ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុង និងស្រុកថ្មីបន្ថែមទៀតក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តក្រចេះ ជាអ្វីដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថាដើម្បីឆ្លើយតបនឹងកំណើនប្រជាជន និងបង្ខិតសេវាសាធារណៈដល់មូលដ្ឋាន ខណៈសង្គមស៊ីវិលមើលឃើញថា ពុំទាន់មានភាពចាំបាច់ និងធ្វើឱ្យការចំណាយរបស់រដ្ឋកាន់តែច្រើនឡើងស្របពេលដែលមន្ត្រីរាជការមានច្រើនស្រាប់ទៅហើយនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បានចេញអនុក្រឹត្យដាច់ដោយឡែកពីគ្នា សម្រេចបង្កើតក្រុងចំនួន ២ នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ហើយបង្កើតស្រុក ១ ទៀតនៅខេត្តក្រចេះគឺស្រុកអូរគ្រៀងសែនជ័យហើយក៏បានបំបែកស្រុកឧដុង្គជា ២ នៅខេត្តកំពង់ស្ពឺផងដែរ។
សម្រាប់អនុក្រឹត្យបង្កើតក្រុង «ក្រុងអរិយក្សត្រ» គឺបានកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ ទៀតពីស្រុកល្វាឯម។តាមអនុក្រឹត្យនេះ ក្រុងអរិយក្សត្រនឹងមានសង្កាត់ចំនួន ១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអម្អិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ រីឯទីតាំងរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។
ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយឡែក ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សាស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា ១៨ ថ្មីនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា ៣ ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ជាមួយគ្នានេះដែរ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាលត្រូវបានអនុក្រឹត្យកំណត់ឱ្យកាត់យក ៥ ឃុំពីស្រុកកោះធំរួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ រីឯទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតក្នុងសង្កាត់សំពៅពូន។
ចំណែក «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះត្រូវបានអនុក្រឹត្យកំណត់ឱ្យកាត់យក ៥ ឃុំពីស្រុកសំបូរ រួមមាន ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ រីឯទីតាំងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវស្ថិតក្នុងឃុំអូរគ្រៀង។
ដោយឡែក អនុក្រឹត្យមួយទៀត សម្រេចបំបែកស្រុកឧដុង្គជា ២ គឺបំបែកទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ។ក្នុងនោះក្រុងឧដុង្គម៉ែជ័យមានសង្កាត់ ៥ គឺសង្កាត់វាំងចាស់, វាលពង់ ត្រាចទង, ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។រីឯទីតាំងរដ្ឋបាលក្រុងឧដុង្គម៉ែជ័យត្រូវស្ថិតក្នុងសង្កាត់វាលពង់។ចំណែក ស្រុកសាមគ្គីមុនីជ័យ មានឃុំចំនួន ១០ គឺឃុំចាន់សែន, ជើងរាស់, ជម្ពូព្រឹក្ស, ក្រាំងចេក, មានជ័យ,ព្រៃក្រសាំង,យុទ្ធសាមគ្គី,ដំណាក់រាំង,ពាំងល្វា និងឃុំភ្នំតូច។រីឯ ទីតាំងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅឃុំជើងរាស់។
យ៉ាងណាក្ដី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង បានលើកឡើងថា បើផ្អែកលើជំរឿនថ្មីៗនេះចំនួនពលរដ្ឋកម្ពុជាបច្ចុប្បន្នមានប្រមាណ ១៨ លាននាក់។ លោកបន្តថា ជាទស្សនៈផ្ទាល់ខ្លួន លោកមិនទាន់មើលឃើញពីភាពចាំបាច់ត្រូវបង្កើតក្រុង ស្រុក ខណ្ឌ ថ្មីទេ។
លោកថ្លែងថា៖ «បើយើងមើលទៅក្រុង ស្រុក ដែលមានបច្ចុប្បន្ននេះក៏មិនទាន់ដល់ដំណាក់កាលដែលថាហួសពីសេចក្តីត្រូវការ ឬហួសសមត្ថភាពដែលអាចគ្រប់គ្រងបានដែរ»។
ជុំវិញបញ្ហានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់បានលើកឡើងថា ការសម្រេចបង្កើតក្រុង ស្រុកឬឃុំ សង្កាត់ ថ្មី ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងនៃកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន ជាពិសេសបង្ខិតសេវាសាធារណៈឱ្យបានទៅដល់មូលដ្ឋាន៕