ក្រចេះៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF-កម្ពុជា) បានអំពាវនាវដល់អាជ្ញាធរឱ្យពង្រឹងកម្លាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឱ្យចៀសផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។
ការអំពាវនាវនេះត្រូវបានធ្វើឡើង បន្ទាប់ពីសត្វផ្សោតទី១១ ក្នុងឆ្នាំនេះ បានរកឃើញស្លាប់កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែលធ្វើឱ្យរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានផ្សោតសរុបចំនួន ២៩ ក្បាល ហើយបានបាត់បង់ជីវិតក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF នៅថ្ងៃទី២៥ ខែធ្នូ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ធ្នូ សត្វផ្សោតដែលមានសុខភាពល្អ១ក្បាលទៀត បានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។
ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោត១ក្បាលនេះ បានស្លាប់ក្រោយពីបានរមួលខ្លួន ជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានឱ្យដឹងថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនោះទេ។
លោកបានលើកឡើងទៀតថា៖ «សោកនាដកម្មដែលគួរអាចបញ្ចៀសបាន នៃការស្លាប់របស់សត្វផ្សោត វ័យបន្តពូជទាំង៣ក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ ថ្ងៃ ផងនេះជាសារយ៉ាងច្បាស់មួយ ដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់»។
លោក សេង ទៀក បានសង្កត់ធ្ងន់ថា ៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ ហើយដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងក្នុង១ថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត»។
បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឱ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀតឱ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។ នេះបើតាមលោក សេង ទៀក។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់ជាបន្តបន្ទាប់នៃសត្វផ្សោតទឹកសាបនេះ។
លោកថ្លែងថា ៖ «ខ្ញុំពិតជាគួរឱ្យសោកស្តាយបំផុត ពេលទទួលដំណឹងពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទឹកសាបនេះ។ សត្វផ្សោតនេះជាសត្វផ្សោតដែលមានសុខភាពល្អ ទី៣ហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយ តម្រូវឱ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត»។
សត្វផ្សោត ត្រូវបានចាត់ទុកថា ជាបេតិកភណ្ឌជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាមានត្រឹមតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះ ដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង។
សត្វផ្សោតទឹកសាបទន្លេមេគង្គ គឺជាធនធានជីវចម្រុះមួយដែលស្ថិតក្នុងបញ្ជីនៃ តម្លៃដ៏វិសេសវិសាលនៃតំបន់ដងទន្លេមេគង្គដែលក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាន កំពុងរៀបចំឯកសារដាក់ស្នើចូលក្នុងបញ្ជីត្រៀមសម្រាប់បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ៖ «នាពេលកន្លងមកក្នុងយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំបានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យនេះ មិនមែនផ្តោតតែលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ក្នុងទឹកផងដែរ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំចូលទៅតំបន់ដែលហាមឃាត់ កន្លែងអភិរក្សសត្វផ្សោត ពីព្រោះយើងនៅសល់តែ៨៩ក្បាលទេ ប្រសិនបើវាបន្តស្លាប់ និងមានកូនកើតមិនបានច្រើននៅពេលណាមួយយើងនឹងបាត់បង់វា»។
ជាមួយគ្នានេះ លោក សេង ទៀក ក៏បានបញ្ជាក់ដែរថា៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។
បើតាមអង្គការ WWF រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារពីព្រោះនៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ហេតុដូចនេះហើយទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់ ដែលត្រូវបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។
សត្វផ្សោតដែលបានស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។ ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលត្រូវបានរកឃើញងាប់ដែលខ្លះជាប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆក់។
សូមរំឭកដែរថា សត្វផ្សោតចំនួន២ក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ ក្នុងនោះ សត្វផ្សោតញីពេញវ័យ១ក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង់ ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយសាកសពសត្វផ្សោតឈ្មោលពេញវ័យ១ក្បាលទៀត ត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សត្វផ្សោតពេញវ័ញទាំង២ក្បាលនេះស្លាប់ដោយសារជាប់មងអ្នកនេសាទ៕