លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានធ្ងន់ៗទៅកាន់បុគ្គលណាដែលចោទគណបក្សប្រជាជនថាលួចសន្លឹកឆ្នោត ដោយនឹងចាត់ការតាមផ្លូវច្បាប់ ខណៈលោកថាការធ្វើបែបនេះ ដើម្បីលុបបំបាត់ចោលនូវវប្បធម៌លួចសន្លឹកឆ្នោត ដែលតែងតែចោទមកលើគណបក្សរបស់លោកជារឿយៗក្រោយការបោះឆ្នោត។
ការព្រមានធ្វើឡើងបន្ទាប់ពីមានព្រឹត្តិការណ៍នាពេលកន្លងមកក្នុងនោះរួមមាន ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ តែងតែលើកឡើងក្រោយបោះឆ្នោតថា មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនៅក្រុងព្រះសីហនុកាលពីថ្ងៃទី ២២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជារឿយៗនៅរាល់ពេលក្រោយបោះឆ្នោតម្តងៗ គណបក្សប្រជាជនតែងតែទទួលរងការចោទថាលួចសន្លឹកឆ្នោត ធ្វើឱ្យគណបក្សរបស់លោកជាប់ឈ្មោះជាចោររហូត។
លោកបញ្ជាក់ថា ដើម្បីលុបបំបាត់វប្បធម៌នេះក្រោយការបោះឆ្នោត គឺត្រូវតែប្តឹងបកទៅវិញចំពោះបុគ្គលណាដែលចោទគណបក្សប្រជាជនកម្ពុជា។ លោកថា ៖ «បើមិនអីចឹងយើងជាប់ឈ្មោះជាចោររហូត ចឹងចោទគេខុស ត្រូវតែសងជំងឺចិត្ត បំបាត់វប្បធម៌ឱ្យតែក្រោយបោះឆ្នោតឯងក្លាយទៅជាចោររហូត ឥឡូវនេះ អ្នកដែលចោទគេថាជាចោរ ត្រូវតែសងជំងឺចិត្តអ្នកដែលត្រូវរងចោទ»។
លោកបានបន្ថែមថា តួយ៉ាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលទើបបញ្ចប់ទៅនេះ គឺមានការបោះឆ្នោតតាំងពីម៉ោង ៧ ព្រឹក និងបិទបញ្ចប់នៅវេលាម៉ោង ៣ ល្ងាច ដើម្បីរាប់សន្លឹកឆ្នោត។
លោកបន្តថា ក្នុងកិច្ចការងារនេះគ្រប់ភាគីបានរាប់សន្លឹកឆ្នោតជាមួយគ្នា ប៉ុន្តែបែរជាមានបុគ្គលខ្លះចោទគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតទៅវិញ។
លោក ហ៊ុន សែន បានបន្ថែមថា ៖ «បោះឆ្នោតគឺបោះពីព្រឹកម៉ោង ៧ ព្រឹក នាំគ្នាចូលបោះ ម៉ោង ៣ ល្ងាចបិទ ហើយរាប់សន្លឹកឆ្នោតជាមួយគ្នា ហើយវាថាឯងចោរលួចសន្លឹកឆ្នោត អីចឹងឱ្យតែអ្នកណានិយាយចោរ គឺថាប្តឹងអ្នកនោះ អត់មានទុកទេពីថ្ងៃនេះតទៅ បើមិនអីចឹងយើងជាប់ឈ្មោះជាចោររហូតទៅ អីចឹងហែងជាចោរ ចោទគេខុស ត្រូវតែសងជំងឺចិត្ត បើមិនអីចឹងទេគណបក្សប្រជាជនជាចោរមួយជីវិតហើយ អីចឹងត្រូវបំបាត់វប្បធម៌មួយនេះចោល»។
ក្នុងន័យនេះ បើទោះបីជាលោកមិននិយាយឱ្យចំឈ្មោះបុគ្គលដែលចោទនោះ ប៉ុន្តែសំដៅទៅលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុមួយ ដោយចោទថាការបោះឆ្នោតកន្លងទៅមានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
ក្នុងសំណុំរឿងនេះលោក គី តិច មេធាវីការពារឱ្យគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្តឹងលោក សុន ឆ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ទាំងពីររបស់លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។
