ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ដើម្បីជួបចរចានឹងភាគីចិន ក្នុងការសម្របសម្រួលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀត ក្នុងនោះក៏មានផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងបាវិតផងដែរ ចំពេល កម្ពុជា និងចិន គម្រប់ខួបទី ៦៥ នៃទំនាក់ទំនងមិត្តភាពទ្វេភាគី។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នាថ្ងៃទី ២ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា រដ្ឋាភិបាលកំពុងរៀបចំធ្វើការសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ក្នុងន័យចរចាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតនៅកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «យើងកំពុងរៀបសម្របសម្រួលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅពេលខាងមុខ ហើយពេលនោះច្បាស់ថា នឹងមានគម្រោងថ្មីៗបន្ថែមទៀតក្នុងទស្សនកិច្ចនេះរាប់ទាំងផ្លូវល្បឿនលឿនទី ២ ដែល ភ្ជាប់ទីក្រុងភ្នំពេញ ទៅព្រំដែនវៀតណាម»។
លោកថា នឹងបន្តខិតខំស្នើឱ្យចិនជួយដល់គម្រោងសាងសង់ផ្លូវតភា្ជប់ទៅកាន់ព្រំដែនឡាវផង ដោយជូនជាសំណើ តាមរយៈលោកវ៉ាង វិនធាន ទៅកាន់ថ្នាក់ដឹកនាំចិន ដោយសារជាផ្លូវដែលបានសាងសង់មួយគន្លាក់ពីភាគីកម្ពុជា ដើម្បីជារចនាសម្ព័ន្ធរូបវន្តតភ្ជាប់កម្ពុជា-ឡាវ ក្នុងក្របខ័ណ្ឌប្រទេសតំបន់ CLMV។
លោកនាយករដ្ឋមន្ត្រីអះអាងថា កម្ពុជាក៏នឹងបញ្ចេញថវិកាផ្ទាល់ខ្លួនផងដែរ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រមាណ ២០០ លានដុល្លារអាមេរិក។ បន្ទាប់ពីនេះនឹងមានផ្លូវល្បឿនលឿនមួយ ដែលនឹងត្រូវតភ្ជាប់ រវាងស្រុកល្វាឯម ទៅកាន់ព្រំដែនវៀតណាម។ លោកថា សមិទ្ធផលស្ពាន និងផ្លូវដែលប្រទេសចិន បានជួយ គឺជាការបង្ហាញឱ្យឃើញ នូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ជំនួយរបស់ចិនជាមួយគម្រោងគំនិតផ្តួចផ្តើមផ្លូវសូត្រ (BRI) របស់ចិននេះអាចជួយ ឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះជាការរីកលូតលាស់របស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប៉ុន្តែថា វានឹងមិនមានចីរភាពឡើយ បើសិនជាខ្វះអភិបាលកិច្ចល្អ។
ជុំវិញទស្សនៈលើអន្ទាក់បំណុល ចិនលើកម្ពុជា លោករ៉ូ វណ្ណៈ ថ្លែងថា៖ «លទ្ធភាពអាចកើតមានឡើងក្នុងរយៈពេលយូរឆ្នាំបន្តិច ប្រសិនបើ មិនអាចមានយន្តការ និងវិធានការ ធានានូវគោលការណ៍អភិបាលកិច្ចល្អនៃការគ្រប់គ្រងបំណុលកម្ចី និងការប្រើប្រាស់កម្ចី និងបំណុលទាំងនោះមានប្រសិទ្ធភាព ប្រកបដោយគណនេយ្យភាព និងមិនបានត្រឹមត្រូវ»។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមកម្ពុជា លើកឡើងថា ការទទួលជំនួយហិរញ្ញប្បទានពីបរទេស ឬការខ្ចីបុលពីចិន ដើម្បីគោលដៅអភិវឌ្ឍន៍ប្រទេស គឺជារឿងត្រឹមត្រូវ ដើម្បីជាប្រយោជន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក មាស នី បន្តថា កម្រិតបំណុលរបស់កម្ពុជា ក៏នៅមិនទាន់ មានការប្រកាសអាសន្ននោះដែរ ទោះជាប់បំណុលបរទេសប្រមាណ ជិត ១០ ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ ២០២២ ក្តី។ ប៉ុន្តែមានសញ្ញាអវិជ្ជមានមួយជុំវិញបំណុលចិន ដែលជាបំណុលមានអត្រាការប្រាក់ខ្ពស់ជាងគេ ដែលបណ្តាប្រទេសមួយចំនួន តួយ៉ាងស្រីលង្កា និងបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ខ្លះត្រូវជាប់បំណុលវ័ណ្ឌកពីចិន ដែលជាឧទាហរណ៍មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្ត្រខេត្តតាកែវ នៃអតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅកម្ពុជាបច្ចុប្បន្ន ពិតជាមានចំណែកពីជំនួយហិរញ្ញប្បទានពីចិនមែន។
លោកសម្តែងការព្រួយបារម្ភថា៖ «ដោយសារកម្ចីឥតលក្ខខណ្ឌរបស់ចិន វាជារឿងគួរឱ្យព្រួយបារម្ភ ពីព្រោះជំនួយចិននេះ[ធ្វើឱ្យ] រដ្ឋាភិបាលដែលកាន់អំណាចសប្បាយចិត្ត ព្រោះគ្មានលក្ខខណ្ឌ។ វាអាចធ្វើឱ្យគាត់[រដ្ឋាភិបាល]ធ្វើអ្វីបានតាមចិត្ត ជាការជួយពង្រឹងអំណាចបក្សកាន់អំណាចផង។ កន្លងមកកម្ចីគ្មានតម្លាភាព ផ្លូវធ្វើហើយខូចៗ អ៊ីចឹងខ្ចីកាន់តែច្រើនឡើង ហើយបំណុលវាធ្លាក់ដល់កូនចៅជំនាន់ក្រោយ»។
ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ជំនួយហិរញ្ញប្បទាននានារបស់ចិនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាច្រើនមានឥទ្ធិពលវិជ្ជមាន។ លោកថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមគិតគូរបំណុលអន្តរជាតិរួចស្រេចទៅ-ហើយ ដែលនឹងមិនអាចឈានដល់ការជាប់អន្ទាក់បំណុលចិនដូចទស្សនៈមួយចំនួនបានលើកឡើងនោះឡើយ។
ទោះជាយ៉ាងណាលោក គិន ភា ថា៖ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្រោមរូបភាពជំនួយឥណទានពីប្រទេសផ្សេងៗ មិនថា តែចិនទេ បញ្ហាគុណភាព គណនេយ្យភាព តម្លាភាព គួរតែបានយកចិត្តទុកដាក់ជាអាទិភាព»។
លោក គិន ភា បញ្ជាក់ថា ជំនួយសន្ធឹកសន្ធាប់របស់ចិនមកកម្ពុជាមិនបានជះឥទ្ធិពលអវិជ្ជមាន ឬល្អក់កករជាមួយប្រទេសផ្សេងៗទៀតឡើយ។ កម្ពុជាបានបើកចំហទ្វារការទូត និងវិនិយោគទុនពីគ្រប់ប្រទេស៕