ភ្នំពេញៈ ឆ្នាំ ​២០២២ ដែល​បាន​បិទ​បញ្ចប់​ទៅនេះ គឺជា​ឆ្នាំ​ដែល​ចាត់ទុកថា​ល្អប្រសើរ បន្ទាប់ពី​ឆ្លងកាត់​ព្យុះភ្លៀង​ធំៗ​អស់​រយៈពេល ​២​ ឆ្នាំ​កន្លងទៅ មាន​ភាពល្អប្រសើរ​បើ​គេ​មើល​ទៅលើ​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​ការ​មាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ បើ​ធៀប​ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១ ​ជាដើម​។

​ ឆ្នាំ​២០២២ ប្រៀបបាន​ទៅនឹង​ឆ្នាំ​ដែល​កម្ពុជា​និយាយ​ដោយឡែក បន្ស៊ាំ​ខ្លួន​រស់នៅ​ជាមួយ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ ពោលគឺ​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​តែម្ដង ដោយ​ទទួលបាន​ការចាក់​វ៉ាក់សាំង​សម្រាប់​ការពារ​ខ្លួន​។ គ្រា​ដែល​រាជរដ្ឋាភិបាល​សម្រេច​ប្រកាស​បើក​ប្រទេស និង​ចរន្ត​សេដ្ឋកិច្ច​ជា​ផ្លូវការ ក៏​ជា​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​ងើប​ចេញពី​ភាព​ទ្រុឌទ្រោម​ដែល​ជំងឺ​កូ​វីដ​បន្សល់​ទុកឱ្យ​។

អាជីវករ អ្នករកស៊ី ម្ចាស់​អាជីវកម្ម​ធំៗ មិនទាន់​ជា​ហ៊ាន​បណ្ដាក់ទុន​រកស៊ី​ផ្ដេសផ្ដាស​ឡើយ​ក្នុង​ឆ្នាំ ២០២២ ដោយនៅ​មិនទាន់​ទុកចិត្ត​លើ​ស្ថានការណ៍​សង្គម​។ ដោយឡែក សម្រាប់​ឆ្នាំ ២០២៣​ខាងមុខ គឺជា​ឆ្នាំ​ដែល​គេ​រាប់​ទុក​ថា​ជា​ក្ដីសង្ឃឹម​ថ្មី​មួយទៀត​ក្នុងការ​ត្រឡប់​ទៅ​រស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន​។​

«​ឆ្នាំ​ថ្មី ជាការ​ចាប់ផ្ដើម​ថ្មី » ដូច្នេះហើយ មុននឹង​ឈាន​ជើង​ចូលទៅ​កាន់​ឆ្នាំ​ថ្មី ជាទូទៅ​គេ​តែង​រៀប​ផែនការ (New Year Resolution) មិន​ថា​ជា​ផែនការ​ផ្ទាល់ខ្លួន ឬ​ផែនការអាជីវកម្ម​។ ក្នុងនោះ​មាន​យុវជន​ម្នាក់​ដែល​ទើបនឹង​បានបញ្ចប់​ការសិក្សា ហើយ​ដែល​បានរៀបចំ​គម្រោង ជាច្រើន​សម្រាប់​ឆ្នាំ​២០២៣​។

​ យុវជន លី វុត្ថា បានឱ្យដឹងថា ឆ្នាំនេះ​ខ្លួន​មាន​គម្រោង​ច្រើនជាង​ឆ្នាំមុន ព្រមទាំង​រំពឹងថា​ខ្លួន​នឹងមាន​លទ្ធភាព​អាច​សម្រេចបាន​នូវ​គម្រោង​ទាំងនោះ​ច្រើនជាង​ឆ្នាំ​២០២២​។

​ លោក លី វុត្ថា ថ្លែងថា​៖ «​ដោយសារតែ​ខ្ញុំ​ទើបនឹង​បានបញ្ចប់​ការសិក្សា​ផង ដូច្នេះ​ខ្ញុំ​បានដាក់​បញ្ចូល​នូវ​គម្រោង​ការងារ​ជាច្រើន​ដែល​ខ្ញុំ​គ្រោង​ធ្វើ ដើម្បី​សម្រេច​គោលដៅ​ជីវិត​ទៅ​ថ្ងៃមុខ​។ ម្យ៉ាងទៀត ខ្ញុំ​ជឿថា​ឆ្នាំ​២០២៣ អ្វីៗ​នឹង​កាន់តែ​ប្រសើរឡើង ហើយ​ខ្ញុំ​ក៏មាន​ពេលវេលា​ច្រើន​ដើម្បី​សម្រេច​កិច្ចការ ដោយ​មិនមាន​អ្វី​មករា​រាំង​ទៀត​»​។​

