
អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ដែលមានទីតាំងស្ថិតក្បែរស្តុបចំការមន ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី ៣១ ខែធ្នូនេះ។ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះ
នៅថ្ងៃទី ៣១ ខែធ្នូនេះ អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ដែលមានទីតាំងស្ថិតក្បែរស្តុបចំការមន ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈមូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ។
ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីឆាបឆេះផ្ទះមួយកន្លែង ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺក្បែរស្តុបចំការមន នាវេលាម៉ោង ១១ និង ៤៥ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។
យោងព័ត៌មានបឋម របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានឱ្យដឹងថា ក្រោយពីអន្តរាគមន៍អស់រយៈពេលជាង ១ម៉ោង កងកម្លាំងអន្តរាគមន៍បានពន្លត់អគ្គិភ័យស្ទើរទាំងស្រុង គិតត្រឹមម៉ោង ១រសៀលនេះ ដោយមិនរាលដាលឆេះដល់ផ្ទះឬទីតាំងផ្សេងទៀតឡើយ ខណៈឡានទឹកជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅអន្តរាគមន៍។ ប៉ុន្តែយ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋដែលត្រូវឆាបឆេះ ២ខ្នងនោះ ត្រូវបានបំផ្លាញទាំងស្រុង។
ផ្ទះ ២ខ្នងនោះ ប្រកបអាជីវកម្មលក់គ្រឿងសង្ហារិម និងសម្ភារផ្សេងៗ ដែលធ្វើពីឈើផ្តៅ និងឬស្សី ហើយ ចំពោះមូលហេតុនៃការឆាបឆេះនេះ មិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ។
កាលពីវេលាម៉ោង ៥និង ៤៥នាទី ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ ក៏មានករណីឆាបឆេះព្រៃត្រែងមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ប្រជាពលរដ្ឋដែលជួបហេតុការណ៍គ្រោះអគ្គិភ័យ អាចផ្តល់ព័ត៌មានបន្ទាន់តាមរយៈលេខ 666 លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55 ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ៕
