ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកសំណូមពរអង្គការអាហ្វេស៊ីបកម្ពុជាដែលសុំមិនឱ្យកុមារអាយុ៥ឆ្នាំដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទ និងជួញដូរផ្លូវភេទឡើងទៅតុលាការ ពីព្រោះវាជាកន្លែងដែលកុមារភ័យខ្លាចបន្ថែមទៀត នៅពេលជួបជនល្មើសនៅឯតុលាការ។
លោកទទួលយកសំណូមពរនេះធ្វើឡើងក្នុងពិធីសួរសុខទុក្ខដល់កុមារី និងយុវតីកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីនោះលោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជានាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីប ថ្លែងថា៖ «កូនសុំឱ្យកូនៗដែលគាត់អាយុ ៥ ឆ្នាំកុំឱ្យគាត់ឡើងតុលាការដោយសារគាត់ឡើងទៅគាត់ជួបជាមួយជនល្មើសគាត់មកវិញគឺពិបាកខ្លាំងណាស់ លោកពុក»។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវហ្នឹង ខ្ញុំទទួលយកនូវសំណូមពរនេះគឺត្រឹមតែមេធាវីទៅបានទេ? អាហ្នឹងគឺ ឯកឧត្តម កើត រិទ្ធ [រដ្ឋមន្ត្រីយុត្តិធម៌] ក៏ដូចជាលោកជំទាវ ជូ ប៊ុនអេង[រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)] ធ្វើការជាមួយឯកឧត្តម កើត រិទ្ធិ អំពីខាងផ្នែកយុត្តិធម៌ គឺយកក្មេងទាំងនេះឡើងទៅតុលាការស្មើនឹងបំបាក់ស្មារតីបន្ថែម ការភ័យខ្លាចកាន់តែធ្ងន់»។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា៖ «អ៊ីចឹងតុលាការគួរតែយល់អំពីបញ្ហាហ្នឹង។ យើងអាចបញ្ជូនមេធាវី មេធាវីបាន មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោទៅហើយ។ ក៏ប៉ុន្តែ តុលាការតម្រូវឱ្យយកក្មេងៗឡើងទៅកាន់តុលាការគឺជាកន្លែងដែលគ្នាភ័យខ្លាចថែមទៀត។ ឥឡូវគ្នាមិនទាន់បាត់ទាំងការភ័យខ្លាចផងតុលាការតម្រូវ»។
លោក ហ៊ុន សែន បានថ្លែង ដោយយល់ថា តុលាការនឹងយល់ពីបញ្ហានេះ ហើយលោកបញ្ជាក់ថា ប្រសិនជាតុលាការមានកូន និងមានចៅរបស់ខ្លួនជួបរឿងបែបនេះពួកគាត់ច្បាស់ជានឹងយល់។
លោកនាយករដ្ឋមន្ត្រី បានថ្លែងដោយលោកគាំទ្រចំពោះសំណូម-ពរនេះហើយលោកនឹងធ្វើការជាមួយ ខាងផ្នែកយុត្តិធម៌ដើម្បីឱ្យតុលាការយល់ព្រមទៅលើបញ្ហានេះ ហើយសូម្បីតែមនុស្សពេញវ័យមួយចំនួនក៏មិនចាំបាច់ឡើងតុលាការដោយខ្លួនឯងនោះទេ តែបញ្ជូនត្រឹមតែមេធាវីដើម្បីទៅការពារក្ដីគឺវាគ្រប់គ្រាន់ហើយ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ «អ៊ីចឹងខ្ញុំទទួលយកជាមួយនឹងសំណួរនេះ។ វាលំបាកណាស់ រឿងរ៉ាវវាបានកើត ហើយជួនកាលគឺទៅតទល់ជាមួយនឹង អាភាពភ័យខ្លាចវាមិនទាន់បាត់ទៅផង ហើយយកគ្នាទៅចេញត្រឡប់មកវិញគឺបង្កើតបញ្ហាដ៏លំបាកសម្រាប់អារម្មណ៍របស់គ្នានោះ។ យើងនៅខាងមណ្ឌលត្រូវទទួលខុសត្រូវមើលថែទាំក្រែងលោគ្នាមានវិបត្តិផ្លូវចិត្តបន្ថែមលើហ្នឹងទៅទៀត»។
