ភ្នំពេញៈ ម៉ាស៊ីនរាវមីន អាវការពារ និងឧបករណ៍គ្រឿងបំផ្ទុះ ជាច្រើនគ្រឿង ដែលសរុបជាទឹកប្រាក់ ជាង ៧៨ ម៉ឺនដុល្លារអាមេរិក ត្រូវបានអាជ្ញាធរមីនកម្ពុជាប្រគល់ជូនបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន។
លោកលី ធុជ ថ្លែង ក្នុងពិធីប្រគល់ និងទទួលនូវសម្ភារទាំងនេះ ថា សម្ភារបោសសម្អាតមីន ដែលខាងអាជ្ញាធរមីនប្រគល់ដល់បញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស នាពេលនេះ រួមមាន ម៉ាស៊ីនរាវមីន ចំនួន ១៦០ គ្រឿង ឃីដចំនួន ១៦០ កញ្ចប់ អាវការពារចំនួន ៤០ អាវ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ ដែលសរុបជាថវិកាចំនួន ៧៨៥ ១២៥ដុល្លារអាមេរិក។
លោកឱ្យដឹងថា សម្ភារបោសសម្អាតមីនទាំងនេះ ត្រូវបានបែងចែកទៅតាមបញ្ជាការដ្ឋានផ្សេងៗគ្នា ក្នុងនោះមានបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ទទួលបានម៉ាស៊ីនរាវមីនចំនួន ១៥០ ឃីដចំនួន ១៥០ អាវការពារចំនួន៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកា ចំនួន ៧៤៥ ៧៧៥ ដុល្លារអាមេរិក។
ចំណែកបញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ាស៊ីនរាវមីនចំនួន ១០ និងឃីដចំនួន ១០ ដែលសរុបជាថវិកា ចំនួន ៣៩ ៧៧៥ ដុល្លារអាមេរិកផងដែរ។
សម្ភារទាំងនេះ បានទទួលដោយ លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស។
លោកលី ធុជ ថ្លែងថា៖ «បច្ចុប្បន្ននេះ កងទ័ពជើងគោក មិនត្រឹមតែការពារបូរណភាពទឹកដី និងការពារសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវការហ្វឹកហ្វឺនជំនាញ បំពាក់សម្ភារ និងចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ផងដែរ»។
លោកបន្ថែមថា៖ «ហើយថ្មីៗនេះ បានចូលរួមធ្វើការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ប្រកបដោយជំនាញ»។
បើតាមលោកទេសរដ្ឋមន្ត្រីលីធុជ សម្ភារ ដែលប្រគល់ នាថ្ងៃទី ២ ខែមករានេះ កងទ័ពជើងគោក នឹងយកទៅប្រើប្រាស់ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឆ្ពោះទៅរកកម្ពុជាគ្មានមីន ឆ្នាំ ២០២៥៕