ភ្នំពេញៈ មូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀតដោយសារការនេសាទខុសច្បាប់។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការបាត់បង់សត្វផ្សោត ១ ក្បាល ដែលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។
សាកសពសត្វផ្សោត ១ ក្បាលនេះ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ បន្ទាប់ពីបានអណ្តែតតាមទឹកទន្លេកាលពីថ្ងៃទី ២២ ខែធ្នូ។ ប្រជាពលរដ្ឋរូបនេះក៏បានរាយការណ៍ភ្លាមៗពីហេតុការណ៍នេះទៅកាន់បុគ្គលិកនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។
អង្គការ WWF បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «អង្គការ WWF សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តារៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀតដោយសារការនេសាទខុសច្បាប់ដោយការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សសត្វផ្សោត»។
សត្វផ្សោតដែលបានស្លាប់នោះជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៣ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ មានទម្ងន់ប្រហែល ៨៥ គីឡូក្រាម។ បន្ទាប់ពីបានពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានស្លាប់ក្រោយពីបានជាប់នឹងមងនេសាទ ដោយសារក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយរបស់វា។
វាជាសត្វផ្សោតទី១០ ហើយដែលបានស្លាប់ក្នុងឆ្នាំ ២០២២ និងជាសត្វផ្សោតទី ២៨ ដែលបានបាត់បង់ជីវិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
អង្គការ WWF បញ្ជាក់ថា ការដែលសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតញីពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតញីមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ។
លោក សេង ទៀក តំណាងអង្គការ WWF ប្រចាំកម្ពុជា ថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សត្វផ្សោតត្រូវបានកត់ត្រាថាបានស្លាប់ដល់ទៅ២ក្បាល។ នេះជាសញ្ញាមួយដ៏ធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភជាខ្លាំងព្រោះវាជានិន្នាការនៃការឈានទៅរកភាពផុតពូជសម្រាប់សត្វផ្សោតទន្លេមេគង្គ។
លោក ថ្លែងថា៖ «យើងមិនធ្លាប់បានឃើញនូវអត្រាស្លាប់ខ្ពស់បែបនេះទេក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប្រសិនបើគ្មានវិធានការសមស្របដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងស្ថានភាពបច្ចុប្បន្ននេះទេ នោះសត្វផ្សោតនឹងវិនាសផុតពូជមិនខានឡើយ»។
លោក សេង ទៀក ទទូចឱ្យសមត្ថកិច្ចអនុវត្ត និងពង្រឹងវិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ទីជម្រកសត្វផ្សោត ដោយត្រូវបង្កើនការល្បាតនៅពេលយប់ ព្រោះជាពេលដែលការនេសាទខុសច្បាប់ភាគច្រើនកើតឡើង។
ខណៈទើបកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សត្វផ្សោតឈ្មោលសុខភាពល្អមួយក្បាល ក៏ត្រូវបានប្រទះឃើញស្លាប់ក្នុងទន្លេមេគង្គដែរ អង្គការ WWF បានលើកឡើងថា ស្ថានភាពបែបនេះកាន់តែបង្កើនការព្រួយបារម្ភខ្លាំងឡើងៗចំពោះការរស់រានរបស់សត្វផ្សោត ដែលចាំបាច់ទាមទារឱ្យមានវិធានការដើម្បីការពារជាបន្ទាន់ ក្នុងគោលបំណងបញ្ជៀសឱ្យបាននូវការបាត់បង់សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា។
អង្គការ WWF លើកឡើងថា ក្នុងចំណោមចំនួនសត្វផ្សោតដែលនៅសេសសល់កំពុងរស់នៅក្នុងទន្លេមេគង្គ សត្វផ្សោតប្រមាណ ៧០ភាគរយ មានអាយុលើសពី ២០ ឆ្នាំ ដែលជាវ័យមួយផុតកំណត់អាយុដែលមានលទ្ធភាពបង្កាត់ពូជ។ ជាទូទៅសត្វផ្សោតអ៊ីរ៉ាវ៉ាឌី អាចរស់នៅបានដល់អាយុចន្លោះពី ២៧ ទៅ ៣០ឆ្នាំ។
អង្គការ WWF បន្ថែមទៀតថា អត្រាស្លាប់របស់កូនសត្វផ្សោត មានកម្រិតខ្ពស់ ប្រមាណ ៦២ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលជាមូលហេតុធ្វើឱ្យអត្រារស់រានរបស់កូនសត្វផ្សោតរហូតដល់ពេញវ័យមានកម្រិតទាប។ នេះជាកត្តាដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះមិនមានចំនួនសត្វផ្សោតកើតថ្មីគ្រប់គ្រាន់ដើម្បីបន្តវេនជំនួសផ្សោតចាស់៕