សៀមរាបៈ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប និង​ក្រុមការងារ​គម្រោង ចុះ​ពិនិត្យ​សកម្មភាព​អនុវត្ត​គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ (WaSSIP) ក្នុង​ក្រុង​សៀមរាប ខណៈ​គិត​មកដល់​ត្រឹម​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០២២ នេះ វឌ្ឍនភាព​ការងារ​សរុប​នៃ​គម្រោង​សម្រេចបាន​ប្រមាណ ១៧,៥% ហើយ។

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រោយពី​បាន​ស្តាប់​របាយការណ៍​ផ្ទាល់​នៅ​នឹង​ទីតាំង​គម្រោង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ (WWTP) កាលពី​ថ្ងៃទី ២០ ខែធ្នូ ពី​តំណាង​ក្រុមហ៊ុន​សាងសង់ WiVASEEN និង​ទីប្រឹក្សា​គម្រោង CTI Engineering លោក​រស់ វណ្ណា បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ប្រព័ន្ធ​លូ នៅតាម​បណ្តា​ទីតាំង​អនុវត្ត​គម្រោង​មួយចំនួន​ទៀត ដូចជា​ទីតាំង​ឃ្លាំង​ស្តុក​ទុកដាក់​បរិក្ខារ​លូ ទីតាំង​ចាក់ពុម្ព​អណ្តូង​លូ គម្រប​លូ និង​ស្ថានីយ​បូមថ្មី​មួយកន្លែង។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​រួចរាល់ លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់ផ្នែក​ពាក់ព័ន្ធ ត្រៀម​រៀបចំ​បំពេញភារកិច្ច​របស់ខ្លួន​នីមួយៗ​ឱ្យបាន​ច្បាស់លាស់ និង​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើឱ្យ​ដំណើរការ​ការងារ​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។

​លោក​រស់ វណ្ណា បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ឱ្យ​អស់ពី​សមត្ថភាព ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព និង​រិះរក​គ្រប់​មធ្យោបាយ និង​យុទ្ធសាស្ត្រ ដើម្បី​បន្ត​អនុវត្ត​វឌ្ឍនភាព​គម្រោង ដែល​កំពុងមាន​ភាពល្អ​ប្រសើរ និង​ឯកភាព​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។​

​បើតាម​ក្រសួង​សាធារណការ ការអនុវត្ត​គម្រោង​នេះ ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ការផ្គត់ផ្គង់​សម្ភារ​ដូចជា​ខ្សែកាប ខ្សែ​ទូរស័ព្ទ ខ្សែភ្លើង ព្រមទាំង​បណ្តាញ​បំពង់​លូទឹក​ស្អាត និង​លូទឹក​ភ្លៀង​ជាដើម៕