ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា «សាលារៀន និងលោកគ្រូ អ្នកគ្រូគឺជាអ្នកកសាងជាតិ»ហើយបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានថ្លែងក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាពក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ៣ ខែមករានេះថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដៃម្ខាងរដ្ឋាភិបាលការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ហើយដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ។ ការស្ដារប្រទេសនេះ ដំបូងបង្អស់ គឺការបើកដំណើរការសាលារៀនលើគ្រប់កម្រិតឡើងវិញ។
លោកថ្លែងថា៖ «ក្នុងសម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង។ ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត។ ពិសេសការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី ២ បន្ទាប់ពីរាជធានីភ្នំពេញ»។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក៏បានលើកឡើងផងដែរថា វិស័យអប់រំ និងបរិស្ថានត្រូវផ្សារភ្ជាប់គ្នា។ លើសពីនេះសិស្សានុសិស្ស អាចសិក្សារៀនសូត្របាននៅក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកធ្វើជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា ២០២២- ២០២៣ និងក្នុងការរៀបចំយុទ្ធនាការអនាម័យបរិស្ថាន ក្រោមប្រធានបទ«មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»នៅវិទ្យាល័យពាមជាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪកាលពីថ្ងៃទី ២ ខែមករានេះ។
លោកថ្លែងថា៖ «សិស្សានុសិស្ស នឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក (ដោយប្រើថង់បរិស្ថាន ប្រើដបទឹកឬសម្ភារដែលអាចប្រើប្រាស់ឡើងវិញ ជាដើម) ចេះគ្រប់គ្រងសំណល់ឱ្យបានល្អ ចូលរួមអនាម័យបរិស្ថាននៅផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ និងអាចជួយផ្សព្វផ្សាយបន្តដល់អ្នកជុំវិញខ្លួន ពីអនាម័យបរិស្ថាន ដែលនាំឱ្យមានសុខភាពល្អ និងមូលដ្ឋានស្អាត និងបៃតង»។
លោកថ្លែងថា ការអប់រំគឺគន្លឹះនៃការអភិវឌ្ឍ និងជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំង ៤ របស់រាជរដ្ឋាភិបាល (មនុស្ស ទឹក ផ្លូវ ភ្លើង) ដែលគ្មានប្រទេសណា អាចអភិវឌ្ឍជឿនលឿនរុងរឿងបានដោយគ្មានធនធានមនុស្ស ប្រកបដោយសមត្ថភាព និងចំណេះដឹងនោះទេ។
លោកក៏បានចែករំលែកចំណុចគ្រឹះចំនួន៨ ដែលផ្តោតសំខាន់លើការសិក្សាឱ្យមានលទ្ធផលល្អ និងទទួលបានជោគជ័យ ដោយលើកទឹកចិត្តឱ្យខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម គោរពវិន័យ ច្បាប់ មានសីលធម៌ គុណធម៌ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមដូសដែលកំណត់ដោយរាជរដ្ឋាភិបាល។ សិស្សានុសិស្សគួរចូលរួមសកម្មភាពសង្គម ធ្វើអំពើល្អ បន្តរក្សាការពារកេរដំណែល ដែលដូនតា និងអ្នកជំនាន់មុនបានបន្សល់ទុកឱ្យ និងការចូលរួមធ្វើឱ្យសាលារៀនស្អាត ភូមិឋានស្អាត សុខភាពល្អ។
លោក ហួ ឆៃងន់ ស្ថាបនិកក្រុមយុវជនស្ម័គ្រចិត្តបរិស្ថាន ក្រៀលកម្ពុជា ថ្លែងថា រឿងសំខាន់ដែលអាចធ្វើការបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀន គ្រប់កម្រិត តាំងពីកម្រិតទាបដល់មហាវិទ្យាល័យ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យតែម្តង។ ការបណ្តុះគំនិតរបស់សិស្សក្នុងកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យពីការការពារបរិស្ថាន និងការទុកដាក់សំរាមនេះ គឺត្រូវមានការរៀបចំនូវយុទ្ធ-សាស្ត្រយ៉ាងណាដើម្បីដាក់ឱ្យពួកគាត់អនុវត្ត ការបង្កើតជាកម្មវិធីឱ្យមានការចូលរួមពីសិស្សានុសិស្សទាំងនោះ ការចុះសម្អាតកន្លែងណាមួយជាដើម។
លោកថ្លែងថា៖ «សាលាគួរមានការរៀបចំនូវសកម្មភាពណាមួយដែលធ្វើឱ្យពួកគាត់សប្បាយចិត្ត និងពេញចិត្តក្នុងការធ្វើការងារដូចជា ការបង្កើតការលេងហ្គេមដោយភ្ជាប់ចំណុចពីការថែរក្សាបរិស្ថាន ឬការបង្កើតអ្វី ១ ដែលជួយបណ្តុះគំនិតពួកគាត់លើការថែរក្សាអនាម័យ បរិស្ថាន នោះធ្វើឱ្យពួកគាត់មានការយល់ដឹងកាន់តែច្រើន»៕