ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អុិត សំហេង ស្នើឱ្យអ្នកលេងបណ្តាញសង្គមចូលរួមផ្សព្វផ្សាយព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលនាំឱ្យមានការភាន់ច្រឡំ ដែលធ្វើប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ។
ការលើកឡើងរបស់រដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងឱកាសធ្វើជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម FACEBOOK នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានសិក្ខាកាមចូលរួមចំនួន ៥៧០នាក់ មកពី ១៤សហភាពសហជីព។
លោក អុិត សំហេង បានថ្លែងថា នៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួន កំពុងបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះ លោកចង់ឱ្យអ្នកលេងបណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុង និងក្រៅប្រទេស បានយល់ដឹងនិងចូលរួមចំណែកក្នុងការការពារសមិទ្ធផលអស់ទាំងនេះ ឱ្យស្ថិតស្ថេរគង់វង្ស។
លោកបញ្ជាក់ថា៖« ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេចរបស់ខ្លួនដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។ លោកថ្លែងថា៖« ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយ គុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន»។
លោកអុិត សំហេង ថ្លែងដោយសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននិងសមិទ្ធផលនានា ខណៈលោកជំរុញដល់សិក្ខាកាមដែលចេះប្រើប្រាស់ហេ្វសប៊ុកធ្វើជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញសង្គមផ្សេងៗឱ្យបានទាន់ពេលវេលា។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានលឿនរហ័សគឺជាតួនាទីមិនអាចខ្វះបានរបស់ស្ថាប័នព័ត៌មាន។
នៅថ្ងៃដដែលនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងចលាចល និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យសិក្ខាកាមបានយល់ដឹងអំពី បច្ចេកទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktokការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយការចុះបដិសេធ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា។ ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និងសាធារណជនការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិនគួរជឿការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយប្រសិទ្ធភាពជាដើម៕