បន្ទាយ​មាន​ជ័​យៈ មនុស្ស​ចំនួន​ ២៦ ​នាក់​បាន​ស្លាប់ និង​ ៥៧​ នាក់​បាន​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ Grand Diamond City និង កាស៊ីណូ Poipet Resort នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​ ២៨ ខែធ្នូ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​។

​អាជ្ញាធរ​បាន​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​សាក​សព​អ្នកស្លាប់ និង​អ្នក​ជាប់គាំង​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​កាស៊ីណូ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ​។

​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​យប់​ថ្ងៃទី​៣០ ខែធ្នូ ថា​៖ «​ក្រោយពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​៣៩​ម៉ោង នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ អាជ្ញាធរ​បានបង្ហាញ​ល​ទ្ធ​ផល​ផ្លូវការ​សោកនាដកម្ម​នៃ​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ Grand Diamond City និង កាស៊ីណូ Poipet Resort មាន​មនុស្ស​ស្លាប់​២៦​នាក់ ស្រី​១៣​នាក់ មិនដឹង​ភេទ​១​នាក់ (​ព្រោះ​សព​ឆេះ​សល់​តែ​ឆ្អឹង​) របួសធ្ងន់​ស្រាល​៥៧​នាក់​»​។​

​ប្រភព​ដដែល​បន្តថា លោក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជំនាញ​ពាក់ព័ន្ធ​បានប្រកាស​លទ្ធផល​ផ្លូវការ​នៃប្រតិបត្តិ​ការអន្តរាគមន៍​ពន្លត់ និង​រុករក​អ្នកស្លាប់ អ្នករបួស អ្នក​ជាប់គាំង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​កាស៊ីណូ​ទ្រង់ទ្រាយ​ធំ​នេះ​។

​ប្រភព​ដដែល​បញ្ជាក់ទៀតថា អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​សង្គ្រោះ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជំនាញ​ពាក់ព័ន្ធ​សរុប​ចំនួន ១ ០០៩​នាក់ មកពី​១៤​អង្គភាព ក្រុម​មូលនិធិ​សង្គ្រោះ​និង​សមត្ថកិច្ច​ថៃ​២២២​នាក់ រថយន្ត​សង្គ្រោះ​និង​រថ​អគ្គិភ័យ​៥៨​គ្រឿង​។ ក្នុងចំណោម​អគារ​ចំនួន​៤ មាន​៣​អគារ​បាន​ខូចខាត​ទាំងស្រុង ខណៈ​ទំហំ​នៃ​ការខូចខាត​មិនទាន់​វាយតម្លៃ​សរុប​ជា​ទឹកប្រាក់​បាន​នៅឡើយ​។

​របាយការណ៍​បញ្ជាក់ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១:៤៥​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ដែល​ត្រូវបាន​គេ​រាយការណ៍​ជំហាន​ដំបូង​ថា ឆ្លង​ចរន្ដអគ្គិសនី ហើយ​បាន​រីក​រាលដាល​តែម្ដង​។ ទីតាំង​ដែល​ឆេះ​នេះ​មាន​២​អគារ ដោយ​ក្នុងនោះ​ឆេះ​ផ្ដើមដំបូង​ចេញពី​អគារ Grand Diamond City និង​រីក​រាលដាល​ទៅកាន់​អគារ Poipet Resort​។

​ប្រភព​ដដែល​បន្តថា ប្រតិបត្តិការ​នៅ​កន្លែងកើតហេតុ ធ្វើឡើង​ដោយ​កម្លាំង​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ៧១១ នៃ​កងពលតូច​លេខ​៧០ កម្លាំង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ដែលមាន​កម្លាំង​នគរបាល អាវុធហត្ថ និង​យោធា ព្រមទាំង​មានការ​ចូលរួម​ពី​កងកម្លាំង​សមត្ថកិច្ច​របស់​ថៃ​ផងដែរ​៕