ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទោះបីភាពជាប្រធានអាស៊ានរបស់កម្ពុជានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះក៏ដោយ ក៏កម្ពុជានឹងបន្តរួមចំណែកជាមួយអាស៊ានតទៅទៀត ដើម្បីដោះស្រាយបញ្ហាដែលមិនទាន់បានដោះស្រាយនិងជំរុញការអនុវត្តសេចក្តីសម្រេចនានាដែលកម្ពុជា និងអាស៊ានបានធ្វើជាមួយគ្នា។
លោក ហ៊ុន សែន ថ្លែងថា៖ «ពិតមែនតែកម្ពុជាត្រូវចប់អាណត្តិនៅត្រឹមថ្ងៃទី ៣១ ខែធ្នូនេះក៏ដោយចុះតែកម្ពុជានៅតែជាសមាជិកអាស៊ានហើយកម្ពុជានឹងបន្ត រួមចំណែកជាមួយនឹងអាស៊ានតទៅទៀតដើម្បីដោះស្រាយបញ្ហានានាដែលមិនទាន់បានដោះស្រាយ ហើយនិងជំរុញការអនុវត្តលើសេចក្តីសម្រេចនានាដែលយើងបានធ្វើជាមួយគ្នាទាំងក្របខ័ណ្ឌផ្ទៃក្នុងអាស៊ានខ្លួនឯងនិងជាមួយដៃគូ»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែធ្នូ លោកថ្លែងថា លោកពិតជាមានការសប្បាយរីករាយដោយសារកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះភាគច្រើនលើសលប់ ផ្តល់នូវជំនឿទុកចិត្តចំពោះកម្ពុជា ដោយប្រទេសជាមិត្តរបស់កម្ពុជាបានផ្តល់ឱ្យកម្ពុជានូវការលើកទឹកចិត្តសម្រាប់ការខិតខំ ផ្នែកការទូត ឯករាជ្យដោយផ្អែកលើច្បាប់។
លោករំឭកថា ក្នុងពេលដែលលោកធ្វើដំណើរទៅកាន់អឺរ៉ុបដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរុបដែលទើបនឹងបញ្ចប់ទៅក្នុងប៉ុន្មានថ្ងៃមុននេះនៅប្រទេសបែលហ្ស៊ិក លោកក៏មានឱកាសដើម្បីធ្វើការជាមួយដៃគូអឺរ៉ុប។ លោកបានប្រកាសអរគុណដល់ដៃគូអឺរ៉ុបទាំងអស់ ដែលមានសហភាពអឺរ៉ុប ក៏ដូចជាដៃគូតាមប្រទេសនីមួយៗដែលបានចូលរួមចំណែកនៅក្នុងការធ្វើឱ្យសម្រេចជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។
លោកបន្ថែមថា៖ «យើងបានក្លាយទៅជាដៃគូល្អ ហើយកំពុងឈានទៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប។ ខ្ញុំក៏បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននៅទីនោះផងដែរ ជាជំនួបដោយផ្ទាល់ហើយនិយាយគ្នាដោយផ្ទាល់ជាមួយនឹងអ្វីដែលគួរធ្វើជាមួយគ្នា»។
ស្របពេលដែលនៅសល់ពេលប្រមាណ ១ សប្តាហ៍ទៀត ដែលកម្ពុជានឹងត្រូវបញ្ចប់ភាពជាប្រធានអាស៊ាននេះ លោក ហ៊ុន សែន បានលើកឡើងពីសមិទ្ធផលដែលកម្ពុជាក្នុងឋានៈជាប្រធានសម្រេចបាន។ ក្នុងនោះលោកលើកឡើងថា កម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះគឺមានការងារច្រើនណាស់ ក៏ប៉ុន្តែកម្ពុជាក៏ទទួលបាននូវកិត្តិយសសម្រាប់កិច្ចការ «ដ៏សំខាន់» មួយនេះ បន្ទាប់ពីរាជរដ្ឋាភិបាល គ្រប់គ្រងបានជំងឺកូវីដ ១៩ និងបានបើកប្រទេសឡើងវិញប្រជុំដោយផ្ទាល់ជាលើកដំបូងបន្ទាប់ពីការខកខានរយៈពេល ២ ឆ្នាំ។
លោកលើកឡើងថា៖ «ជាមួយនឹងការទទួលខុសត្រូវរបស់យើងទៅលើបញ្ហាសុវត្ថិភាពទាំងសន្ដិសុខ ក៏ដូចទាំងបញ្ហាសុខុមាលភាពទាក់ទិនជាមួយជំងឺឆ្លង ដៃគូក្នុងអាស៊ានរបស់យើង និងដៃគូខាងក្រៅបានអញ្ជើញមកទីក្រុងភ្នំពេញ ទាំងថ្នាក់រដ្ឋាភិបាល ទាំងសភា ទាំងប្រមុខកងទ័ព និងស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធមកប្រជុំយ៉ាងច្រើននៅប្រទេសកម្ពុជា ដែលមានទាំងប្រជុំនៅភ្នំពេញ ប្រជុំនៅសៀមរាប សេដ្ឋកិច្ច និងការពារជាតិប្រជុំនៅសៀមរាប ភ្នំពេញប្រជុំផ្នែកនយោបាយរដ្ឋមន្ត្រីការបរទេសប្រជុំកំពូល និងប្រជុំពាក់ព័ន្ធដូចជាសង្គមវប្បធម៌ជាដើម»។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីអ្វីដែលសំខាន់ជាងនេះទៅទៀតគឺកម្ពុជាបានដើរតួនាទីទទួលខុសត្រូវក្នុងការសម្របសម្រួលឱ្យចេញរួចនូវឯកសារចំនួន ១០១ ឯកសារនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយបើបូកទាំងឯកសារដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញចំនួនប្រមាណ ៣០ ឯកសារទៀត គឺឯកសារដែលសម្រេចបានមានរហូតទៅប្រមាណ ១៣០ ឯកសារ ដែលនេះមិនជារឿងតូចតាចនោះទេ។
