ភ្នំពេញៈ ក្នុងវិស័យយុត្តិធម៌កម្ពុជា ស្របនឹងយន្តការប្រព័ន្ធតុលាការ គេក៏ឃើញមានដែរនូវមធ្យោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលឱ្យគូភាគីជម្លោះអាចសម្របសម្រួលចរចាគ្នាបញ្ចប់វិវាទបាន។ ជុំវិញបញ្ហានេះ អ្នកជំនាញនិងអ្នកឃ្លាំមើលសង្គមបានលើកឡើងស្រដៀងគ្នាថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានជួយកាត់បន្ថយបញ្ហាកកស្ទះសំណុំរឿងក្នុងតុលាការ ចំណេញថវិកា ចំណេញពេលវេលាពិសេសបង្កើនភាពសុខដុមរមនាក្នុងសហគមន៍។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានសារប្រយោជន៍ដើរទន្ទឹមនឹងប្រព័ន្ធតុលាការ ដែលអាចជួយបន្ថយការកកស្ទះសំណុំរឿង និងសម្រួលបន្ទុកក្នុងតុលាការ ខណៈធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្សរបស់តុលាការកម្ពុជានៅមានកម្រិត។ប៉ុន្តែជុំវិញសំណុំរឿងព្រហ្មទណ្ឌធំៗ គេត្រូវតែប្រើប្រាស់ប្រព័ន្ធតុលាការដាច់ខាត ដោយឡែក ចំពោះសំណុំរឿងព្រហ្មទណ្ឌតូចៗឬបញ្ហាស៊ីវិល ជាជម្រើសរបស់ភាគីជម្លោះដោយប្រើយន្តការក្រៅប្រព័ន្ធតុលាការឬតុលាការ។
លោកជិន ម៉ាលីន បានបញ្ជាក់ថា៖ «ការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាចំណេញពេលវេលា វាមិនសូវស្មុគស្មាញ ដោយតុលាការមាននីតិវិធីច្បាប់ច្រើន ហើយវាអាចរក្សាការសម្ងាត់របស់គូភាគីផង និងពិសេសការរក្សាបាននូវភាពសុខដុមរមនា ដែលគូភាគីព្រមព្រៀងបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការអាចរាប់អានគ្នា»។
លោក សង្កត់ធ្ងន់ថា ការបញ្ចប់ជម្លោះនៅត្រឹមយន្តការក្រៅប្រព័ន្ធតុលាការអាចធ្វើមានសុខដុមនីយកម្មសហគមន៍បាន ដែលចៀសវាងគូបដិបក្ខមើលមុខគ្នាមិនត្រូវ ក្លាយជាសត្រូវនឹងគ្នា ក្រោយកាត់ក្តីតាមប្រព័ន្ធតុលាការ ព្រោះតុលាការនឹងបញ្ចប់ក្តីដោយម្ខាងចាញ់ និងម្ខាងឈ្នះប៉ុណ្ណោះ។
ស្រដៀងគ្នានេះដែរ លោកមេធាវី សុក សំអឿន បានថ្លែងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ជាវិធីសាស្ត្រប្រសើរមួយ ប្រសិនបើគេប្រើដោយត្រឹមត្រូវ។លោកមេធាវីរូបនេះមើលឃើញនូវសារៈសំខាន់ចំនួន៣យ៉ាងពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺចំណេញពេលវេលា,អាចបន្ថយបន្ទុកទៅតុលាការ និងអាចរក្សាទំនាក់ទំនងរវាងភាគីជម្លោះ។
លោកបានប្រាប់ថា៖ «កន្លងមករឿងក្តីតែងអូសបន្លាយក៏ដោយសារបច្ចេកទេសមេធាវីមួយចំនួន និងបញ្ហាអំពើពុករលួយក្នុងប្រព័ន្ធតុលាការមួយផ្នែកផងដែរ បើមេធាវីគ្រប់គ្នាមានចិត្តផ្សះផ្សានោះ រឿងក្តីវាឆាប់ចប់ តែបើឆាប់ចប់ អត់មានសេវាថ្លៃមេធាវី ចំណែកតុលាការវិញក៏ពុករលួយ»។
លោកបន្ថែមថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះអាចមានវិធីសាស្ត្រ២យ៉ាងក្នុងនោះ ការប្រើប្រាស់អ្នកផ្សះផ្សា និងការប្រើប្រាស់វិធីចរចា ដែលមេធាវីអាចប្រើប្រាស់វិធីទាំង២បាន។
គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកទឹកចិត្តឱ្យបង្កើនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ពិសេសវិវាទដីធ្លី ដែលលោកបានកោតសរសើរចំពោះការងារគំរូរបស់អភិបាលខេត្តកំពត លោកម៉ៅ ធនិន លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយអំពាវនាវឱ្យខេត្តដទៃទៀតយកតម្រាប់តាម។
ទន្ទឹមនឹងនេះ លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដែរថា កិច្ចការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការនេះ ជារឿងល្អ ជាការចូលរួមចំណែកក្នុងការស្វែងរកយុត្តិធម៌និងដំណោះស្រាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
