កណ្តាលៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាពលរដ្ឋដែលតែងតែនិយមធ្វើត្រីប្រហុក ឬផ្អក ឱ្យរួសរាន់ទៅធ្វើចាប់ពីថ្ងៃទី ២៩ ខែធ្នូ តទៅ ស្របពេលដែលការប្រមូលផលនេសាទអំឡុងចុងខែនេះ និងដើមខែមករា ទទួលបានទិន្នផលច្រើន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលចុះថ្ងៃទី ២៨ ខែធ្នូ បានជម្រាបជូនសាធារណជនថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ រដូវធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រីនឹងចាប់ផ្តើមសម្បូរច្រើនចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងបានឱ្យដឹងថា៖ «តាមការសង្កេតត្រីចាប់ផ្ដើមបំផ្លាស់ទីចេញពីបឹងទន្លេសាប បឹងស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងករណីមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង»។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោកហេង សុភារិទ្ធ បានប្រាប់ថា សម្រាប់ត្រីឆ្នាំនេះមានលក្ខណៈល្អប្រសើរមានការកើនឡើងបើប្រៀបធៀបទៅនឹងរដូវធ្វើប្រហុកឆ្នាំមុន។
លោកថ្លែងថា៖ «កាលពីខ្នើតមុននេះ អាកាសធាតុមិនសូវល្អ មានភ្លៀងធ្លាក់ទើបត្រីមិនសូវសម្បូរ ប៉ុន្តែតាមការសង្កេតខ្នើតក្រោយពោលគឺពីថ្ងៃទី ២៩ ធ្នូតទៅ ត្រីនឹងសម្បូរវិញដោយសារមេឃស្រឡះ ហើយត្រីឆ្នាំនេះល្អប្រសើរជាងឆ្នាំកន្លងទៅជាពិសេសត្រីសម្បូរនៅស្រុកពញាឮ»។
លោកបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យមានត្រីសម្បូរនេះ ក៏គួបផ្សំនឹងវិធានការរបស់រដ្ឋបាលជលផលខេត្តកណ្តាលកន្លងមកផងដែរ ដែលបានសហការជាមួយអាជ្ញាធរស្រុកពញាឮ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទជាក់ស្តែង តាមដងទន្លេសាប ដូចជា ឧបករណ៍ឆក់ត្រី និងឧបករណ៍នេសាទស្បៃមុង ដែលមកធ្វើការនេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុឱ្យត្រីផុតពូជ។
លោកថា៖ «យើងនឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្ក្រាបបទល្មើស ជលផលក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសចាត់វិធានការទៅលើឡូត៍ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ឆជាតិរបស់យើងឱ្យមានការកើនឡើង»។
អ្នកស្រីសុខ ធីតា អាយុ ៤០ ឆ្នាំ រស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលតែងតែធ្វើប្រហុកទុកហូបជាលក្ខណៈគ្រួសារ បានថ្លែងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះអ្នកស្រីនឹងទៅទិញត្រីសម្រាប់ធ្វើប្រហុក។
អ្នកស្រីថា៖ «ជារៀងរាល់ឆ្នាំខ្ញុំធ្វើប្រហុកពី ៣០ ទៅ ៥០ គីឡូប៉ុណ្ណោះ សម្រាប់ទុកហូបក្នុងគ្រួសារ ហើយពេលខ្លះនៅពេលអ្នកភូមិគាត់ចង់ទិញក៏លក់ខ្លះទៅ តែមិនចំណេញច្រើនទេព្រោះខ្ញុំទិញមកពេលខ្លះត្រីធ្វើប្រហុកតម្លៃពី ២ ០០០ រៀលទៅ ៤ ០០០ រៀលក្នុង ១ គីឡូក្រាម ប៉ុន្តែឆ្នាំនេះមិនទាន់ដឹងថា គេលក់តម្លៃប៉ុន្មានទេ»។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលជលផល បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ សូមបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋឱ្យបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ៕