លោកបានបង្ហាញពីមោទនភាពរបស់កម្ពុជានៅត្រង់ថា ឆ្នាំ ២០១២ ខ្លួនលោកផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនោះបានប្រកាសចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ត្រូវបានចូលជាធរមានក្នុងរយៈពេល ១០ ឆ្នាំក្រោយ ក៏នៅទីក្រុងភ្នំពេញទៀត។
លោក ហ៊ុន សែន បន្ថែមថា៖ «យើងបានធ្វើកិច្ចការងារដែលទាក់ទងនឹងការសម្រុះសម្រួលរាប់ទាំងការបញ្ចូលទីម័រឡេស្តឱ្យទៅជាសមាជិកទី ១១ បើទោះបីជាមិនទាន់ពេញសិទ្ធិ ក៏ប៉ុន្តែវាហាក់ដូចជាបានពេញសិទ្ធិនៅក្នុងការចូលរួមប្រជុំនានា ដែលនៅក្នុងសេចក្ដីសម្រេចរបស់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានបានទទួលស្គាល់ទីម័រឡេស្តជាសមាជិកទី ១១ របស់អាស៊ាន»។
លោក ហ៊ុន សែន អរគុណដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរបស់កម្ពុជាដែលធ្វើការគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងអរគុណដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ សៀមរាបនិងកន្លែងផ្សេងទៀតដែលទាក់ទងនឹងដំណើរការនៃកិច្ចប្រជុំអាស៊ាន។ លោកអរគុណ និងកោតសរសើរចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសដែលបានដឹកនាំ «យ៉ាងល្អ» នូវក្រុមការងារ «ដ៏មានសមត្ថភាពរបស់យើង» សម្រេចបាននូវការព្រមព្រៀងទាំងឡាយ។
លោកបន្តថា ក្នុងភាពជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាបានធ្វើជាសហប្រធាន នៃជំនួបរវាងអាស៊ាន និងសហរដ្ឋអាមេរិកនៅលើទឹកដីសហរដ្ឋអាមេរិក និងបានធ្វើសហប្រធានក្នុងនាមរវាងអាស៊ានជាមួយសហភាពអឺរ៉ុប ដោយលោកបន្ថែមថា៖ «ដែលទាំងអស់នេះក្រៅពីការអរគុណចំពោះប្រជាជនកម្ពុជាខ្លួនឯង កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាខ្លួនឯង ខ្ញុំសូមអរគុណចំពោះដៃគូក្នុងអាស៊ានរបស់យើង និងដៃគូទាំងអស់ដែលបានគាំទ្រកម្ពុជា ក្នុងភាពជាប្រធានរបស់អាស៊ាន និងផ្ដល់ការយោគយល់បត់បែនដើម្បីសម្រួលឱ្យកិច្ចដំណើរការនៃការប្រជុំអាស៊ាននេះទទួលបានជោគជ័យ»។
ក្រៅពីនេះ លោកក៏បានរំឭកផងដែរថាឆ្នាំមុន កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺកម្ពុជាគ្រោងទទួលភ្ញៀវរហូតទៅដល់ ៥២ ប្រទេសដែលមកចូលប្រជុំនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅពេលដែលជំងឺកូវីដ ១៩ ផ្ទុះឡើង ទាំងនៅកម្ពុជា ទាំងនៅប្រទេសដទៃ កម្ពុជាប្រជុំតាមអនឡាញវិញ ដោយលោកធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។
នៅថ្ងៃទី ២២ ខែធ្នូ លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានចេញដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដើម្បីធ្វើការពិភាក្សាលើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា។
លោកថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា កម្ពុជាទទួលបានការទុកចិត្តពីរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការបញ្ជូនប្រេសិតពិសេសអាស៊ានចំនួន ២ ដង ដើម្បីធ្វើដំណើរទស្សនកិច្ចផ្ទាល់ដើម្បីសិក្សានិងជួបពិភាក្សា ការងារជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្ត ចំណុចឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។
លោកបន្តថា ក្រៅពីកិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងការកៀរគរជំនួយមនុស្សធម៌ក្នុងការជួយមីយ៉ាន់ម៉ាក៏ដោយ ក៏ដំណើរស្វែងរកសន្តិភាពនៅប្រទេសមួយនេះមានភាពរអាក់រអួលច្រើន។ ប្រេសិតពិសេសកម្ពុជាក៏បានធ្វើដំណើរទៅជួបពិភាក្សាក្រៅផ្លូវការនៅបាងកក ដើម្បីជួបពិភាក្សាការងារ និងបន្តជំរុញការពិនិត្យឡើងវិញទៅលើសកម្មភាពការងារពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាកន្លងមក និងដាក់ចេញនូវផែនការបន្តទៀតនៅពេលឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