​ យុវជន លី វុត្ថា វ័យ​២១​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​១​កន្លែង បានដាក់​ជំនឿ​ចិត្ត យ៉ាង​មោះមុត​លើ​ឆ្នាំ​ថ្មី​នេះ ដែល​ប្រៀបបាន​ទៅនឹង​ការចាប់ផ្ដើម​បើក​ទំព័រ​ជីវិត​ថ្មី​មួយទៀត​ដូច្នោះ​ដែរ​។​

​ ស្រដៀង​គ្នា​នេះ កញ្ញា ស៊ុម ចន្ទ្រា ដែល​បច្ចុប្បន្នកំពុង​សិក្សា​ឆ្នាំ​ទី​៤ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានឱ្យដឹងថា ៖ «​គម្រោង​ខ្ញុំ​ឆ្នាំមុនៗ​សឹងតែ​មិនមាន​អ្វី​ធំដុំ​នោះទេ ព្រោះ​ពេលនោះ​បញ្ហា​គឺ​នៅ​ចំពោះមុខ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​យកចិត្តទុកដាក់​ការពារ​អាយុជីវិត និយាយ​ទៅ​គឺ​ខ្ញុំ​គិតតែ​ពី​ធ្វើយ៉ាងណា​ដើម្បី អាច​ឆ្លង​ផុតពី​ជំងឺ​កូ​វីដ​តែម្ដង​»​។​

​ កញ្ញា​បន្តថា​៖ «​តែ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​គិតថា​គ្រប់យ៉ាង​នឹង​គ្រាន់បើ​ជាង​មុន​ឆ្ងាយ យើង​ក៏​អាច​ដើរ​បាន​ធម្មតា​វិញ អ្នកលក់ដូរ​ក៏​ពួកគាត់​ត្រឡប់មក​ប្រកបការងារ​តាម​ធម្មតា​វិញ ដូច្នេះហើយ ខ្ញុំ​បានរៀបចំ​គម្រោងការ​ច្រើន​គួរសម​ដែរ​»​។​

​ កញ្ញា​រៀបរាប់​ពី​គម្រោង​របស់​កញ្ញា​សម្រាប់​ឆ្នាំ ២០២៣​ដោយ​មិន​ស្ទាក់ស្ទើរ​ថា កញ្ញា​ចង់​បញ្ចប់​ការសិក្សា​ដោយ​ទទួលបាន​លទ្ធផល​ល្អ ដើម្បី​អាច​ស្នើសុំ​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។ ក្រៅពីនោះ​កញ្ញា​កំពុង​សម្លឹង​រកមើល​ក្រុមហ៊ុន​ណាមួយ​ដើម្បី​ចាប់ផ្ដើម​ការងារ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ផងដែរ​។​

​ កញ្ញា​បន្តថា ៖ «​យើង​មិនអាច​ដឹងបាន​ទេ​ថា​ឆ្នាំនេះ​នឹង​ទៅជា​បែបណា ប៉ុន្តែ​ខ្ញុំ​បានត្រឹមតែ​សង្ឃឹមថា វា​មិនអាក្រក់​ជាង​ឆ្នាំមុនៗ​...​ម្យ៉ាងទៀត បញ្ហា​កូ​វីដ​ក៏​មិនសូវ​ជាធំ​ដុំ​ទៀត​ដែរ អីចឹង​ហើយ​វា​ប្រហែលជា មានរឿង​ល្អៗ​ច្រើនជាង​»​។​

​ សូម​រំឭកថា កម្ពុជា​បាន​បើក​ប្រទេស និង​ចរន្ដ​សេដ្ឋកិច្ច​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ បន្ទាប់ពី​ប្រជាជន​ស្ទើរតែ​គ្រប់គ្នា​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​។ ថ្វី​ដ្បិតថា កម្ពុជា​បាន​បើក​ប្រទេស​អស់​ជាង​មួយឆ្នាំ​ទៅហើយ​ក៏ពិតមែន ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ ដូច្នេះ ឆ្នាំ ២០២៣ ទំនងជា​ពេលវេលា​មួយ​សមស្រប​ហើយ​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ជាង​ឆ្នាំ​២០១៩​ទៅទៀត​៕