ភ្នំពេញៈ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ ស្នើឲ្យស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះអ្នកដែលកំពុងផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកតាមរយៈបណ្ដាញសង្គម បើទោះបីជាអាជ្ញាធរបានរឹបអូស និងប្រមូលដុតកម្ទេចបារីនេះចោលជាច្រើនយ៉ាងណាក៏ដោយ។
ការលើកឡើងដូចនេះ បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ បានរឹបអូស និងនាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧ ២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សំរាមកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
លោក មុំ គង់ បានប្រាប់ឱ្យដឹងថា ការដកហូតបារីអេឡិចត្រូនិក និងការដុតកម្ទេចបារីអេឡិចត្រូនិកនេះ វាជាការរួមចំណែកមួយ ក្នុងការបង្ការដើម្បីកុំឱ្យយុវជន កុមារ ប្រើប្រាស់បារីអេឡិចត្រូនិកនេះបន្តទៀត។ ដូច្នេះការដុតចោលនេះ វាជាផ្នែកមួយក្នុងការកាត់បន្ថយកុំឱ្យយុវជន និងកុមារ អាចមានឱកាសក្នុងការប្រើប្រាស់បារីនេះជាដើម។
ក្រៅពីនេះទៀត សម្រាប់រូបលោកមានការសាទរការណ៍ដែលអាជ្ញាធរបានធ្វើការដុតបំផ្លាញបារីអេឡិចត្រូនិកដែលបានរកឃើញកន្លងមក ពីព្រោះការដុតកម្ទេចចោលនេះ វាបញ្ជាក់ពីស្មារតីក្នុងការចូលរួមប្រឆាំងយុវជន និងកុមារប្រើប្រាស់បារីអេឡិចត្រូនិក។
លោក មុំ គង់ បានថ្លែងថា ៖ «ខ្ញុំពិតជាគាំទ្រឱ្យមានការដកហូត ឱ្យមានការបញ្ឈប់ កុំឱ្យមានការផ្សព្វផ្សាយលក់ ឬក៏ចែកចាយបារីអេឡិចត្រូនិកនេះ ដូចជាអ្វីដែលយើងបានចែងនៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលយើងហ្នឹង ហើយខ្ញុំក៏ចង់ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ក្រសួងមានសមត្ថកិច្ច ធ្វើការចេញវិធានការយ៉ាងណា ទៅលើអ្នកដែលកំពុងផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកទៅឱ្យកុមារ និងយុវជន តាមបណ្ដាញព័ត៌មានសង្គម ដែលយើងឃើញថា បច្ចុប្បន្ននេះ គឺនូវតែឃើញមានដដែល»។
លោកថ្លែងថា ថ្មីៗនេះ ឃើញមានសិស្សានុសិស្សដែលទើបតែប្រឡងបញ្ចប់បាក់ឌុបត្រូវរងឥទ្ធិពលពីអាជីវករ ឬក្រុមហ៊ុនខ្លះ បានផ្សព្វផ្សាយ និងធ្វើការលើកទឹកចិត្ត ដោយការអំពាវនាវអំពីការបញ្ចុះតម្លៃបារីអេឡិចត្រូនិកនេះជាដើម។ សកម្មភាពទាំងអស់នេះ គឺគួរតែត្រូវបានស្ថាប័នមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះអ្នកដែលបន្តផុសលក់ និងចែកចាយ ឬផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនេះផងដែរ។
លោក គង់ ថ្លែងថា ប្រសិនបើអាជ្ញាធរមានវិធានការតឹងរ៉ឹង ចំពោះការផ្សព្វផ្សាយបារីអេឡិចត្រូនិកតាមរយៈបណ្ដាញព័ត៌មានសង្គមនេះ វាជាការរឿងល្អខ្លាំងណាស់ ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យមានការខូចខាតខួរក្បាល កុំឱ្យមានការខូចខាតសួត និងរួមទាំងការខូចខាតបេះដូង ដោយសារបារីអេឡិចត្រូនិកនេះជាដើម។
សូមបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ដែលបានដុតកម្ទេចចោលទាំងនោះ បានមកពីការដកហូត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយ១កន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោល របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម។
បើយោងរបាយការណ៍ស្រាវជ្រាវ១របស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា នៅកម្ពុជា ក្នុង១ឆ្នាំៗមានអ្នកស្លាប់ចំនួន ១ម៉ឺន៥ពាន់នាក់ដោយសារការជក់បារី ក្នុងចំណោមអ្នកប្រើប្រាស់សរុបជាង ២លាននាក់ ក្នុងនោះបានចំណាយថវិកាជាង ១៦០លានដុល្លារ សម្រាប់សេវាព្យាបាលជំងឺរ៉ាំរ៉ៃទូទៅដែលជាប់ពាក់ព័ន្ធនឹងការជក់បារី ឬស្មើនឹង ៣% នៃ GDP (RTI, MOH, UNDP, FCTC, WHO, ២០១៩)។
បន្ថែមពីនេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងបណ្តាប្រទេសមានអត្រាពន្ធទាប លើផលិតផលថ្នាំជក់ បើប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន (SEATCA, ២០១៩)៕
វីដេអូ៖