ក្រចេះៈ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះដែលមានប្រវែងជាង ១ ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែនឹងបញ្ចប់នៅឆ្នាំ ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនាឱកាសនោះថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះរួមជាមួយនឹងផ្លូវតភ្ជាប់ដែលកំពុងរៀបចំពិធីបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ»។
នាឱកាសនោះដែរលោក ហ៊ុន សែន ក៏បានថ្លែងឱ្យដឹងដែរថា ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។
លោកថ្លែងថា៖ «ក្រោយពីការសាងសង់រួច ស្ពាននិងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋយើងធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃជាពិសេសទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅពេលបងប្អូនប្រជាពលរដ្ឋត្រូវការសង្គ្រោះបន្ទាន់ម្តងៗព្រមទាំងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពផងដែរ»។
លោក ហ៊ុន សែន បានបន្តថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះនាពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។
បើតាមលោក ហ៊ុន សែន ស្ពាននេះជាស្ពានដែលវែងជាងគេ ក្នុងចំណោមស្ពានដែលមិត្តចិនបានជួយក្នុងរយៈពេលកន្លងទៅ ហើយរហូតមកដល់ពេលនេះរដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន ៤ ហើយ និងស្ពានឆ្លងកាត់ទន្លេសរុបទាំងអស់ចំនួន ១១ ស្ពានហើយផងដែរ។
លោក វ៉ាង វិនធាន បានលើកឡើងនាពេលនោះដែរថា ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់១ ផ្លូវ១» ភាគីចិន និងកម្ពុជា សម្រេចបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនេះ។
លោកថា៖ «ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះដែលបើកការដ្ឋានសាងសង់នាថ្ងៃនេះគឺជាសមិទ្ធផលថ្មីជាងគេនៃការសាងសង់រួមគ្នានៃខ្សែក្រវាត់១ផ្លូវ១រវាងចិន និងកម្ពុជា ដែលស្ពាននេះនឹងជួយឱ្យប្រជាពលរដ្ឋខេត្តក្រចេះអាចឆ្លងកាត់ទន្លេមេគង្គដោយរលូន និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍នៅច្រាំងខាងលិចទនេ្លមេគង្គ រួមទាំងធ្វើឱ្យជីវភាពពលរដ្ឋមានភាពរីកចម្រើនផងដែរ»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។
ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