ក្រចេះ/ស្ទឹងត្រែងៈ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ បានប្ដេជ្ញារួមគ្នាបន្តពង្រឹងយន្តការអនុវត្តច្បាប់ឱ្យកាន់តែតឹងរ៉ឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនិងលុបបំបាត់នូវរាល់បទល្មើសនេសាទគ្រប់ប្រភេទ ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។
ការប្ដេជ្ញាចិត្តរបស់អាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង ២ នេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវបញ្ជាយ៉ាងស្រួចស្រាល់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ឱ្យអាជ្ញាធរខេត្តទាំង ២ ខេត្តនេះបង្កើតតំបន់អភិរក្សនៅតាមដងទន្លេមេគង្គ ដើម្បីការពារសត្វផ្សោតដែលជិតផុតពូជ ដោយត្រូវដាំបង្គោលអណ្តែតទឹកជុំវិញតំបន់ការពារដែលបានកំណត់ ដែលក្នុងនោះនឹងមាន «បម្រាមជាដាច់ខាត» លើការនេសាទទាំងអស់។
លោកបានបញ្ជាក់ថា៖ «តំបន់ផ្សោតត្រូវតែត្រូវបានការពារទាំងស្រុង ... វត្តមានរបស់សត្វផ្សោតបានរួមចំណែកដល់វិស័យទេសចរណ៍ក្នុងតំបន់»។
លោកបានបន្តថា ការនេសាទនៅជុំវិញតំបន់អភិរក្សនឹងត្រូវហាមឃាត់ទាំងស្រុង ហើយផ្សារបណ្តែតទឹក ក៏នឹងត្រូវបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរ។
ជុំវិញបទបញ្ជាថ្មីនេះ លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែមករាថា នៅពេលនេះ រដ្ឋបាលខេត្តស្ទឹងត្រែង កំពុងបន្តអនុវត្តយន្តការច្បាប់ និងគោលនយោបាយថ្មីៗបន្ថែមទៀត ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គកម្ពុជា។
លោកថ្លែងថា៖ «ជាការពិត សត្វផ្សោតមានតួនាទីសំខាន់ក្នុងវិស័យទេសចរណ៍ សម្រាប់ខេត្តក្រចេះ ព្រោះវាបានចូលរួមបង្កើតការងារបន្ថែមទៀតសម្រាប់សហគមន៍មូលដ្ឋាននៅពេលដែលភ្ញៀវទេសចរមកដល់ខេត្តស្ទឹងត្រែងដើម្បីមើលសត្វផ្សោត»។
បើតាមលោក ម៉ែន គង់ នៅព្រឹកថ្ងៃទី ៣ ខែមករា គណបញ្ជាការឯកភាពខេត្តស្ទឹងត្រែង បានជំរុញដល់គ្រប់បណ្ដាគណៈបញ្ជាការឯកភាពក្រុងស្រុកទូទាំងខេត្ត ត្រូវចុះប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួនដោយគ្មានការលើកលែង ដែលក្នុងនោះរាប់បញ្ចូលទាំងបទល្មើសជលផលផងដែរ ពិសេសបទល្មើសជលផលក្នុងតំបន់ការពារ និងអភិរក្សអន្លង់ផ្សោត។
ចំណែក លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ការរាយមងនេសាទត្រីជាលក្ខណៈគ្រួសារ ត្រូវបានហាមឃាត់ទាំងស្រុងក្នុងដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ។
លោកថ្លែងថា៖ «ជាទូទៅមង គឺជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុត ដែលជារឿយៗ សត្វផ្សោតបានជាប់គាំងហើយងាប់ដោយសារជាប់មង។ បញ្ហានេះត្រូវបានរឹតបន្តឹង មិនឱ្យប្រើប្រាស់នៅក្នុងដងទន្លេមេគង្គក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតរបស់យើងទេទោះជាការនេសាទលក្ខណៈគ្រួសារក៏ដោយ»។
