កណ្តាល/កំពតៈ លោកនាយករដ្ឋមន្ត្ រីហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបើកការដ្ឋានសាងសង់លើកកម្រិត គុណភាពផ្លូវជាតិលេខ ៤១ ប្រវែង ជាង ៩៥ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ៦៧ លានដុល្លារអាមេរិក តភ្ជាប់ពីផ្លូវជាតិលេខ ៤ ខេត្តកណ្តាល ទៅដល់ផ្លូវជាតិលេខ ៣ ខេត្តកំពត។
ថ្លែងក្នុងពិធីបើកការដ្ឋាន នាថ្ងៃទី ២៦ ខែធ្នូ លោកហ៊ុន សែន ក៏បានសុំការអធ្យាស្រ័យពីសំណាក់ ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ដោយសារការសាងសង់ ពិតជារំខានទៅដល់ប្រជាពលរដ្ឋ ក្នុងមួយរយៈកាល។ ប៉ុន្តែបន្ទាប់ពីការសាងសង់រួចហើយ ផ្លូវនេះនឹង ផ្តល់ផលប្រយោជន៍ធំធេងណាស់ សម្រាប់ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ឬក៏អ្នកធ្វើដំណើរ នឹងទទួលផលប្រយោជន៍ពីផ្លូវនេះ។
លោកថ្លែងថា៖ «ធ្វើផ្លូវពិតជាផ្តល់ប្រយោជន៍ធំណាស់សម្រាប់យើង។ ដូច្នេះហើយបានជាយើងសុខចិត្តចំណាយទុន។ កាលពីមុននេះ យើងចាយអស់ ៤៦ លានជាង [ជាង ៤៦ លានដុល្លារអាមេរិក]។ ប៉ុន្តែឥឡូវនេះ យើងត្រូវចាយអស់ ៦៧ លានដែលគ្រោងជាមួយនឹងការចំណាយសម្រាប់ការសាងសង់ផ្លូវ ១ ខ្សែនេះ។ សមិទ្ធផលទាំងអស់នេះមិនបានធ្លាក់ពីលើមេឃទេ ក៏ប៉ុន្តែ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើង»។
លោកបន្តថា ប្រទេសចិន បានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទងជាមួយ នឹងផ្លូវ ស្ពាន ដែលបានធ្វើរយៈពេលកន្លងទៅ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវនៅកម្ពុជាបានចំនួន ៣០ ខ្សែដែលមានប្រវែងជាង ៣ ០០០ គីឡូម៉ែត្រ ដោយចំណាយថវិកា អស់ជិត ២ ០០០ លានដុល្លារអាមេរិក។ ផ្លូវដែលកំពុងសាងសង់មានចំនួន ៣ ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជាង ៥០០ លានដុល្លារអាមេរិក។ ចំណែកស្ពានធំៗ មានចំនួន ៩ ដែលបានកសាងរួច។
លោក ហ៊ុន សែន បានថ្លែងថា៖ «ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិនបានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីការផ្តល់ជំនួយឥតសំណង ក៏នៅបានផ្តល់នូវឥណទានសម្បទាន សម្រាប់ការអភិវឌ្ឍកម្ពុជា»។
លោកបន្ថែមថា៖ «រឿងនេះគេអាចមើលឃើញជាក់ស្តែងនៅតាមសមិទ្ធផលទាំងអស់ ដែលប្រជាពលរដ្ឋរបស់យើង បាននិងកំពុងធ្វើដំណើរលើផ្លូវ លើស្ពាន បាននិងកំពុងចូលរៀនក្នុងសាលារៀន បាននិងកំពុងចូលសម្រាកនៅតាមមន្ទីរពេទ្យ បាននិងកំពុងទទួលទឹកសម្រាប់ការដាក់ស្រែ។ ខ្ញុំអម្បាញ់មិញ ខ្ញុំគ្រាន់តែនិយាយពីរឿងផ្លូវទេ យើង អត់ទាន់និយាយពីប្រព័ន្ធធារាសាស្ត្រធំៗដែលមានចរិតខ្នាតធំសម្រាប់បណ្ដាខេត្តនានា ហើយ និងទាក់ទងនឹងវិស័យដទៃទៀតដែលមិត្តចិនបានជួយ»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីនេះថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ នេះ មានប្រវែងជាង ៩៥ គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ ៣ ខេត្តកំពត។
បើតាមលោករដ្ឋមន្ត្រីស៊ុនចាន់ថុល គម្រោងផ្លូវនេះនឹងប្រើពេលសាងសង់ចំនួន ៤០ ខែ ស្មើនឹងរយៈពេលជាង ៣ ឆ្នាំ ដោយគ្រោងនឹងបញ្ចប់ នៅអំឡុងឆ្នាំ ២០២៦ និងគ្រោងចំណាយថវិកាសរុប ប្រមាណ ៦៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទាន បានមកពីរដ្ឋាភិបាលចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ ដែលទើបសាងសង់រួច។ ផ្លូវនេះថែមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិ ៣៣។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផលដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។
លោក ស៊ុន ចាន់ថុល បានឱ្យដឹង ទៀតថា ផ្លូវជាតិលេខ ៤១ នេះ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍ តំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ។ ខ្សែផ្លូវនេះ ក៏នឹងជួយសម្រួលនិងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ បាន ១ កម្រិតបន្ថែមទៀតផងដែរ។
លោក វ៉ាង វិនធៀន ថ្លែងក្នុងពិធីនេះថា ជោគវាសនារួមគ្នា រវាងចិន និងកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីការពារផលប្រយោជន៍ស្នូល។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «រាជរដ្ឋាភិបាល ដែលកាន់អំណាច ដោយគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយផ្តល់ការគាំទ្រយ៉ាងពេញទំហឹង»។
លោកបានថ្លែងថា ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ស្នូលរបស់ចិនភាគីចិនបន្តប្រកាន់ខ្ជាប់នូវការគោរពឯករាជភាពអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើស នៃមាគ៌ាអភិវឌ្ឍន៍ របស់កម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិ របស់កម្ពុជា។ ភាគីចិនគាំទ្រដោយម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រយ៉ាងពេញទំហឹង នូវតួនាទីរបស់កម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិ៕