កំពង់ស្ពឺៈ ទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ ១ ខ្នងធ្វើពីឈើប្រក់ក្បឿង នាយប់ថ្ងៃទី ២៥ ខែធ្នូ ក្នុងភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យបុរសវិកលចរិតម្នាក់ស្លាប់។ នេះបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានឱ្យដឹងថា អគ្គិភ័យនេះឆាបឆេះឡើងនៅវេលាម៉ោង១ និង២០ នាទីរំលងអធ្រាត្រ ឆេះផ្ទះ ១ខ្នងធ្វើពីឈើប្រក់ក្បឿង ទំហំ ៥ គុណ ៧ ម៉ែត្រ របស់ម្ចាស់ឈ្មោះ សយ រ៉ា ភេទស្រី អាយុ ៤៩ឆ្នាំ។ ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះ គឺបុរសវិកលចរិតម្នាក់ អាយុ ២៣ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា៖«អគ្កិភ័យនេះបានឆេះផ្ទះអស់ទាំងស្រុង ស្លាប់មនុស្ស ១នាក់ ឈ្មោះ ឡេង ណារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ (វិកលចរិត) ត្រូវជាកូនម្ចាស់ផ្ទះ ស្រូវចំនួន ៤បាវ និង ទូដាក់សម្លៀកបំពាក់១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនតូច»។
នៅយប់ដដែលនោះ វេលាកណ្តាលអធ្រាត្រ ក៏មានករណីអគ្គិភ័យឆេះផ្ទះ១កន្លែងទៀត ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។ផ្ទះឈើលើ បេតុងក្រោម ប្រក់ក្បឿង និងតយ៉ាបប្រក់សង្ក័សី ទំហំ ៨គុណ ១៤ ម៉ែត្រ មាន ម្ចាស់ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ។ មូលហេតុនៃអគ្គិភ័យនេះកើតឡើងដោយសារ ម្ចាស់ផ្ទះដុតទៀនបំភ្លឺ រួចដេកលក់ បណ្តាលឱ្យឆេះរាលដាលដល់ពូក និងឆេះផ្ទះ និងបានរាលដាលធ្វើឱ្យផ្ទះ ១ខ្នងទៀត ធ្វើពីឈើប្រក់សង្ក័សី ទំហំ ៥គុណ ១២ ម៉ែត្រ ឆេះអស់ទាំងស្រុងផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា៖«កម្លាំងនគរបាលសហការជាមួយកម្លាំងពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៧គ្រឿង (ស្នងការដ្ឋាន ២គ្រឿង អធិការដ្ឋានស្រុកភ្នំស្រួច ១គ្រឿង ក្រុងច្បាមន ១គ្រឿង កងរាជអាវុធហត្ថខេត្ត ១គ្រឿង កោះឆ្នេរ ១គ្រឿង សាលាកម្ពុជា.វៀតណាម ១គ្រឿង )»។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ អគ្គិភ័យបានឆាបឆេះបន្ទប់ជួលកម្មករចំនួន៨ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នករងគ្រោះថ្នាក់ឡើយ។ ក្រោយពេលកើតកើតហេតុ អាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ តែដោយសារស្ថានផ្លូវតូចចង្អៀតពិបាកចូល ទើបបណ្តាលឱ្យអគ្គិភ័យបន្តរាលដាលទៅបន្ទប់ផ្សេងៗ។
ដោយឡែក នៅម៉ោង១ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែធ្នូ នៅចំណុចអគារបុរីកីឡា អគារទី៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា មានអគ្គិភ័យកើតឡើងបណ្តាលឲ្យឆាបឆេះអស់ ១១បន្ទប់ទាំងស្រុង ថ្មបេតុង ទំហំ ២ម៉ែត្រ x ៤ម៉ែត្រ ខូតខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ។
លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាតនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មើរនឹង ៨៤ម៉ែត្រគុប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគុប និងរថយន្តទីផ្សារទំនើប អូឡាំព្យ៉ា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគុប ។
