ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ភូ លិ អភិបាលរងខេត្តកែប បន្ទាប់ពីរងការចោទថាបានប្រើអំពើហិង្សា និងព្យាយាមបៀតបៀនលើស្ត្រី ២ រូប។
អនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្តកែប»។
ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
លោក ភូ លិ និងស្ត្រីជនរងគ្រោះមិនទាន់អាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែធ្នូនេះ។
ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ហេតុការណ៍ហិង្សានោះបានកើតឡើងនៅវេលាម៉ោង ៧និង ៣០នាទីយប់ថ្ងៃទី ២៩ ខែធ្នូ នៅក្នុងពិធីជប់លៀងមួយ ដែលគ្រានោះលោក ភូ លិ បានព្យាយាមបៀតបៀនលើស្ត្រី២រូប ប៉ុន្តែត្រូវបានស្ត្រីទាំងនោះបដិសេធ។
ប្រភពដដែលបន្តថា មួយសន្ទុះក្រោយមក ស្រី្តរងគ្រោះទាំងនោះបានដើរចេញ ប៉ុន្តែត្រូវបានអភិបាលរងរូបនេះ យកកែវស្រាគប់លើជនរងគ្រោះ បែកក្បាល ដេរប្រមាណ ១៦ថ្នេរ ។
គួររំឭកថា លោក ភូ លិ ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែងជាអភិបាលរងខេត្តកែប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០៕