
លោកហ៊ុន ម៉ានី ចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវផ្សារបច្ចេកវិទ្យាខ្មែរ នាថ្ងៃទី២១ ធ្នូ។ រូបថត ហ្វេសប៊ុក ហ៊ុន ម៉ានី
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លោក ហ៊ុន ម៉ានី អះអាងថា កម្មវីធី «ផ្សារបច្ចេកវិទ្យាខ្មែរ» (Khmer Tech Market) ជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ក្នុងការផ្គូផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ក៏ដូចជាផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេស ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។
ការអះអាងរបស់លោកហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅអគារ The Kampus។
លោកហ៊ុន ម៉ានី សម្តែងការអបអរសាទរ និងកោតសរសើរចំពោះអ្នកអភិវឌ្ឍន៍(Developers) ថ្នាលបច្ចេកវិទ្យានានា ទាំងក្រោមទម្រង់ជាគេហទំព័រ កម្មវិធីទូរស័ព្ទ កម្មវិធីកុំព្យូទ័រ និងទម្រង់ផ្សេងៗទៀត ដែលបានចូលរួមធ្វើឱ្យកម្ពុជាមានការរីកចម្រើនលើទិដ្ឋភាពប្រព័ន្ធអេកូឡូស៊ី កាន់តែមានលក្ខណៈប្រទាក់ក្រឡា ចងភ្ជាប់គ្នា បម្រើដល់សកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយ។
លោកថ្លែងថា៖«ថ្ងៃនេះ យើងបានបង្កើតសមិទ្ធផលថ្មីមួយ ក្នុងការបោះជំហានទៅមុខក្នុងវិស័យឌីជីថល ដែលកើតចេញពីគំនិតច្នៃប្រឌិត និងការរចនារបស់អ្នកជំនាញខ្មែរ ហើយផ្សារបច្ចេកវិទ្យាខ្មែរ នឹងក្លាយជាថ្នាលឌីជីថល ដែលប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច-សង្គម»។
បើតាម លោកហ៊ុន ម៉ានី ផ្សារបច្ចេកវិទ្យាខ្មែរត្រូវបានអភិវឌ្ឍក្នុងគោលបំណងសំខាន់២ រួមមាន ការដើរតួជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យមានការផ្គូផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីផ្ដល់គុណតម្លៃបន្ថែមដល់អ្នកដែលមានទេពកោសល្យក្នុងស្រុក។
គោលបំណងមួយទៀត គឺការដើរតួជាថ្នាលឌីជីថល សម្រាប់ការបង្កើតនូវតម្រូវការថ្មីៗ ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម នៅកម្ពុជា ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។
លោកអាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បញ្ជាក់ថា ថ្នាលផ្សារបច្ចេកវិទ្យាខ្មែរផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់សេវា និងអតិថិជនដែលមានតម្រូវការ។ ក្នុងនោះ មានដូចជា មានមុខងារផ្គូផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ ផ្ញើសារទៅវិញទៅមកនៅលើថ្នាល មានការជូនដំណឹង (Notification) មិនមានការបង់ប្រាក់ប្រចាំខែ មិនមានការបង់ប្រាក់សមាជិកភាព បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។
លោកសុវណ្ណរ័ត្នបន្តថា៖«តួអង្គដែលជាអ្នកផ្គត់ផ្គង់នៅក្នុងថ្នាលផ្សារបច្ចេកវិទ្យាខ្មែរអាចមានជាលក្ខណៈក្រុមហ៊ុន អ្នកធ្វើការឯករាជ្យ(Freelancer) អាចជានិស្សិត អ្នកកំពុងបំពេញការងារ និងអ្នកគ្មានការងារធ្វើជាដើម។ ដោយឡែក តួអង្គដែលជាអ្នកមានតម្រូវការ អាចជាសាធារណជនទូទៅ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការផងដែរ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្ពុជា ៤.០ ផ្តល់នូវ«លម្ហ»(Space) សម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញឌីជីថលូបនីយកម្ម ដែលតាមរយៈផ្សារបច្ចេកវិទ្យាខ្មែរមជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងបង្កើតនូវលម្ហ សម្រាប់ការផ្គូផ្គង រវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ឱ្យបានជួបគ្នា ដោះដូរសេវា និងប្រតិបត្តិការការងារ៕