សំណុំរឿងប្តឹងដោយ គ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩ លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨ លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០ លានរៀលផងដែរ។ ក្រោយមកលោក សុន ឆ័យ បន្តប្តឹងទៅសាលាឧទ្ធរណ៍ ហើយតុលាការថ្នាក់ទី ២ នេះ បានសម្រេចឱ្យ លោក សុន ឆ័យ បន្តចាញ់ក្តីដដែល។
ជាមួយគ្នានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ស្របចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការប្តឹងលើជនណាដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោតនេះ។
លោកអះអាងថា បើជាក្នុងករណីដែលយល់ថា មិនមានប្រក្រតីភាពក្នុងដំណើរការបោះឆ្នោត គ.ជ.ប. បើកសិទ្ធិឱ្យរាល់គណបក្សនយោបាយ និងសកម្មជននយោបាយដាក់ពាក្យបណ្តឹងបានដើម្បីដោះស្រាយតាមនីតិវិធី ជាជាងប្រកាសទទួលលទ្ធផលបោះឆ្នោតរួចហើយ បែរជាចោទប្រកាន់តាមក្រោយថា គណបក្សកាន់អំណាចលួចសន្លឹកឆ្នោតទៅវិញ ដែលមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ។
លោកសុខ ឥសាន សង្កត់ធ្ងន់ថា៖ «នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ នេះជាការបំពាន ហើយនិងមួលបង្កាច់ ធ្វើឱ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលរងការប្រមាថ»។
លោកសុខ ឥសាន អំពាវនាវឱ្យអ្នករិះគន់ទាំងឡាយ ទៅត្រួតពិនិត្យមើលរដ្ឋធម្មនុញ្ញឡើងវិញ មុននឹងបញ្ចេញមតិ ដែលចៀសការប្រើសិទ្ធិនិយាយស្តីប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ នោះមិនមែនជាសិទ្ធិបញ្ចេញមតិដែលធានាតាមរយៈផ្លូវច្បាប់នោះទេ។
ដោយឡែក លោកថាច់ សេដ្ឋា ប្រធានស្ដីទីនិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បញ្ជាក់ដែរថា ការពិតលើការលើកឡើងថាជាចោរ ឬមិនមែនជាចោរនោះ វាអាស្រ័យទៅលើតម្លាភាពនោះទេ មិនអាស្រ័យលើការលើកឡើង ឬមាត់នរណាម្នាក់ឡើយ។ លោកថា ជាធម្មតា ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋម្នាក់ៗមានសិទ្ធិលើកឡើង ឬបញ្ចេញមតិ នៅពេលមិនសប្បាយចិត្ត ឬមិនពេញចិត្តដែលសង្គមប្រជាធិបតេយ្យតោងមានមតិយោបល់ខុសៗគ្នាជាធម្មតា មិនចម្លែកឡើយ។
ចំពោះករណីលោក សុន ឆ័យ លោក ថាច់ សេដ្ឋា យល់ឃើញថា ៖ «បើសិនជាបញ្ហាលោកសុន ឆ័យ ជាការបំបាត់វប្បធម៌លាបពណ៌នយោបាយក្រោយបោះឆ្នោត មិនចាំបាច់ទៅដល់ការប្តឹងផ្តល់រហូតសុំសំណងដល់ ១ លានដុល្លារនេះទេ ហើយនេះមិនមែនជាការលាបពណ៌ទេ ក្នុងនាមជាអ្នកនយោបាយតែងបញ្ចេញវោហារសាស្ត្រទៅលើភាពមិនប្រក្រតីមួយចំនួនដែលខ្លួនមិនពេញចិត្តហើយ»។
សម្រាប់លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការប្តឹងលើអ្នកចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជារបស់លោកលួចបន្លំសន្លឹកឆ្នោត ជាអាកប្បកិរិយាការពារជ័យជម្នះរបស់បក្ស ក្នុងនាមជាអ្នកឈ្នះឆ្នោត។
