​ភ្នំពេញៈ លោក ទេព ង​ន អនុប្រធាន​ទី ​២ ​ព្រឹទ្ធសភាបាន​ថ្លែងថា ប្រទេស​កម្ពុជា និង​ចិន បាន​ជួយ​គ្នា​ទៅវិញទៅមក ហើយ​ប្រទេស​ចិន​​ បានផ្តល់​ជា​ជំនួយ​ទាំង​សម្ភារ វ៉ាក់សាំង​កូ​វីដ​ ១៩ ថ្នាំ​ចិន និង​ក្រុមគ្រូពេទ្យ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ជាច្រើន មកឱ្យ​ប្រទេស​កម្ពុជា​។​

​លោក ទេព ង​ន បានលើកឡើង​ដូចនេះ​កាលពី​រសៀល​ថ្ងៃទី​ ២១ ​ធ្នូ ក្នុង​សិក្ខា​​សាលា​ដែល​សហការ​រៀបចំឡើង​ដោយ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ព្រឹទ្ធសភា​កម្ពុជា ការិយាល័យ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រចាំ​កម្ពុជា សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ក្រោម​ប្រធានបទ «​កម្ពុជា​-​ចិន​រួម​ជោគវាសនា​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​ ១៩» នៅ​ព្រឹទ្ធ​សភា​កម្ពុជា​។

​លោក​ថ្លែងថា៖ «​កម្ពុជា​ និង​ចិន​ បាន​ជួយ​គ្នា​ទៅវិញទៅមក ដោយ​ចិន​បាន​ចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺឆ្លង​ជាច្រើនលើក ព្រមទាំង​បរិច្ចាគ​សម្ភារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ ​ក៏ដូចជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ជាច្រើន​ដូ​ស និង​ច្រើនលើក​មកកាន់​ប្រទេស​កម្ពុជា​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ ​១៩»​។​

​លោក​បន្ថែមថា៖ «​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ កម្ពុជា​-​ចិន​ នៅតែ​បន្ត​ការជួយ​យកអាសា​គ្នា​ទៅវិញ​ទៅ​មក​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​មួយ​នេះ​»​។​

​ថ្មីៗ​នេះ​ប្រទេស​ចិន​បាន​កែសម្រួល​វិធាន​​ការបង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​ម្ដងទៀត​ដែល​នេះ​គឺជា​ការ​សម្រប​ខ្លួន​តាម​ស្ថានភាព​ជាក់ស្ដែង និង​ជា​សកម្មភាព​របស់​ប្រទេស​ចិន​ខ្លួនឯង​ផ្ទាល់​ដើម្បី​បង្កើន​ភាពត្រឹមត្រូវ​នៃ​ការបង្ការ និង​គ្រប់គ្រង​ជំងឺ​រា​ត​ត្បា​ត​ដើម្បី​អនុវត្ត​វិធានការ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​សម្របសម្រួល សុវត្ថិភាព​សុខភាព និង​ស្ដារឡើងវិញ​ជីវភាព​រស់នៅ​ជា​ប្រក្រតី​របស់​ប្រជាជន​។​

​នាឱកាស​នោះដែរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ដែរ​ថា កម្ពុជា​តាមដាន​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ ​នៅក្នុង​ប្រទេស​​ចិន​ជាប់​ជានិច្ច​ហើយ​យល់ឃើញថា ការកែសម្រួល​ជា​បន្តបន្ទាប់​នូវ​វិធានការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​ ១៩ ​របស់​ប្រទេស​ចិន​គឺមាន​ភាព​ប្រុងប្រយ័ត្ន​សមស្រប​តាមបែប​វិទ្យាសាស្ត្រ​។

​លោកស្រី​ថា​៖ «​ភាគី​ចិន​រក្សា​គោលជំហរ យក​ប្រជាជន​ជាសំខាន់ យក​អា​យុ​ជីវិត​ជាសំខាន់ ថែរក្សា​ការពារ​អាយុជីវិត​ប្រជាជន​ដោយបាន​កាត់បន្ថយ​អត្រា​ឆ្លង អត្រា​ឈឺ​ធ្ងន់​និង​អត្រា​ស្លាប់​ឱ្យទាប​ជាងគេ​បំផុត​លើ​ពិភពលោក​យ៉ាង​ជោគជ័យ​»​។​

​ទន្ទឹមនឹង​នោះដែរ ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង​វិ​ន​ធាន ថ្លែង​ដែរ​ថា ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​ដែល​ជំងឺ​កូ​វីដ ​១៩ ​កំពុងតែ​រីក​រាលដាល រដ្ឋាភិបាល​ចិន តែង​ប្រកាន់ខ្ជាប់​លើ​ការយក​ប្រជាជន​ជាធំ យក​ជីវិត​ប្រជាជន​ជាធំ បាន​ការពារ​អាយុជីវិត​សុវត្ថិ​​ភាព និង​សុខភាព​របស់​ប្រជាជន​អស់ពី​លទ្ធភាព និង​ចៀស​ផុតពី​អត្រា​នៃ​ការស្លាប់​រាប់លាន​នាក់​។​

​លោក​ក៏បាន​លើកឡើង​ដែរ​ថា លោក​ទទួលដំណឹង​ថា ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​ថ្មី​មួយ​របស់​មូលនិធិ​​អាល្លឺម៉ង់ Konrad Adenauer-Stiftung បាន​បង្ហាញថា ក្នុងចំណោម​ប្រជាជន​ចន្លោះ​អាយុ​ចាប់ពី​ ១៨ ​ដល់​ ៦៤ ឆ្នាំ ដែល​រស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ចំនួន ១ ០០០​ នាក់ បានទទួល​កិច្ច​សម្ភាសន៍ ក្នុងនោះ​ចំនួន​ជិត​ ៣​ ភាគ​ ៤ ​យល់ថា ចិន​ជា​ដៃគូ​ដ៏​ជិត​​ស្និទ្ធ​បំផុត សម្រាប់​កម្ពុជា​។​

​លោក វ៉ាង វិ​ន​ធាន ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ទទួលបាន​ការ​ពេញចិត្ត​ពី​ប្រជា​​ជន មិន​ត្រឹមតែ​បានការ​ពារ​ផល​​ប្រយោជន៍​នៃ​ប្រទេស និង​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​បង្កើតបានជា​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​ទប់​ស្កាត់​វីរុស​លើ​ឆាក​អន្តរជាតិ និង​សម្រាប់​ទំនាក់ទំនង​បណ្តា​ប្រទេស​នានា​»​។

​លោ​ក វិន​ធាន ក៏បាន​ណែនាំ​អ្នកចូលរួម​ទាំងអស់​ក្នុង​សិក្ខាសាលា​ឱ្យបាន​យល់​អំពី​ស្ថាន​​ភាព​កែសម្រួល​គោលនយោបាយ​បង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​របស់​ប្រទេស​ចិន​ផងដែរ​៕​