ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែធ្នូ បានចេញសេចក្តីប្រកាសពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបង្ហាញថា អត្រាអ្នកជាប់សរុបទូទាំងប្រទេស មានជាង ៧០ ភាគរយ ក្នុងនោះអ្នកដែលជាប់និទ្ទេស A មានរហូតដល់ជាង ១ ពាន់នាក់។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់ឱ្យដឹងថា សម្រាប់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺមានសិស្សដែលប្រឡងជាប់សរុបចំនួន ៩០៩៥០ នាក់ ស្មើនឹង ៧២,៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡងទាំងអស់។
លោកបានបន្តថា៖ «សម្រាប់និទ្ទេស A មានចំនួន ១ ០៤៩ នាក់, និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់,និទ្ទេស D ចំនួន ៣១១៦៦ នាក់ និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើសារចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងបេក្ខជនទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ»។
ទាក់ទងនឹងការប្រឡងបាក់ឌុបនេះដែរ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងតាមរយៈបទសម្ភាសន៍មួយថា ការប្រឡងបាក់ឌុបនៅឆ្នាំ ២០២២ នេះមានដំណើរការដោយរលូនគ្រប់ដំណាក់កាលទាំងអស់ដែលគួរឱ្យកោតសរសើរ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យដំណើរការនៃការប្រឡងបាក់ឌុបនៅឆ្នាំនេះ ទទួលបានលទ្ធផលល្អ»។
លោក រ៉ុង ឈុន ទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា បើពិនិត្យទៅលើបេក្ខជនដែលចូលមកប្រឡងឆ្នាំនេះ ហើយធៀបទៅឆ្នាំកន្លងមក គឺភាគរយនៃការប្រឡងជាប់មានភាពមិនកើន ហើយក៏មិនថយដែរ ពីព្រោះឆ្នាំនេះ ចំនួនបេក្ខជនដែលចូលរួមប្រឡង ក៏មានចំនួនកើនឡើងជាងឆ្នាំមុនផងដែរ។
លោក រ៉ុង ឈុន បន្ថែមថា៖ «យើងគិតថា វាមិនមែនមានន័យថា ការប្រឡង ឬមួយគុណភាពរយៈពេល ២ ថ្ងៃ យើងវាយតម្លៃថា គុណភាពអត់ល្អនោះទេ ហើយបើវាយតម្លៃទៅហ្នឹងលទ្ធផលឆ្នាំនេះប្រសើរជាងឆ្នាំកន្លងមក ដោយត្រូវពិនិត្យលើវិញ្ញាសាធៀបនឹងឆ្នាំកន្លងមក អាចថា វិញ្ញាសាឆ្នាំនេះ មានលក្ខណៈធូរជាងឆ្នាំកន្លងមក អាហ្នឹងវាធ្វើឱ្យមានកំណើនជាប់ច្រើន»។
លោកបន្តថា ដូច្នេះត្រូវការវាយតម្លៃ និងពិនិត្យមើលទៅលើវិញ្ញាសាបន្ថែមទៀត ដើម្បីអាចធ្វើការវាយតម្លៃធៀបទៅនឹងឆ្នាំកន្លងមកបាន។ទោះបីជាយ៉ាងណា អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះបានបន្ថែមថា រយៈពេលនៃការប្រឡង ២ ថ្ងៃ គឺវាមិនអាចធ្វើឱ្យគុណភាពនៃការអប់រំល្អប្រសើរទាំងអស់នោះទេ គ្រាន់តែការប្រឡងឆ្នាំនេះ បានរៀបចំប្រព្រឹត្តទៅមានលក្ខណៈដំណើរការល្អ មិនមានការលួចចម្លង និងការបែកវិញ្ញាសាជាដើម។
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះមានបេក្ខជនសរុបចំនួន ១២៨ ១៣៤នាក់ក្នុងនោះមានបេក្ខជនជានារីចំនួន ៦៨ ៧៧១ នាក់ មានមណ្ឌលប្រឡងសរុបទាំងអស់ ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ដែលការប្រឡងបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ និងទី៦ ខែធ្នូ។
សូមរំឭកផងដែរថា នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីចុងខែធ្នូ ឆ្នាំ ២០២១ កន្លងមក មានបេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦នាក់ ស្មើនឹង ៦៥,៦៥ ភាគរយ សិស្សជាប់និទ្ទេស A មានចំនួន ១ ៧៥៣ នាក់ និទ្ទេស B មានចំនួន ៥ ២១៥ នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់, និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់៕