ភ្នំពេញៈ រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១ លានកម្រិត ដល់កម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យកសិកម្ម ខណៈជំងឺឆ្លងសត្វ ត្រូវបានចាត់ទុកជាឧបសគ្គ ១ ចម្បងដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា។
កម្មវិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១ លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នាទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វ៉ាក់សាំងសត្វ ១ លានកម្រិតដែលកម្ពុជាទទួលបាននេះ គឺរួមមានវ៉ាក់សាំងដុំពកស្បែកគោក្របីចំនួន ៥០ ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន ៥០ ម៉ឺនកម្រិត ខណៈវ៉ាក់សាំងនេះត្រូវបានអះអាងថា នឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ដែលបាននិងកំពុងកើតមានជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងឱកាសនោះថា ការផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១ លានកម្រិត គឺជាការចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។ លោក បានបន្តថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ខណៈការចិញ្ចឹមសត្វ គឺត្រូវពឹងផ្អែកជាសំខាន់លើកត្តាពូជ ចំណី ការគ្រប់គ្រងសុខភាព និងការជំរុញទីផ្សារ។
លោក បានបញ្ជាក់ថា៖ «កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែងជំរុញឱ្យវិស័យនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែយើងនៅតែជួបនូវបញ្ហាលំបាកមួយចំនួន ហើយមន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ»។
លោក ឌិត ទីណា បានថ្លែងដោយចាត់ទុកថា ជំងឺឆ្លងសត្វ គឺជាឧបសគ្គ ១ ជាចម្បងដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ខណៈការផ្ទុះ និងការឆ្លងរាលដាលជំងឺឆ្លងទាំងនេះ ធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ច។
លោក បានបញ្ជាក់បន្តថា៖ «កម្ពុជាកន្លងមកបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសាទឹកគោ-ក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្តាសាយបក្សី ជំងឺប៉េស្តជ្រូកអ្រាហ្វិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែក លើគោ-ក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ ជាពិសេសកសិករនៅជនបទ»។
លោក ឌិត ទីណា ថ្លែងថា កន្លងមកសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រវិស័យចិញ្ចឹមសត្វកម្ពុជា តាមរយៈការលើកកម្ពស់ការចិញ្ចឹមសត្វ និងតាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះមានកម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។
លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន មានកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យសំខាន់ៗ នៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។ លោក បានថ្លែងបន្តថា ការប្រគល់វ៉ាក់សាំងចំនួន ១ លានកម្រិតនេះដល់កម្ពុជា នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ខណៈរដ្ឋាភិបាលចិន មានគម្រោងជាច្រើនដើម្បីជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
លោកWang Wentian បានបញ្ជាក់ថា៖ «យើងជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ និងការជំរុញដោយផ្ទាល់របស់ថ្នាក់ដឹកនាំប្រទេសទាំង ២ ចិន និងកម្ពុជា និងការជំរុញយ៉ាងសកម្មរបស់ក្រសួងកសិកម្មនៃប្រទេសទាំង ២។ ភាពទម្លុះថ្មីនៃកសិកម្មចិន និងកម្ពុជា នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង ២ ឡើងដល់កម្រិតថ្មី ១ ទៀត»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀងចំនួន ២ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុ បន្ថែមចំណីសត្វ និងការផ្តល់ជំនួយវ៉ាក់សាំងសត្វស្របពេលដែលគម្រោងអាស៊ាន-ចិន គ្រោងនឹងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផងដែរ៕