លោកយង់ ពៅ គូសបញ្ជាក់ពីមេរៀនពីសំណុំរឿងលោកសុន ឆ័យ ដូច្នេះថា៖ «នេះជាមេរៀនមួយសម្រាប់អ្នកនយោបាយផ្សេងទៀត សកម្មជនផ្សេងទៀត មុននឹងរិះគន់ត្រូវគិតពីចន្លោះប្រហោងនៃច្បាប់ការពារខ្លួន សិទ្ធិបញ្ចេញមតិ ដែលវាស្ថិតនៅក្នុងដែនច្បាប់ បើយើងខ្សោយហើយ ហើយបើយើងរិះគន់ចំចំណុចខ្សោយដែលច្បាប់ចាប់បាន អាហ្នឹងវាមានបញ្ហាហើយ»។
លោកបន្តថា ការប្រើយន្តការផ្លូវច្បាប់ក្នុងលាននយោបាយជារឿងល្អ ជាជាងការប្រើឥរិយាបថនយោបាយបែបហិង្សា ក្នុងន័យថា ការកៀរគរចលនាបាតុកម្ម ការបង្កើតបដិវត្តន៍ពណ៌ ដែលនាំឱ្យសង្គមចលាចល។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ សង្កត់ធ្ងន់ថា នៅកម្ពុជា តោងប្រើវប្បធម៌សារនយោបាយបែបរាជសីហ៍គ្រហឹម ឬនិយាយម្យ៉ាងទៀតថា បែបទូងស្គរ ទើបមានប្រសិទ្ធភាព បើប្រើភាសានយោបាយសាមញ្ញ ហាក់មិនសូវស្តាប់ឮ ប្រតិកម្មយឺត មិនងាយជ្រួតជ្រាប។
សាស្ដ្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ថា ដើម្បីកាត់បន្ថយឬលុបបំបាត់កុំឱ្យមានការទាត់ចោលនូវលទ្ធផលបោះឆ្នោតថា មានការលួចបន្លំលុះត្រាតែ គជប ត្រូវមានទម្រង់ ឬ លក្ខណសម្បត្តិដែលពេញលេញគ្រប់គ្រាន់តាមរយៈនៃការបោះឆ្នោតដោយសេរី យុត្តិធម៌ដែលធានាដល់គណបក្សទាំងអស់អាចទទួលយកបាន។
បើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ចំពោះសំណងដែលឈ្នះក្តីកន្លងមក លោកបានយកទៅជួយប្រជាជនក្រីក្រ តាមរយៈគណៈមេធាវីកម្ពុជា។
លោកថា ៖ «គណបក្សប្រជាជនបានសំណងនេះយើងទៅធ្វើការជួយប្រជាជន។ ថវិកាដែលទទួលបានពីការសងជំងឺចិត្តខ្ញុំដាក់ទៅគណៈមេធាវី ដើម្បីជួយជនក្រីក្រ កុំឱ្យហែងព្រហើនពេក អីចឹងលុបបំបាត់ចោលនូវវប្បធម៌លាបព័ណ៌ក្រោយការបោះឆ្នោយថាឯងជាចោរ បើមិនធ្វើបែបនេះទេ មិនរាងចាល។ បើចង់ស្រែកអី ទៅស្រែកនៅក្រៅស្រុកទៅ អញធ្វើអីហែងមិនកើត តែបើនៅក្នុងស្រុកអញធ្វើហើយ»។
សូមរំឭក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អួង វុទ្ធា បានចេញដីកាសម្រេច ៣ ចំណុច លើសំណុំរឿងបទចោទបរិហារកេរ្តិ៍ជាសាធារណៈ ដែលស្នើឱ្យមានការរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិលើ អចលវត្ថុចំនួន ២ កន្លែងរបស់លោកសុន ឆ័យ ជាចុងបណ្តឹង ពីមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងគណបក្សប្រជាជនកម្ពុជា លោកគី តិច ដោយសំអាងថា លោកសុន ឆ័យ ព្រងើយកន្តើយ គ្មានឆន្ទៈក្នុងការសងសំណងរដ្ឋប្បវេណីប្រមាណ ៧៥ ម៉ឺនដុល្លារ។
លោកសុន ឆ័យ បានរងបណ្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ចំពោះករណីលោកបានរឿងរិះគន់ទិដ្ឋភាពនៃការបោះឆ្នោតឃុំ-សង្កាត់ នាអាណត្តិទី ៥ ។ ដោយកាលពីដើមខែតុលា ឆ្នាំ ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តី ដោយតម្រូវឱ្យរូបលោកបង់ថវិកាចូលរដ្ឋចំនួន ៩ លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បូករួមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាវិញ លោក សុន ឆ័យ ត្រូវបង់ចូលរដ្ឋចំនួន ៨ លានរៀល និង ៣ ពាន់លានរៀល៕