ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ២៤ ឆ្នាំ (២៩ ធ្នូ ១៩៩៨-២០២២) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ ដោយលោកអះអាងថា នយោបាយនេះបាននាំមកនូវការធានាដល់ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសនិ្តភាពនៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្រោមនយោបាយឈ្នះឈ្នះ នេះកម្ពុជារកបាននូវសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រនិងជាការបិទបញ្ចប់ «សង្គ្រាមហែកហួរ» និងការបែកបាក់ជាតិ ដែលបានកើតមានឡើងតាមរយៈនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន ដែលជាស្ថាបនិក។
ហ្វេសប៊ុកលោកហ៊ុន សែន បញ្ជាក់នាថ្ងៃទី ២៩ ធ្នូ ថា៖«នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវ ការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព»។
ក្រសួងការពារជាតិបានរៀបចំប្រារព្ធខួបលើកទី ២៤ នៃ «ទិវានយោបាយឈ្នះ ឈ្នះ» រយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៩-៣១ ខែធ្នូ ដើម្បីរំឭកដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាមទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញដោយនយោបាយឈ្នះ ឈ្នះនេះ។ ពិធីនេះក៏មានគោលបំណងបង្កើនស្មារតីស្រលាញ់សន្តិភាព និងបណ្ដុះឆន្ទៈដល់សាធារណជនចូលរួមក្នុងការការពារ ថែរក្សាសន្តិភាពជានិរន្តរ៍នៅកម្ពុជា។ លោក ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាអធិបតីភាពក្នុងពិធីនេះ ដោយមានការរៀបចំតាំងពិព័រណ៍ស្តីពីសមិទ្ធផលនយោបាយឈ្នះឈ្នះរបស់បណ្តាកងឯកភាពទ័ព និងអង្គភាពពាក់ព័ន្ធ។
លោក ទៀ បាញ់ ថ្លែងថា នៅក្នុងរយៈពេល ២៤ ឆ្នាំកន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន សែន បានពុះពារគ្រប់ឧបសគ្គ ធ្វើដំណើរទៅមុខជានិច្ចនៅលើ «មាគ៌ាដ៏ត្រឹមត្រូវ ភាពអង់អាច និងបត់បែនតាមការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាក្រោយការបោះឆ្នោតដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) នៅឆ្នាំ ១៩៩៣ ដ្បិតតែ មានការរៀបចំបោះឆ្នោតបង្កើតរដ្ឋាភិបាលលើកទី១ បានយ៉ាងណាក៏ដោយក៏ប៉ុន្តែសង្គ្រាមផ្ទៃក្នុងនៅតែមិនទាន់ផុតរលត់នោះទេ។ នៅពេលនោះ កម្ពុជាប្រជាធិបតេយ្យ គឺនៅមានជីវិតរស់រាននៅឡើយ ដោយបន្តរស់នៅក្រៅច្បាប់នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «មានន័យថា ប្រទេសមួយមានរដ្ឋាភិបាល ២ រដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលនៅក្នុងព្រៃដែលដឹកនាំដោយកម្ពុជាប្រជាធិបតេយ្យហ្នឹង អ៊ីចឹងបន្តតស៊ូប្រយុទ្ធប្រឆាំងគ្នារហូតទៅដល់ឆ្នាំ ១៩៩៨ គឺថ្ងៃ ២៩ ធ្នូ ១៩៩៨ នេះទើបកម្ពុជា ទទួលបានឯកភាពទឹកដីទាំងស្រុង។ អ៊ីចឹងយើងឃើញថា ការដែលប្រទេសមួយគ្រប់គ្រងដោយរដ្ឋាភិបាលលើសពី ១ នេះធ្វើឱ្យយើងជួបនូវវិបត្តិនយោបាយសង្គ្រាមស៊ីវិលហែកហួរគ្នា បំផ្លិចបំផ្លាញធនធានធម្មជាតិ បំផ្លិចបំផ្លាញរចនាសង្គមអីផ្សេងៗ។ អ៊ីចឹងនេះជាបញ្ហាមួយដែលយើងបានជួបប្រទះកាលពី ២៤ ឆ្នាំមុន»។
លោកបន្តថា តាមនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននេះដឹកនាំដោយលោកហ៊ុនសែនគឺបានដាក់ចេញនូវវិធានការអភិក្រមសំខាន់ៗ ដូចជានយោបាយគាំពារអ្នកដែលត្រូវសមាហរណកម្មជាមួយគ្នាជាដើម ដែលធ្វើឱ្យមានការឯកភាពទឹកដីទាំងស្រុងគឺសមរភូមិចុងក្រោយដែលរឹងមាំជាងគេគឺគ្រប់គ្រងដោយតាម៉ុកអតីតមេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែងខេត្តឧត្តរមានជ័យ។
លោកយង់ ពៅ ថ្លែងថា៖ «អ៊ីចឹង នៅពេលដែលកម្ពុជាទទួលបានឯកភាពទឹកដីពេញលេញនោះបានសន្តិភាពមានទូទាំងព្រះរាជាណាចក្រកម្ពុជាលែងមានស្នូរកាំភ្លើងតតាំងគ្នារវាងភាគីភ្នំពេញនិងភាគីនៅក្នុងព្រៃទៀតហើយ។ អ៊ីចឹងហើយយើងបានសន្តិភាពពេញលេញចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះ»។
មជ្ឈមណ្ឌលឯកសារកម្ពុជា(DCCam) បានឱ្យដឹងថា របបខ្មែរក្រហម បានប្រព្រឹត្តការបំពារបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសតវត្សរ៍ទី ២០ ដែលបណ្តាលឱ្យប្រជាជនកម្ពុជាប្រមាណជាង ២ លាននាក់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏សោកសង្រេងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កម្ពុជាបានទទួលរងទុក្ខទោម្នេញពីរបបនេះដោយផ្ទាល់ ក៏ប៉ុន្តែ កម្ពុជា បានស្វះស្វែងស្តារប្រទេសរបស់ខ្លួនពីបាតដៃទទេ រហូតមានថ្ងៃនេះ។
DCCam បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៩ ខែធ្នូថា៖ «កម្ពុជានឹងបន្តអភិវឌ្ឍខ្លួនឱ្យប្រសើរឡើងពី ១ ថ្ងៃទៅ១ថ្ងៃ ដើម្បីមនុស្សជំនាន់ក្រោយនិងជាផ្នែកមួយនៃពិភពលោកដ៏ត្រចះត្រចង់។ DCCam មានមោទនភាពក្នុងការចងក្រងឯកសារអំពីប្រវត្តិសាស្ត្រដ៏លំបាកលំបិននេះដើម្បីបុព្វហេតុយុត្តិធម៌ ការចងចាំ និងការផ្សះផ្សា សម្រាប់ប្រជាជាតិរបស់ខ្លួន និងពិភពលោក»៕