កំពតៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ ស្របពេលដែលកម្ពុជាកំពុងបន្តបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ។
នៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅក្នុងខេត្តកំពត ស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ដែលមានអ្នកចូលរួមជាង ២០០ នាក់ កាលពីថ្ងៃទី ២៦ ខែធ្នូ លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនេះ បានធ្វើឱ្យមានភ្ញៀវទេសចរចេញទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាឡើងវិញពីសំណាក់ទេសចរក្នុងស្រុក និងអន្តរជាតិ។
ជាមួយនឹងការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ លោកថា ក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក។
លោកបានថ្លែងថា៖ «ក្រសួងទេសចរណ៍ បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញជាដើម សំដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាពផងដែរ»។
ជាមួយគ្នានេះ លោក Wang Zhiquan ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ បានលើកឡើងដែរថា តាមរយៈសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គឡាងឆាងនេះ គឺបានរៀបចំឡើងស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។
លើសពីនេះទៀតលោកថា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់ ពិសេសជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដើម្បីងាយស្រួលនៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។
ក្រសួងទេសចរណ៍បានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍។
ជាក់ស្តែង បើគិតចាប់ពីខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ខែធ្នូ ឆ្នាំ ២០២២ នេះ សិក្ខាកាមសរុបដែលបានសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធខាងលើនេះ មានប្រមាណ ៦៩ ៥៩៥ នាក់។
បើតាមក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាមានចំនួន ៩៩៨ ២៧២ នាក់ កើនឡើង ៧២០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ និងថយចុះ ៧៧% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
ដោយឡែក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន ១១៣,៨ ភាគរយ ដែលចំនួននេះ ក្រសួងទេសចរណ៍រំពឹងថា អាចជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា នាឆ្នាំ ២០២៣ ខាងមុខ។
យ៉ាងណាមិញតាមរយៈសិក្ខាសាលានេះក្រសួងទេសចរណ៍ និងស្ថានទូតចិននៅកម្ពុជាក៏បានបង្ហាញក្តីរំពឹងថា សិក្ខាសាលានេះ មិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅគោលដៅទេសចរណ៍ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការជំរុញ និងបង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ទៀតផង៕