ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បានកំណត់កាលបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង៥ ដែលរដ្ឋាភិបាលទើបចេញអនុក្រឹត្យបង្កើតថ្មី នៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៣ ខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង គជប ថ្លែងថា ជាធម្មតា នៅពេលដែលមានការបង្កើតក្រុង ស្រុកថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានតួនាទីក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដើម្បី អនុលោមទៅតាមច្បាប់។
ក្នុងដំណាក់កាលចាប់ពីពេលនេះតទៅ គជប កំពុងរៀបចំផែនការមេ រួមទាំងប្រតិទិនក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុកដែលទើបបង្កើតថ្មី ។
ដោយឡែកសម្រាប់សមាជិកក្រុមប្រឹក្សា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មានប្រធាន ក្រុមប្រឹក្សា និងសមាជិករបស់ក្រុមប្រឹក្សា ទៅតាមការកំណត់របស់អនុក្រឹត្យនេះ ។
លោកសោម សូរីដាថ្លែងថា៖« សម្រាប់អាណត្តិរបស់ក្រុមប្រឹក្សានេះ នឹងចាប់គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ហើយនៅពេលដល់ឆ្នាំនេះ នឹងមានការបោះឆ្នោតម្តងទៀត។ ដូច្នេះ អាណត្តិរបស់ក្រុមប្រឹក្សាក្រុងស្រុកថ្មីនេះ ក៏នឹងត្រូវបានបញ្ចប់ដូចក្រុមប្រឹក្សាចាស់ផងដែរ» ។
ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងស្រុកថ្មីនេះ គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ អាចដាក់បេក្ខជនរបស់ខ្លួនឈរឈ្មោះ ចូលរួមប្រកួតប្រជែង ដើម្បីទទួលបានមុខតំណែងក្នុងក្រុមប្រឹក្សាក្រុង ស្រុកផងដែរ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងថា គណបក្សលោកបានទទួលរួចហើយពីការបង្កើតក្រុងស្រុកថ្មីរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ គណបក្សក៏បាននិងកំពុងត្រៀមបេក្ខជន សម្រាប់ចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ស្រុកថ្មីនេះផងដែរ ។
លោកថា ទោះជានៅក្នុងក្រុងស្រុកថ្មីនោះ គណបក្សហ៊្វុនស៊ិនប៉ិច មិនមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងក្រុងស្រុក ដែលបង្កើតថ្មីក៏ដោយ ក៏គណបក្ស នឹងដាក់បេក្ខជន ចូលរួមប្រកួតប្រជែងដែរ ពីព្រោះនេះ គឺមានសារៈសំខាន់សម្រាប់គណបក្សក្នុងទិសដៅដាក់បេក្ខជនសម្រាប់អាណត្តិនៅពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បានចេញអនុក្រឹត្យដាច់ដោយឡែកពីគ្នា សម្រេចបង្កើតក្រុងចំនួន ២ នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ហើយបង្កើតស្រុក ១ ទៀតនៅខេត្តក្រចេះ គឺស្រុកអូរគ្រៀងសែនជ័យ ហើយក៏បានបំបែកស្រុក ឧដុង្គជា ២ នៅខេត្តកំពង់ស្ពឺ៕