លោកបានថ្លែងថា៖ «កន្លងមកយើងឃើញហើយថា មានវេទិកាដោះស្រាយវិវាទ ដែលវាមិនទាន់ជាមានប្រព័ន្ធជាក់លាក់ណាមួយដែលយើងឃើញមានអភិបាលខេត្តកំពត អតីតអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅ ធនិន ប៉ុន្តែការធ្វើកន្លងមកនេះ មិនមានវិធានច្បាប់ណាមួយច្បាស់លាស់ទេ»។
សម្រាប់លោក ស៊ឹង សែនករុណា លោកសាទរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប៉ុន្តែលោកមើលឃើញថា កន្លងមក យន្តការនេះដោះស្រាយបានតែរឿងតូចតាចប៉ុណ្ណោះ។
លោកបន្តថាដោយឡែកវិវាទរវាងពលរដ្ឋជាមួយអ្នកមានអំណាចហាក់មិនមានប្រសិទ្ធភាពណាមួយទេដែលលោកសង្ឃឹមថា រដ្ឋាភិបាលនិងបណ្តាខេត្តណាដែលចង់អនុវត្តកិច្ចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ត្រូវប្រកបដោយបទដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់ផ្តល់យុត្តិធម៌ដល់ពលរដ្ឋជាជាងទៅតាមគំនិតបុគ្គលមានអំណាចដូចយន្តការកន្លងមក។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជានិងជាអតីតតំណាងរាស្ត្រខេត្តតាកែវនៃអតីតគណបក្សសង្គ្រោះជាតិក៏បានលើកឡើងដែរថា ការប្រើប្រាស់យន្តការក្រៅប្រព័ន្ធតុលាការជារឿងប្រសើរចំពោះបញ្ហាដីធ្លី និងទំនាស់នៅតាមសហគមន៍ជាពិសេសទំនាស់ដីធ្លីនៅកម្ពុជាតាមមូលដ្ឋាននេះកំពុងកើតឡើងនិងបន្តរ៉ាំរ៉ៃនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចាប់ចងមនុស្សជាច្រើនករណីផងព្រោះយន្តការតុលាការ។
លោកថា៖ «វិធីណាក៏ដោយឱ្យតែពលរដ្ឋ លោកសុខចិត្ត បើជាអ្នករងគ្រោះមិនសុខចិត្តទេ ប្រព័ន្ធតុលាការនៅតែជារឿងចាំបាច់ ប៉ុន្តែតុលាការត្រូវតែផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះកន្លងមក អ្នកធ្លាប់មានជម្លោះដីធ្លីភាគច្រើនមិនសូវជាទទួលភាពកក់ក្តៅនិងយុត្តិធម៌ ពីតុលាការសោះ មិនខុសពីការលើកឡើងពីសម្តេចនាយករដ្ឋមន្ត្រីនោះទេ ដែលអ្នកឈ្នះថា យុត្តិធម៌ អ្នកចាញ់ថា អយុត្តិធម៌នោះ»។
គួររំឭកថា ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រសួងយុត្តិធម៌ក៏កំពុងសិក្សាបង្កើតអង្គភាពវិជ្ជាជីវៈដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតជាពិសេសលើរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាល។ នេះបើតាមការបញ្ជាក់ពីលោកកើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីបិទបញ្ចប់សន្និបាតលើកទី ២៧ របស់គណៈមេធាវីកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។
អង្គភាពវិជ្ជាជីវៈនោះហៅថា«សន្ធានការី»ដែលអាចដោះស្រាយរឿងក្តីរដ្ឋប្បវេណី តួយ៉ាង ទំនាស់ដីធ្លី ភ្លឺស្រែ ទំនាស់គ្រួសារ និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាល ក្នុងន័យជួយសម្រាលបន្ទុកតុលារការ និងលើកកម្ពស់វប្បធម៌យោគយល់អធ្យាស្រ័យគ្នា និងមរតកនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កន្លងមកក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រសួងយុត្តិធម៌បានចេញសេចក្ដីសម្រេចចំនួន២ ដាច់ដោយឡែកពីគ្នា ស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការជំនាញក្នុងនោះ រួមមាន តុលាការពាណិជ្ជកម្ម និងតុលាការការងារដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារនិងពាណិជ្ជកម្ម ក្រៅពីគម្រោងអង្គភាពដោះស្រាយតាមរយៈសន្ធានការី។
ចំណែកក្រសួងមហាផ្ទៃវិញក៏ធ្លាប់បានបង្កើតយន្តការដើម្បីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋានផងដែរ៕