ភ្នំពេញៈ កិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងកម្មករនិយោជិត ក្រោមកិច្ចសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២១ ខែធ្នូ នៅតែពុំទាន់អាចរកដំណោះស្រាយឃើញនៅឡើយទេ ហើយភាគីទាំង ២ បានកំណត់ជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយជាថ្មីទៀតនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី ២១ ខែធ្នូ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ធ្នូ មានការសម្របសម្រួលដោយលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពីតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, លោកស្រី ហៃ សុភាព និងលោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។
ឆ្លងតាមរយៈកិច្ចពិភាក្សា ភាគីទាំង២នៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំង២អាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកអតីតបុគ្គលិកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកនៅតែបន្តបដិសេធ។
ទោះយ៉ាងណា ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «ភាគីទាំង២ឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បន្តទៀត ដើម្បីមានឱកាសពិចារណាឡើងវិញពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ»។
ជាថ្មីម្តងទៀត ក្រសួងការងារ ក៏បានស្នើឱ្យភាគីទាំង២មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ ដោយបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះ មិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។
ទាក់ទិននឹងការដោះស្រាយ វិវាទការងាររាំរៃនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ លើកឡើងថា ការដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺមានការប្រជុំដោយរៀបចំដោយក្រសួងការងារ ដែលធ្វើឡើងជាច្រើនលើកច្រើនសាមកហើយ ជាមួយនឹងភាគីវិវាទទាំង២។
ប៉ុន្តែអ្វីដែលសំខាន់ គឺដំណោះស្រាយ ក្នុងការសម្របសម្រួលឱ្យភាគីសងខាង ត្រូវឈានទៅដល់ចំណុចរួមដើម្បីបញ្ចប់វិវាទនេះ។
លោកថា៖ «ដូច្នេះប្រសិទ្ធភាពនៃការសម្របសម្រួលរបស់ក្រសួងមកដល់ពេលនេះ គឺមិនទាន់ទទួលបានលទ្ធផលដោះស្រាយនូវអ្វីដែលជាបញ្ហាអាទិភាពសំខាន់ដែលឈានទៅដល់សម្បទាន និងការបិទបញ្ចប់វិវាទការងារហ្នឹង ដោយរឿងដែលសំខាន់បំផុតនោះ គឺការទទួលយកនូវថ្នាក់ដឹកនាំសកម្មជន ប្រតិភូសហជីពឱ្យចូលបម្រើការងារវិញ ដោយសារពួកគាត់ទាំងអស់ហ្នឹង គឺទទួលបានការពារដោយច្បាប់ អាហ្នឹងជាសិទ្ធិមូលដ្ឋាន ហើយឫសគល់នៃវិវាទ គឺនៅត្រង់ហ្នឹង»។
លោក ឃុន ថារ៉ូ បានបន្ថែមថា ក្រសួងការងារ ត្រូវឈរលើសិទ្ធិជាមូលដ្ឋាន ការធានានៃការដោះស្រាយវិវាទប្រកបដោយសុក្រឹត ប្រកបដោយប្រសិទ្ធភាព ដោយយកគោលការណ៍ច្បាប់មកអនុវត្ត ដែលនេះវាជារឿងដែលសំខាន់។
លោកថា៖ «ដូច្នេះក្រសួងនៅតែជាសមត្ថកិច្ច ប្រសិនជាក្រសួងនៅឈរជាចំណុចកណ្ដាលមួយ ដោយយកគោលការណ៍ច្បាប់មកដោះស្រាយ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានថ្លែងកាលពីថ្ងៃទី២២ ខែធ្នូថា ការដោះស្រាយវិវាទនេះនៅតែមានការប្រជុំបន្តទៀត គឺដោយសារការដោះស្រាយមិនមែនផ្តោតសំខាន់ទៅលើការព្យាយាមបកស្រាយច្បាប់ដោយចិត្តឯងរបស់បុគ្គលខ្លះដោយមិនយកស្ថាប័ន និងយន្តការជាគោលនោះទេ។
ការតវ៉ានេះគឺក្រសួងបានខិតខំផ្សះផ្សា ពន្យល់ និងបានរុញករណីវិវាទនេះទៅគ្រប់ដំណាក់កាលនៃការដោះស្រាយវិវាទការងាររួមដែលនៅជាធរមានរួចហើយ ហើយក៏នៅតែបន្តសម្របសម្រួលឱ្យភាគីតវ៉ាជួបគ្នា។
លោក ហេង សួរ បានថ្លែងថា៖ «ប្រទេសនីមួយៗមានស្ថាប័ន និងច្បាប់ជាធរមានច្រើន ដែលបានអនុវត្តជាច្រើនឆ្នាំ និងបានផ្តល់នូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈរួចហើយ ដូច្នេះយើងមិនអាចយកការបកស្រាយនៅប្រទេសនេះ ប្រទេសនោះទេ សំខាន់គឺយល់ឱ្យបាននូវខ្លឹមសារច្បាប់ និងយន្តការនានាដែលនៅជាធរមាននៅកម្ពុជា»។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ២៤៩រូបហើយ ក្នុងចំណោម៣៧៣រូប បានយល់ព្រមទទួលយកសំណងទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកណាហ្គាវើលដ៍ដែលមិនព្រមទទួលយកសំណងនៅសល់ ១២៤នាក់៕