ឆន្ទៈយុទ្ធនាការក្មេងស្រី ត្រូវមានឱកាសស្មើគ្នា និងចូលរួមនៅក្នុងសកម្មភាពនានា ទាំងផ្ទាល់ និងអនឡាញ ដើម្បីសិទ្ធិកុមារី និងសមភាពយេនឌ័រ។ ពួកគេក្លាយជាគំរូ និងភ្នាក់ងារនៃការផ្លាស់ប្តូរនាពេលបច្ចុប្បន្ន និងអនាគត»។
លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ទូតសុច្ឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ជាយុវជនសកម្ម នៅក្នុងសហគមន៍របស់ពួកគេ និងបានឆ្លងកាត់ដំណើរការជ្រើសរើសតាំងពីខែកក្កដា ក្នុងឆ្នាំនេះ។ អំឡុងពេលនៃការជ្រើសរើស ពួកគេ៣នាក់ បានបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេក្នុងការងារសហគមន៍ ដែលពួកគេបានធ្វើ ដើម្បីលើកកម្ពស់សមភាព សម្រាប់ក្មេងស្រី និងស្ត្រី។ លោករំពឹងថា ការជ្រើសរើសយុវជនទាំង៣នេះ គឺជាការចូលរួមជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលកំពុងដើរក្នុងដំណើរឆ្ពោះទៅរកសិទ្ធិស្មើគ្នារបស់កុមារី និងស្ត្រី។
លោកបញ្ជាក់ថា៖«ការចូលរួមរបស់យុវជន ក្នុងនាមជាទូតសុច្ឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា នឹងបន្ថែមគុណតម្លៃនៃការចូលរួមរបស់យុវជននៅក្នុងការងាររបស់យើង ហើយនាំមកនូវគំនិត និងវិធីសាស្ត្រថ្មីៗ ដើម្បីឈានទៅដល់គោលដៅរបស់យើង ដែលផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥លាននាក់នៅកម្ពុជា ដើម្បីឱ្យពួកគេបំពេញសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ»។
លោកបន្ថែមថា៖«អង្គការភ្លែនអន្តរជាតិកម្ពុជា សូមស្វាគមន៍ និងអបអរសាទរចំពោះសកម្មភាពដ៏ក្លាហានរបស់ពួកគេ ដែលបានចូលរួមជាមួយពួកយើងដើម្បីធ្វើឱ្យក្មេងស្រីទទួលបានសមភាព»។
នៅប្រទេសកម្ពុជាយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា បានដំណើរការយ៉ាងសកម្ម តាំងពីឆ្នាំ២០១៨ តាមរយៈសកម្មភាពជាច្រើន ដូចជា យុទ្ធនាការ FREE TOBE ONLINE ការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ និងគំនិតផ្តួចផ្តើមក្មេងស្រីកាន់តួនាទីជំនួស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
សេចក្តីប្រកាសបញ្ជាក់ថា ជាមួយនឹងយុទ្ធសាស្ត្រប្រចាំប្រទេសថ្មីឆ្នាំ២០២១-២០២៦ អង្គការភ្លែនអន្តរជាតិកម្ពុជាមានគោលបំណងធ្វើការជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីចំនួន២,៥លាននាក់ ជាពិសេស កុមារីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗចំនួន៤ ដូចជាកម្មវិធីការចាប់ផ្តើមជាមួយសុខភាពល្អ កម្មវិធីកិច្ចការពារជំនាន់ថ្មីកម្មវិធីការរៀនមួយជីវិត និងកម្មវិធីភាពដឹកនាំរបស់ក្មេងស្រី។
កញ្ញាពៅ ស្រីណូ ទូតសុច្ឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មកពីខេត្តសៀមរាប និយាយថា វាជាមហិច្ឆតារបស់ខ្លួនតាំងពីតូចមកម្ល៉េះ ជាពិសេស ខ្លួនចង់បំបែករបាំងនៃវិសមភាពយេនឌ័រ និងឧបសគ្គដែលរារាំងក្មេងស្រីមិនឱ្យធ្វើសេចក្តីសម្រេចចិត្ត។ កញ្ញា បានបន្តថា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា គឺជាយុទ្ធនាការជាសកលមួយដែលដឹកនាំដោយយុវជនក្នុងការស្វែងរកការផ្លាស់ប្ដូរសង្គមក្នុងការទាមទារសិទ្ធិឣំណាច សេរីភាព និងភាពជាតំណាងសម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេង។
ស្រីណូប្តេជ្ញាចិត្តថា៖«ខ្ញុំចង់យកឈ្នះរនាំងវិសមភាពយេនឌ័រ និងផ្នត់គំនិតនានា ដែលរារាំងក្មេងស្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ យើងនឹងមិនឈប់ទេ លុះណាតែស្ត្រី និងក្មេងស្រីទទួលបានសិទ្ធិពេញលេញ និងប្ដេជ្ញាផ្ដល់ឱកាសដល់ក្មេងស្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងផ្សព្វផ្សាយយុទ្ធនាការក្មេងស្រីត្រូវ[មានឱកាស]ស្មើគ្នាឱ្យបានទូលំទូលាយផងដែរ»។
ចំណែកកញ្ញា លេខ ការី ទូតសុច្ឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មកពីខេត្តរតនគិរីវិញ ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងការបំផុសគំនិតព្រមទាំងផ្តល់កម្លាំងចិត្តដល់ក្មេងស្រីឱ្យហ៊ានបង្កើតក្តីស្រមៃ និងក្រោកឈរ ដើម្បីសិទ្ធិដែលពួកគេសមនឹងទទួលបានផងដែរ។
ការីនិយាយថា៖«ក្នុងនាមជាទូតសុច្ឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ខ្ញុំជឿថា ក្មេងស្រីត្រូវតែមានឱកាសស្មើគ្នា។ ខ្ញុំប្ដេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រ និងប្រើប្រាស់នូវសមត្ថភាព និងសំឡេងរបស់ខ្ញុំ ដើម្បីលើកទឹកចិត្ត និង គោរពសិទ្ធិដល់ស្ដ្រី និងក្មេងស្រី ដើម្បីឱ្យក្ដីស្រមៃជាអ្នកដឹកនាំរបស់ពួកគេក្លាយជាពិត។ ខ្ញុំមិនទទួលយក និងប្រឆាំងយ៉ាងដាច់ខាត រាល់អំពើហិង្សាគ្រប់ទម្រង់ទៅលើស្ត្រី និងក្មេងស្រី»៕