សត្វផ្សោតអ៊ីរ៉ាវ៉ាឌី (Irrawaddy) ដែលត្រូវបានគេស្គាល់ថាមានថ្ងាស ប៉ោង និងចំពុះខ្លី ធ្លាប់ហែលឆ្លងកាត់ទន្លេមេគង្គដែលមានទឹកហូរខ្លាំង និងវែងឆ្ងាយ ប៉ុន្តែប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ព្រំដែនរបស់ពួកវាត្រូវបានកំណត់ត្រឹមចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រ ពីខេត្តក្រចេះភាគឦសាននៃប្រទេសកម្ពុជា ដល់ព្រំដែនជាមួយប្រទេសឡាវ។
ពួកវាត្រូវបានសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចាត់ថ្នាក់ជាប្រភេទសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទ សត្វដែលរងការគំរាមកំហែង។ ថ្វីបើ ចំនួនប្រជាសាស្ត្រនៃសត្វផ្សោតនេះ កំពុងបន្តរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឥណ្ឌា និងប្រទេសថៃ ប៉ុន្តែវត្តមានរបស់ពួកវា នៅក្នុងប្រទេសទាំងនេះ ត្រូវបានគេចាត់ទុកថាជា «ការរងគ្រោះយ៉ាងធ្ងន់ធ្ងរ»។
ក្នុងប្រទេសកម្ពុជា សត្វផ្សោតអ៊ីរ៉ាវ៉ាឌី បានធ្លាក់ចុះជាលំដាប់ចាប់តាំងពីជំរឿនលើកទី១ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ១៩៩៧ ដោយបានធ្លាក់ចុះពី ២០០ ក្បាល នៅឆ្នាំនោះមកនៅប្រហែល ៩០ ក្បាល នាពេលបច្ចុប្បន្ន ដោយសារការបាត់បង់ទីជម្រក និងការអនុវត្តការនេសាទដែលបំផ្លិចបំផ្លាញ។
យោងតាមអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតចំនួន ១១ ក្បាលបានស្លាប់នៅឆ្នាំ ២០២២ ដែលនាំឱ្យចំនួនសរុបនៃសត្វផ្សោតងាប់ដល់ ២៩ ក្បាលក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអង្គការ WWF បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្ត និងដាក់ចេញនូវវិធានការសមស្រប ដើម្បីដោះស្រាយជាបន្ទាន់នូវអត្រាស្លាប់ ដែលបណ្តាលមកពីការគំរាមកំហែងនៃមង និងការនេសាទអគ្គិសនីដែលកើតឡើងនៅក្នុងតំបន់អភិរក្សសត្វផ្សោត។
លោកហ៊ុន សែន ក៏បានលើកឡើងដែរថា ដើម្បីការពារសត្វផ្សោត និងប្រភេទត្រីជិតផុតពូជទាំងអស់ក្នុង ដងទន្លេមេគង្គ ចាំបាច់ត្រូវហាមដាច់ខាតនូវរាល់ការនេសាទគ្រប់ប្រភេទទាំងអស់ ជាពិសេសការនេសាទត្រីនៅក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោត។
លោកបញ្ជាក់ថា៖ «ទន្លេមេគង្គដែលជាជម្រករបស់សត្វផ្សោត និងប្រភេទត្រីជិតផុតពូជ ត្រូវគ្រប់គ្រងឱ្យបានល្អ ដើម្បីកុំឱ្យសត្វផ្សោតងាប់ដោយសារការជាប់មង»។
លោក ស៊ុន កេង ជាអ្នកបើកបរទូកនៅតំបន់អភិរក្សផ្សោតអន្លង់កាំពីក្នុងខេត្តក្រចេះ អស់រយៈពេលជាង ២ ទសវត្សរ៍ មកហើយនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការលួចឆ្មក់នេសាទត្រីនៅក្នុងតំបន់អន្លង់ផ្សោត គឺជាអំពើល្មើសច្បាប់ ដែលមិនត្រូវបានលើកលែងនោះឡើយ។ ប៉ុន្តែដើម្បីជួយដល់ប្រជាសហគមន៍នេសាទ ឱ្យបញ្ឈប់នូវមុខរបរនេសាទ អាជ្ញាធរពាក់ព័ន្ធ គប្បីបង្កើតមុខរបរថ្មី និងផ្ដល់ទុនតាមរយៈកម្ចីគ្មានអត្រាការប្រាក់ជូនដល់ពួកគេ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តក្រចេះ សូមកុំភ្លេចជិះទូកទស្សនាសត្វផ្សោតទន្លេមេង្គ ក្នុងតំបន់រមណីយដ្ឋានអន្លង់កាំពី។
លោកថ្លែងថា៖ «ឥឡូវនេះ នៅទីនេះគួរតែជាកន្លែងតែ ១ គត់ដែលអ្នកអាចឃើញពន្លឺសត្វផ្សោតអ៊ីរ៉ាវ៉ាឌី លេចឡើងលើផ្ទៃទឹក»៕
វីដេអូ៖