ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមការសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបគ្រប់អាយុត្រូវចូលសាលារៀន និងជាថ្ងៃបើកបវេសនកាលចូលរៀន ហើយរាជរដ្ឋាភិបាលបានប្រកាសចូលរួមអបអរសាទរចំពោះថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតកាលពីថ្ងៃទី ១ ខែមករាថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស គ្រប់គ្នាអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ»។
លោកថ្លែងថា៖ «យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាពការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារនិងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។ ឆ្លងតាមបទពិសោធន៍ទាំងនេះរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន»។
ដើម្បីឱ្យគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ដំណើរការទៅបានល្អប្រសើរ តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវចំណុចមួយចំនួនដោយឱ្យក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវទស្សនទាន «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប។
ក្រសួង និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ការអប់រំតាមបែប ឌីជីថលដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក និងត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។
លោក ហ៊ុន សែន បញ្ជាក់ថា ៖ «ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សរ៍ទី ២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរទៅលើការការពារមេរោគកូវីដ ១៩ ដោយឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម ៣កុំ ៣ការពារ ជាពិសេស ត្រូវមានយន្តការ និងវិធានការឆ្លើយតបភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។
លោកហ៊ុន សែន ថា ៖ «គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ ហើយសិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួននិងចូលរួមឱ្យបានសស្រាក់សស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល»។
នាឱកាសនៃការអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំថ្មី ២០២២-២០២៣ នេះដែរ លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលនិងសប្បុរសជននានា ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នឹងចូលរួមប្រារព្ធពិធីបើកបវេសនកាល ឆ្នាំ ២០២២-២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ នេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ឱ្យដឹងថា ឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ និងវិស្សមកាលប្រព្រឹត្តទៅចំនួន២ដងគឺវិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ១៨ ខែឧសភា និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៣។ ចំពោះថ្ងៃបើកបវេសនកាលជាផ្លូវការ ក្រសួងអប់រំ បានណែនាំឱ្យគ្រប់សាលារៀនត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំ, មន្ទីរអប់រំ, អាជ្ញាធរដែនដី, មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ចូលរួមនិងអមដោយការបិទផ្សាយបដាបញ្ជាក់ពីការចូលរៀនដោយឥតបង់ថ្លៃផងដែរ៕