រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការព្រមាន​ចាត់វិធានការ​លើ​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូលផ្តុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ហេតុផល​ថា ការប្រមូលផ្តុំ​នោះ​មិន​ស្របតាម​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ផ្ទុយ​ពី​សេចក្តីជូនដំណឹង​។

​ប៉ុន្តែ​ថ្នាក់ដឹកនាំ​សមាគម​នេះ អះអាងថា ការរៀបចំ​សម្ដែង​មតិ​នេះ គឺជា​សកម្មភាព​ស្របច្បាប់​។​

​ការព្រមាន​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​បាន​ដើរ​ហែរ​ក្បួន មក​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​។​

​នៅក្នុង​លិខិត​របស់​អភិបាលរង​រាជធានី​ភ្នំពេញ​លោក មាន ចាន់​យ៉ា​ដា ដែល​បាន​ជម្រាបជូន លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង លោក ឡុង រឹម សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូលផ្តុំ​នោះ​។​

​ក្នុង​លិខិត​បញ្ជាក់ថា​៖«​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​លោក​-​លោកស្រី ហើយ​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ប្រមូលផ្តុំ​ជួបជុំ​សម្តែង​មតិ ដែល​មិន​ស្របតាម​ច្បាប់ ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ក្នុងករណី​ដែល​លោក និង​លោកស្រី នៅតែ​បន្តសកម្មភាព​បែបនេះ​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។​

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆា​យ៉ា​វី បាន​លើកឡើងថា ការជួបជុំ​សម្តែង​មតិ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ​គឺជា​បេសកកម្ម​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ស្របតាម​ច្បាប់​។

​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល​លិខិត របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្តីពី​ការជូនដំណឹង អំពី​ការប្រមូលផ្ដុំ សម្តែង​មតិ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សហជីព​។ បន្ទាប់មក នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក និង​លោកស្រី មក​ប្រជុំពិភាក្សា អំពី​សំណើ​ខាងលើ ហើយ​បាន​ឯកភាពគ្នា ធ្វើការ​កែសម្រួល​កម្មវត្ថុ ឱ្យ​ស្របតាម​លក្ខន្តិកៈ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។​

​លិខិត​ដដែល​បន្តទៀតថា ក្រោយមក នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ ស្តីពី​ការជូនដំណឹង​ជាថ្មី ស្តីពី​ការប្រមូលផ្តុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក និង​លោកស្រី មក​ប្រជុំ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២​។ ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ពាក់ព័ន្ធ បាន​ពិនិត្យឃើញថា កម្មវត្ថុ​នៃ​ការសម្តែង​មតិ​នេះ មិន​ស្រប​នឹង​មាត្រា ៥២២ និង​មាត្រា​៥២៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក និង លោកស្រី ក៏បាន​ឯកភាពគ្នា ធ្វើការ​កែសម្រួល​កម្មវត្ថុ នៃ​លិខិត​ស្នើសុំ​ឱ្យស្រប​តាមច្បាប់ ដោយបាន​ចុះហត្ថលេខា លើ​កំណត់ហេតុ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២​។​

​លិខិត​នេះ​បន្តទៀតថា ស្រាប់តែ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា បានធ្វើ​បាតុកម្ម​លើ​ទ្រូងផ្លូវ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ឫស្សីកែវ ហើយ​បន្ត​ដើរ​ដោយ​ថ្មើរជើង តាម​ដងផ្លូវ ឆ្ពោះទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖«​ទង្វើ​ខាងលើនេះ ជាស​កម្ម​ភាពមិន​ស្របច្បាប់ គឺ​មិន​ស្រប​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី ដោយសារ​លោក និង​លោកស្រី មិនបាន​ជូនដំណឹង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ សាជាថ្មី​ឡើយ​។ មិន​ស្រប​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយសារ​សកម្មភាព​ខាងលើ មិនបាន​ជូនដំណឹង មក​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​»៕

​​