ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លន់ សុផាត អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី ​២៩ ​ខែធ្នូ បាន​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​ ២៤ ​ឆ្នាំ (២៩​ធ្នូ ១៩៩៨-២៩​ធ្នូ ២០២២) នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​លោកនាយក​រដ្ឋមន្ត្រី​។​

​ពិធី​នេះ ក៏មាន​ការរៀបចំ​ស្តង់​តាំង​ពិ​ព័រ​ណ៌ បង្ហាញ​ពី​សមិទ្ធផល​នានា នៅតាម​បណ្តា​អង្គភាព​នានា​ចំណុះឱ្យ​ក្រសួងការពារជាតិ ព្រមទាំង​មានការ​បាញ់​កាំជ្រួច ដើម្បី​បង្ហាញ​ពី​ការអបអរសាទរ នៃ​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។​

​លោក ទៀ បាញ់ បាន​មានប្រសាសន៍​លើកឡើង​នៅក្នុង​ពិធី​នេះ​ថា នៅក្នុង​រយៈពេល​២៤​ឆ្នាំ​កន្លងទៅនេះ ទោះបី​ត្រូវ​ប្រឈម​នឹង​ភាពបត់បែន និង​ការប្រែប្រួល​យ៉ាង​ស្មុគស្មាញ​បំផុត​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងណាក្តី «​ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ពុះពារ​គ្រប់​ឧបសគ្គ ធ្វើដំណើរ​ទៅមុខ​ជានិច្ច​នៅលើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ភាព​អង់អាច និង​បត់បែន​តាម​ការវិវត្ត​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​គ្រប់​វិស័យ បង្កើតបាន​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ មាតុភូមិ​»៕