
សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្ដោយផ្លូវមុន្នីវង្ស ក្នុងខណ្ឌ ៧ មករា កាលពីខែមេសា ឆ្នាំ ២០២២។ ហេង ជីវ័ន
កណ្តាលៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេល ១ ឆ្នាំនោះទេ។
លោកស ខេងបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត ១ និងកម្រិត ២ ជំនាន់ទី ២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។
លោកថ្លែងថា៖ «ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះនឹងមានការបន្ថែមចំណុច ១ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តរកសារធាតុញៀន ហើយត្រង់ថា យើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយធ្វើតេស្តនៅទីណា ឬកន្លែងណានោះ ក៏នឹងកំណត់នៅពេលក្រោយ»។
ប៉ុន្តែជាគោលការណ៍ គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកបរយានយន្តទាំងអស់ តាំងពីអ្នកបើកបរម៉ូតូ ម៉ូតូកង់៣ ឬកង់៤ក៏ត្រូវតែធ្វើដូចគ្នាដែរ។ ជាមួយគ្នានេះលោកស ខេងក៏បានពន្យល់ពីការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍នេះបាននិងកំពុងធ្វើឱ្យមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជា៕
វីដេអូ៖