ភ្នំពេញៈជារៀងរាល់ខែកងកម្លាំងមួកខៀវកម្ពុជាដែលបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល តែងតែនាំយកទឹកស្អាតចំនួន៤ពាន់លីត្រទៅចែកជូនប្រជាពលរដ្ឋក្រីក្រអាហ្វ្រិកកណ្តាលចំនួន១២០គ្រួសារ នៅតំបន់ប្រៀរដែលមានការខ្វះខាតទឹកស្អាតប្រើប្រាស់។
វរសេនីយ៍ទោ ឡាំ ទេព មេបញ្ជាការរងកងអនុសេនាធំសំណង់វិស្វកម្ម បានដឹកនាំកងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលចំនួន១៥នាក់ ដោយនាំយកទឹកស្អាតចំនួន៤ពាន់លីត្រទៅចែកជូនប្រជាពលរដ្ឋក្រីក្រអាហ្វ្រិកកណ្តាលចំនួន១២០គ្រួសារនៅតំបន់ប្រៀរដែលមានការខ្វះខាតទឹកស្អាតប្រើប្រាស់។
លោក ឡាំ ទេព បានឱ្យដឹងទៀតថា៖ «ជារៀងរាល់ខែកងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មនៅក្នុងប្រទេសនេះ តែងតែចុះចែកទឹកស្អាតដល់ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ដោយសម្លឹងឃើញថា ពួកគាត់មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងមានការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព»។
ក្នុងដំណើរចុះចែកទឹកស្អាតខាងលើនេះ ក៏មានការផ្តល់ថវិកា និងផ្លែឈើ ដល់ពលរដ្ឋចាស់ជរាចំនួន៥នាក់ដែលកំពុងមានជំងឺប្រចាំកាយ ដើម្បីជាការងារទំនាក់ទំនងល្អរវាងកម្លាំង Minusca និងប្រជាជននៅក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៨ ៤៧៥នាក់ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩។ប្រទេសទាំងនោះ រួមមាន ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល, ស៊ីប និងយេម៉ែន ហើយបច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង៨០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានលើកឡើងជារឿយៗទៅដល់កងកម្លាំងទាំងអស់ដោយត្រូវគិតពីសុវត្ថិភាពជាចម្បង
ពិសេសពេលអនុវត្តភារកិច្ចមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា៖ «ត្រូវចងចាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាចម្បង»៕