ភ្នំពេញ: សិស្សានុសិស្ស ដែលទទួលការបណ្ដុះបណ្ដាលស្ថិតក្នុងសាលាជំនាន់ថ្មីនៃវិទ្យាល័យចំនួន ៣ នឹងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យខេមតិចដែលផ្ដោតលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
លោកឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានថ្លែងដូច្នេះអំឡុងពេលសាកលវិទ្យាល័យប្រារឰកម្មវិធីទស្សនកិច្ចសិក្សានិងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាលាជំនាន់ថ្មីចំនួន៣ ក្រោមអធិបតីភាពរបស់ លោកសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ការប្រារឰកម្មវិធីទស្សនកិច្ចសិក្សានិងការចុះអនុស្សរណៈនៃការយោគយល់រវាងខេមតិចនិងសាលារៀនជំនាន់ថ្មីរួមមានវិទ្យាល័យព្រះស៊ីសុវត្ថិ (សាលារៀនជំនាន់ថ្មី)វិទ្យាល័យព្រែកលៀប (សាលារៀនជំនាន់ថ្មី)វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ (សាលារៀនជំនាន់ថ្មី)។
លោកសុធី បានឱ្យដឹងថា៖ «កិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានទំនាក់ទំនងល្អរវាងសាកលវិទ្យាល័យនិងសាលារៀនជំនាន់ថ្មី ការផ្តល់ប្រឹក្សាពីមុខជំនាញនៅឧត្តមសិក្សាជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ កិច្ចសហប្រតិបត្តិការការផ្សព្វផ្សាយព័ត៌មានពីការសិក្សាផ្សេងៗរួមបញ្ចូលអាហារូបករណ៍»។
លោកបានបញ្ជាក់ថា៖ «សាកលវិទ្យាល័យនឹងផ្ដល់ជូនអាហារូបករណ៍ដល់សិស្សពូកែមកពីវិទ្យាល័យទាំង៣ការចែករំលែកចំណេះដឹងដូចជាមន្ទីរពិសោធន៍ AI សម្រាប់ការអប់រំមនុស្សយន្តនិងបន្ទប់Maker Space បណ្ណាល័យកីឡា ការលើកកម្ពស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ពិព័រណ៍ក៏ដូចជាសិក្ខាសាលាពីការប្រឹក្សានិងអាជីពនាពេលអនាគតការពង្រឹងសមត្ថភាពគ្រូបង្រៀននិងបុគ្គលិក»។
សាកលវិទ្យាល័យផ្ដល់អាហារូបករណ៍ចំនួន ៧៥ កន្លែងតាមរយៈការប្រឡងជាភាសាអង់គ្លេសនិងគណិតវិទ្យាដោយចាប់ផ្ដើមទទួលពាក្យចាប់ពេលនេះរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ហើយកាលបរិច្ចេទនៃការប្រឡងគឺនៅថ្ងៃទី ១៣ ម្ដងនិងថ្ងៃទី២៥ ខែមករា ម្ដងទៀតខណៈការចូលរៀនគឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
សម្រាប់ឆ្នាំសិក្សាថ្មី២០២៣នេះដែរសាកលវិទ្យាល័យបានជ្រើសរើសសិស្សានុសិស្សចំនួន ៤៦ នាក់រួចហើយដែលបានប្រឡងជាប់ កាលពីឆមាសទី២ នៃឆ្នាំ២០២២។ ពួកគេក៏នឹងចូលសិក្សានៅសាកលវិទ្យាល័យនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ផងដែរ។ ពួកគេខ្លះបានទទួលអាហារូបករណ៍ ១០០ ភាគរយ ៧៥ភាគរយនិងខ្លះទៀតទទួលបានអាហារូបករណ៍ ៥០ ភាគរយទៅតាមនិទ្ទេសនៃការប្រឡងមុខវិជ្ជាគណិតវិទ្យា ៩០នាទីនិងភាសាអង់គ្លេស ៦០នាទី។
លោកសុធី បានបន្ដថា៖ «សិស្សានុសិស្សរៀនសាលាជំនាន់ដែលកំពុងតែសិក្សាថ្នាក់ទី១២ អាចធ្វើការប្រឡងយកអាហារូបករណ៍ទុកជាមុនបាន»។
ចក្ខុវិស័យរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចរូបនេះ គឺចង់ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ថ្លែងទៅកាន់សិស្សានុសិស្សនៃសាលាជំនាន់ថ្មី លោកសាន វឌ្ឍនា បានឱ្យដឹងថា ពួកគេគួរជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តតែ១មុខដោយមិនគួររៀនសាកលវិទ្យាល័យ២ក្នុងពេលតែមួយនោះទេ ពីព្រោះវាជាផលវិបាកដែលអ្នកសិក្សាមិនអាចគ្រប់គ្រងពេលវេលាសម្រាប់ការសិក្សានិងការយកចិត្តទុកដាក់ផ្តោតលើជំនាញមួយជាក់លាក់។
លោកវឌ្ឍនា បានបន្ដថា៖«បន្ថែមពីនេះ សិស្សានុសិស្សនិងនិស្សិតគួររៀនភាសាឱ្យបាន២ទៅ៣ជាពិសេសផ្តោតជាសំខាន់លើភាសាអង់គ្លេសនិងកុំព្យូរទ័រផងដែរ»។
លោកគាំទ្រ និងធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ការបង្កើតភាពជាដៃគូរវាងសាកលវិទ្យាល័យនិងសាលារៀនជំនាន់ថ្មីខាងផ្នែកបច្ចេកទេស។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះក៏មានបញ្ចូលទស្សនកិច្ចសិក្សានិងការតាំងពិព័រណ៍ប្រឹក្សាជំនាញដើម្បីលើកកម្ពស់ការយល់ដឹងនិងបទពិសោធន៍ដ៏សំខាន់ដល់មាតាបិតា ឬអាណាព្យាបាលជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចូលរៀននៅថ្នាក់ឧត្តមសិក្សាបានមកទស្សនាស្វែងយល់អំពីសម្ភាររូបវន្តសិក្សានិងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិច។
សាកលវិទ្យាធិការបាននិយាយថា ពួកគេទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញនិងសាស្ត្រាចារ្យ ក៏ដូចជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិចផ្ទាល់ លើការជ្រើសរើសមុខជំនាញសិក្សាដែលស្របនឹងឧបនិស្ស័យទេពកោសល្យនិងតម្រូវការទីផ្សារការងារ។
លោកសុធី បានបន្ថែមទៀតថា លើសពីការទស្សនានិងការប្រឹក្សាយោបល់ កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកម្សាន្តសប្បាយផ្សេងៗ៕