លោកហ៊ុន សែន បានថ្លែង ដោយបានប្រកាសផ្តល់អាទិភាពអាហារូបករណ៍ដល់សិស្សស្រីនៅអង្គការអាហ្វេស៊ីប ឱ្យបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ និងបន្ថែមការផ្តល់ប្រាក់ឧបត្ថម្ភដល់អង្គការសម្រាប់ទ្រទ្រង់ការចំណាយ។
ចាប់ពីខែមករា ឆ្នាំ ២០២៣ តទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឧបត្ថម្ភ អង្ករចំនួន ១,២ តោន រួមនឹងថវិកា ២០ លានរៀលជារៀងរាល់ខែ (ខណៈឆ្នាំកន្លងទៅគឺ ១០ លានរៀលក្នុង ១ ខែ) ឧបត្ថម្ភដល់កុមារប្រចាំខែចំនួន ១០ ម៉ឺនរៀល និងឧបត្ថម្ភថវិកាចំនួន៥ ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដល់អង្គការនេះសម្រាប់ប្រើប្រាស់ជាថវិកាបម្រុងសម្រាប់ការខ្វះខាតក៏ដូចជាហេតុការណ៍អាសន្នផ្សេងៗ នៅក្នុងអង្គការ។
លោកស្រី ម៉ម សុម៉ាលី ថ្លែងក្នុងពិធីនេះថា អង្គការអាហ្វេស៊ីបបានជួយដល់កុមារ និងយុវតីចំនួនជាង ៧ ០០០ នាក់មកហើយ។ បច្ចុប្បន្នកុមារ និងយុវតីចំនួន ១៤៨ នាក់ស្ថិតនៅក្រោមបន្ទុកក្នុងការមើលថែព្យាបាលផ្លូវចិត្តព្យាបាលសុខភាពរាងកាយ ការផ្តល់ជំនួយផ្នែកច្បាប់ និងផ្តល់ការឧបត្ថម្ភអាហារូបករណ៍សិក្សារបស់ពួកគាត់រហូតដល់បញ្ចប់ ថ្នាក់ឧត្ដមសិក្សា និងអាហារូបករណ៍បណ្តុះបណ្តាលជំនាញ។
លោកស្រីថ្លែងថា៖ «នាងខ្ញុំនៅក្នុងនាមជាម្តាយរបស់កូនៗរងគ្រោះពិតជាមានមោទនភាពចំពោះកូនៗខ្លាំងណាស់ថ្វីដ្បិតតែគាត់ធ្លាប់រងគ្រោះប៉ុន្តែគាត់ក្រោកឈរនិងមានសមត្ថភាព»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងដោយគាំទ្រចំពោះការផ្តល់អនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដោយលោកបន្ថែមថា តុលាការមិនមានភាពចាំបាច់ក្នុងការកោះហៅក្មេងស្រីរងគ្រោះអាយុ ៥ ឆ្នាំឡើងតុលាការទេ។
លោកថ្លែងថា៖ «នៅតុលាការស្រុកយើងអត់ទាន់មានតុលាការវិជ្ជាជីវៈខាងកុមារ ឬស្ត្រីទាក់ទងនឹងការរំលោភទេ ហើយនៅស្រុកគេ គេមានវិធានការ មិនដែលឱ្យកុមារប្រឈមមុខជាមួយនឹងអ្នកប្រព្រឹត្តបទល្មើសទេ ព្រោះនៅពេលដែលឃើញមុខជនល្មើសគឺធ្វើឱ្យអារម្មណ៍ផ្លូវចិត្តរបស់កុមារកាន់តែធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារធ្ងន់ធ្ងរ។ ការមិនប្រឈមមុខទៅតុលាការជាមួយជនប្រព្រឹត្តបទល្មើសជារឿងត្រឹមត្រូវ»។
លោកក៏បានថ្លែង ដោយស្នើទៅតុលាការឱ្យផ្តន្ទាទោសស្ថានទម្ងន់ទោសចំពោះជនល្មើសដែលប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទកុមារព្រោះ វាគឺជារឿងឃោរឃៅនិងអសីលធម៌មិនអាចទទួលយកបាន៕