កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺនៅតែប្រឈមនឹងជំងឺគ្រុនចាញ់ ព្រោះប្រជាពលរដ្ឋមិនអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយពួកគេបានបោះបង់ការព្យាបាល ឬប្រើប្រាស់ថ្នាំព្យាបាលមិនទៀងទាត់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលលើកឡើងក្នុងកម្មវិធីថ្នាក់ខេត្តមួយ កាលពីថ្ងៃទី ២៧ ខែធ្នូ។
លោកស្រីឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ លើកឡើងថា កន្លងមកកិច្ចសហការពីមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត បានធ្វើឱ្យជំងឺគ្រុនចាញ់ ក្នុងខេត្តនេះ លុបបំបាត់ស្ទើរតែក្បែរសូន្យ ប៉ុន្តែទំនងជាពិបាកបំបាត់ជំងឺនេះឱ្យអស់១០០%បានណាស់។
លោកស្រីបញ្ជាក់ថា៖«ការណ៍ដែលមិនអាចលុបបំបាត់ជំងឺគ្រុនចាញ់ក្បែរសូន្យទាំងស្រុងនេះ គឺដោយសារតែប្រជាពលរដ្ឋ បានបោះបង់ការព្យាបាល និងមួយទៀតអ្នកដែលធ្លាប់បានកើតជំងឺគ្រុនចាញ់ហើយច្រើនតែមានអាការរើឡើងវិញ ពីព្រោះអ្នកធ្លាប់កើតជំងឺទាំងនោះ គឺមិនបានធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយប្រើប្រាស់ថ្នាំព្យាបាលមិនទៀងទាត់»។
លោកស្រីបានបន្តថា៖«ដោយសារប្រជាពលរដ្ឋ ជីវភាពរបស់ពួកគាត់ចេញចូលប្រកបរបររកអនុផលព្រៃឈើក្នុងព្រៃរហូត ពីព្រោះវដ្តនៃជីវិតសត្វមូសនៅពេលមានទឹកភ្លៀង គឺចាប់ផ្ដើមកកើតទៀត»។
ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា មានជំនួយជាច្រើនបានគាំទ្រ ក្នុងការដោះស្រាយបញ្ហានេះ ដូច្នេះប្រជាពលរដ្ឋ នឹងទទួលបានការបង្កើនព្យាបាលផ្តាច់ឱ្យបាន១០០ភាគរយ ពីមន្ត្រីសុខាភិបាល(មណ្ឌលសុខភាព) អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញឱ្យមានការចូលរួមរបស់ប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអ្នកដែលចូលព្រៃប្រកបរបររកអនុផលព្រៃឈើ និងអ្នកត្រូវទទួលការព្យាបាលផ្តាច់។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ហុក គ្រី បានថ្លែងថា ក្នុងខេត្តកំពង់ស្ពឺ នៅតែប្រឈមនឹងបញ្ហាជំងឺគ្រុនចាញ់ ដោយពិបាកក្នុងការលុបបំបាត់ឱ្យអស់១០០ភាគរយ ដោយសារប្រជាពលរដ្ឋចូលព្រៃប្រកបរបររកអនុផលព្រៃឈើ មិនអនុវត្តវិធានការណែនាំរបស់ពេទ្យឱ្យបានត្រឹមត្រូវ និងមិនទទួលការព្យាបាលផ្តាច់។
លោកហុក គ្រី បញ្ជាក់ថា៖«បច្ចុប្បន្ន ប្រជាពលរដ្ឋនៅតាមភូមិនៃស្រុកឆ្ងាយៗ នៅតែប្រើទម្លាប់ចូលព្រៃ ដើម្បីរកអនុផលព្រៃឈើមកលក់ដោះដូរជីវភាព។ ការចូលព្រៃរបស់ពួកគាត់ត្រូវស្នាក់នៅក្នុងរយៈពេលវែងនៅក្នុងព្រៃនោះ ពួកគាត់មិនសូវបានអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តភូមិនោះទេ ដោយដេកមិនមានមុងសុវត្ថិភាព ឬក៏ប្រើថ្នាំការពារមុនចូលព្រៃ។ ប្រការនេះធ្វើឱ្យពួកគាត់ងាយប្រឈមនឹងកើតជំងឺគ្រុនចាញ់»។
លោកបន្តថា មិនតែប៉ុណ្ណោះ ក្រោយការព្យាបាល ក៏មិនព្យាយាមព្យាបាលឱ្យដាច់ដែរ ដែលងាយធ្វើឱ្យជំងឺលាប់ឡើងវិញ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
លោកថ្លែងថា៖«មានករណីគ្រុនចាញ់១ប្រភេទ គឺ ជំងឺគ្រុនចាញ់ប្រភេទម៉ាឡាយ៉េ ដែលស្ថិតនៅតំបន់ព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់(ភូមិត្រពាំងក្រើន ស្រុកថ្ពង) គឺមិនអាចប្រើប្រាស់តេស្តរហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យបានទេ ដែលទាមទារឱ្យអ្នកជំងឺត្រូវប្រើពេលដើម្បី[ធ្វើរោគ]វិនិច្ឆ័យឱ្យឃើញ និងព្យាបាល»។
របាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ខេត្តកំពង់ស្ពឺ មានករណីគ្រុនចាញ់ ៨០៨ករណី ក្នុងនោះករណីរកឃើញ គ្រុនចាញ់ប្រភេទម៉ាឡាយ៉េ មាន៤ករណី។ ករណីគ្រុនចាញ់នេះមិនធ្លាប់ត្រូវបានរកឃើញនៅខេត្តកំពង់ស្ពឺកន្លងមកទេ។ មណ្ឌលសុខភាពចំនួន៦ ដែលមានករណីគ្រុនចាញ់ច្រើនបំផុត គឺ មណ្ឌលសុខភាពឱរ៉ាល់ មណ្ឌលសុខភាពត្រពាំងជោរ មណ្ឌលសុខភាពចំបក់ មណ្ឌលសុខភាពតាំងសំរោង មណ្ឌលសុខភាពអមលាំង និងមណ្ឌលសុខភាពមនោរុងរឿង៕