លោក ព្រហ្ម យ៉ន បញ្ជាក់ថា៖«ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតនោះឡើយ»។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នពីអគ្គិភ័យក្នុងរដូវប្រាំង ជាពិសេសលើការប្រើប្រាស់ឧបករណ៍ សារធាតុ ដែលងាយឆេះឱ្យបានកាន់តែខ្លាំងថែមទៀត។ ការអំពាវនេះធ្វើឡើង ក្នុងឱកាសនៃការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៦ ខែធ្នូនៅអគារស្ថាបនា (SATHAPHANA TOWER) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកថ្លែងថា៖«សុំឱ្យប្រជាពលរដ្ឋត្រូវគិតគូរមែនទែនទាក់ទងនឹងការតបណ្តាញខ្សែភ្លើង ត្រូវប្តូរបំពង់ពន្លត់អគ្គិភ័យដែលចាស់ពេកចេញ និងត្រូវប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងប្រយ័ត្នដែលអាចឆាបឆេះព្រៃឈើជាដើម»។
លោក នេត វន្ថា ឱ្យដឹងថា ការធ្វើសមយុទ្ធនេះ គឺដើម្បីឱ្យបុគ្គលិកនៅក្នុងអគារចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សារភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ច។លំហាត់សមយុទ្ធក្នុងឱកាសនោះ រួមមាន ការប្រកាសអាសន្នជម្លៀសខ្លួន ការសង្គ្រោះជនដែលរងគ្រោះ និងការពន្លត់អគ្គិភ័យ។
លោកបញ្ជាក់ថា៖«ខ្ញុំចង់ឱ្យគ្រប់ធនាគារឬអគារធំៗដែលមានបុគ្គលិកច្រើន គួរតែមានការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យនេះ ហើយការងារលើអគ្គិភ័យនេះ មិនមែនជនគ្រប់រូបចេះទាំងអស់គ្នានោះទេ គឺទាល់តែមានការសហការគ្នា បង្រៀនពីជំនាញ និងយល់ដឹងពីហេតុផល ក៏ដូចជាការចូលរួមសមយុទ្ធនាពេលនេះជាដើម»។
ឆ្លងកាត់សមយុទ្ធនេះ លោកថ្លែងថា ប្រតិបត្តិការរបស់បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមានជំនាញច្បាស់លាស់ ដែលលោករំពឹងថា ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង បុគ្គលិករបស់ធនាគារស្ថាបនាអាចមានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯងបាន ហើយក្នុងករណីតូចតាចក៏អាចគ្រប់គ្រងបាន និងមិនធ្វើឲ្យរីករាលដាលផងដែរ។
លោក នេត វន្ថា បានបញ្ជាក់ថា ៖ «ខ្ញុំសូមសំណូមពរដល់អ្នកគ្រប់គ្រងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវអនុវត្តវិធានការបង្ការ ពន្លត់អគ្គិភ័យនេះ ឱ្យមានប្រសិទ្ធភាពសុវត្ថិភាពខ្ពស់ និងត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តអគ្គិភ័យ ដែលមានចែងនៅក្នុងប្រទេសកម្ពុជា»។
ទាក់ទងនឹងការធ្វើសមយុទ្ធនេះដែរ លោក នេត វន្ថា បានប្រាប់ឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការធ្វើសមយុទ្ធនៅអ៊ីអន៣ ក្នុងខណ្ឌមានជ័យ។
អនុប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា លោក Kenji Kuroki បានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងសង្គ្រោះគ្រោះអគ្គិភ័យ ទើបធនាគារលោកបានស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីបង្ហាត់បង្ហាញដល់បុគ្គលិករបស់ធនាគារ អំពីវិធីសាស្ដ្របង្ការ និងសង្គ្រោះផ្សេងៗ នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។
លោកបានថ្លែងថា៖ «ដោយសារតែអគារធនាគារស្ថាបនា មានកម្ពស់រហូតដល់១៩ជាន់ និងជម្រៅទៅក្រោមដី៤ជាន់ ជាមួយបុគ្គលិកជាង ១ ០០០នាក់នោះ យើងមើលឃើញថា ការយល់ដឹងអំពីវិធីសាស្ដ្រទាំងអស់នេះ គឺជារឿងសំខាន់បំផុត»។
លោកKenji Kuroki បញ្ជាក់ផងដែរថា ធនាគារស្ថាបនា តែងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើលំហាត់សមយុទ្ធនេះជារៀងរាល់ឆ្នាំ។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅទូទាំងប្រទេស ចំនួន៦១៨លើក លើ៦៧០លើក ថយចុះ៥២លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ប្រភពដដែលបន្តថា គ្រោះថ្នាក់អគ្គិភ័យនេះបានបណ្ដាលឲ្យមនុស្សស្លាប់ ១៧នាក់ លើ២៤នាក់, របួស ៥៩នាក់ លើ៣៥នាក់, ឆេះផ្ទះចំនួន៦៩៧ខ្នង, តូបចំនួន១០៩។ មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពី អគ្គិសនី ៤១,៥៥ភាគរយ, ប្រើប្រាស់ភ្លើង ៣៨,២៤ភាគរយ និងក្ដាប់មិនបាន ២០,២១ភាគរយ៕