ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ២០២១-២០២៥ នៅក្នុង​ខេត្តបាត់ដំបង សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​ជាពិសេស​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ខេត្ត​នេះ​។​

​បើ​យោងតាម​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ២០២១-២០២៥​ ​ខេត្តបាត់ដំបង បានលើកឡើង​និង​កំណត់​ចក្ខុវិស័យ គោលបំណង គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ច្បាស់លាស់ និង​ផែនការ​សកម្មភាព​លម្អិត ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ប្រសិទ្ធភាព និង​មាន​ទំនួល​ខុសត្រូវ​។ ផែនការអភិវឌ្ឍន៍​ទេសចរណ៍ បច្ចុប្បន្ន​កម្មនេះ ធ្វើឡើង​ស្របតាម​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ និង​ស្របតាម​គោលការណ៍​របស់​មន្ទីរ​ទេសចរណ៍​ជា​អាទិភាព សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ស្របតាម​និន្នាការ​បច្ចុប្បន្ន​។

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ផែនការ​នេះ បានបង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ខេត្តបាត់ដំបង ដ៏​សម្បូរបែប និង​មាន​លក្ខណពិសេស​ដោយមាន​លក្ខណៈ​អំណោយផល និង​ល្អ​វិសេសវិសាល ប្រភពធនធាន​ដែលមាន​លក្ខណៈ​ល្អ​ប្លែក ជាពិសេស​ប្រាសាទ​បូរាណ​វត្ត​អារាម សំណង់​ស្ថាបត្យកម្ម ឡូរី​ជើងភ្នំ​បាណន់ ជីវចម្រុះ​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ព្រមទាំង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៃ​តំបន់​សក្តានុពល​ក្នុងស្រុក​សំឡូត សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។

​ជាមួយគ្នានេះ​លោក អំពាវនាវ ដល់​អ្នកវិនិយោគ អង្គការក្រៅរដ្ឋាភិបាល ផ្នែក​សាធារណៈ វិស័យ​ឯកជន​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ប្រើប្រាស់​ជា​ត្រីវិស័យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចសង្គម ធនធានមនុស្ស ការពង្រឹង​គុណភាព​ផលិតផល និង​សេវា​ទេសចរណ៍​»​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា មានប្រសាសន៍ថា ផែនការ​នេះ​នឹង​ក្លាយជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តបាត់ដំបង​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។

​លោក​បាន​មានប្រសាសន៍ថា​៖«​ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ២០២១-២០២៥ ខេត្តបាត់ដំបង នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​កិច្ច​អភិវឌ្ឍ​ផលិតផល និង​សម្បទា​ទេសចរណ៍ ការពង្រឹង​គុណភាព និង​សេវាកម្ម​ទេសចរណ៍ ការអភិវឌ្ឍ​ធនធានមនុស្ស ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្ប​ធ៌​ម ការការពារ​ធនធាន​ធម្មជាតិ និង​ការជំរុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព​»​។

​យោងតាម​ការសិក្សា​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​មកកាន់​ខេត្តបាត់ដំបង​ស្នាក់នៅ​ជា​មធ្យម​ចំនួន​២​យប់ ៣​ថ្ងៃ​ដោយ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ស្នាក់នៅ​ម្ហូបអាហារ ភេសជ្ជៈ មគ្គុទ្ទេសក៍​ទេសចរណ៍ សេវា​កម្សាន្ត សេវា​ទស្សនា និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​។ ក្នុងនោះ ភ្ញៀវ​ជាតិ​ម្នាក់​ចំណាយ​ជា​មធ្យម ៥០​ដុល្លារ​អាមេរិក និង​ភ្ញៀវ​អន្តរជាតិ​ម្នាក់​ចំណាយ​ជា​មធ្យម ១១០​ដុល្លារ​អាមេរិក​។

​ក្នុង​ឆ្នាំ​២០២០ ទេសចរ​ជាតិ​បានមក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​ចំនួន ៤៧០ ៨៧២ នាក់ ដែល​អាច​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ខេត្ត បាន​ប្រមាណ​ជាង ២៣ លាន​ដុល្លារ​អាមេរិក រីឯ​ទេសចរ​អន្តរជាតិ​ចំនួន​៣៣ ៨៨៧ នាក់ ដែល​អាច​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​ជាង ៣,៧ លាន​ដុល្លារ​អាមេរិក​។

​សរុប​រួម ចំណូល​បាន​ពី​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តបាត់ដំបង​ឆ្នាំ​២០២០​មាន​ប្រមាណ​ជាង​២៧​លាន​ដុល្លារ​៕