ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំឭកក៏ដូចជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ខណៈកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងធ្វើដំណើរប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់រវាងគ្នា ដើម្បីអាចទទួលបាននូវសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ។
ក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីនេះបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥ បណ្ណ ត្រូវបានដកពិន្ទុ។
ជុំវិញបញ្ហាចរាចរណ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ អំពាវនាវប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសង្កត់ធ្ងន់ថា ការបង្កគ្រោះថ្នាក់ចរាចរណ៍បានបង្កសោកនាដកម្មដល់ខ្លួនឯង និងអ្នកដទៃដែលមិនដឹងអីសោះ។
លោកថ្លែងថា៖ «ខ្ញុំនៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍ សូមកុំខ្លាចប៉ូលិសចរាចរណ៍ ខ្លាចស្លាប់ ឬ របួសអាហ្នឹងល្អជាង»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ អ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ជ ទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