ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធពិធីមីទ្ទិងអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករានៅថ្ងៃទី ៧ ខែមករា ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរំឭកដល់ប្រជាជនឱ្យចងចាំថ្ងៃដែល រួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ភ្ នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៣ ខែមករា ថា៖ «ឆ្នាំនេះជាខួបលើកទី ៤៤។ អ៊ីចឹងយើងធ្វើតាមធម្មតា ក៏ប៉ុន្តែលើកនេះ យើងមិនធ្វើនៅស្នាក់ការគណបក្សប្រជាជនកម្ពុជានៅចំការមនទេ យើងធ្វើនៅកោះពេជ្រ។ បើធ្វើនៅកោះពេជ្រ វាមានទីធ្លាវាលសមរម្យដើម្បីដាក់មនុស្សរាប់ម៉ឺននាក់។ សំបុត្រអញ្ជើញ ៥ [ម៉ឺន] ៦ ម៉ឺននាក់ក៏ប៉ុន្តែអ្នកដែលចូលរួមដែលអត់មានសំបុត្រអញ្ជើញក៏ច្រើនដែរ។ ដូចកន្លងទៅដែលយើងធ្លាប់ធ្វើនៅកោះពេជ្រកន្លងទៅហ្នឹងជិត ១០ ម៉ឺនឯណោះ»។
លោកបន្តថា គោលបំណងសំខាន់នៃការរំឭកខួបនេះគឺធ្វើឱ្យមហាជន និងប្រជាជនមានការចងចាំនូវថ្ងៃ ៧ មករា ដែលជាថ្ងៃរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ហើយថ្ងៃ ៧ មករា នេះក៏ជាថ្ងៃដែលប្រជាជន និងប្រជាជាតិត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយនាំមកនូវសេរីភាពគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋវិញដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។
លោកថ្លែងថា៖ «មានថ្ងៃ ៧ មករា ទើបយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ ខែតុលាឆ្នាំ ១៩៩១ ហើយមានហ្នឹងដែរបានយើងអាចឱ្យអ៊ុនតាក់ហ្នឹងអាចរៀបចំដំណើរការបោះឆ្នោតនីតិកាលទី ១ ឆ្នាំ ១៩៩៣ បានដោយជោគជ័យ ហើយក៏យើងអាចដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីស្វែងរកសន្តិភាពពេញលេញ និងការឯកភាពជាតិជូនប្រជាជន និងប្រទេសជាតិបានដែលបានបាត់បង់យូរណាស់ហើយ រាប់រយឆ្នាំមកហើយឥឡូវយើងបានរកឃើញសន្តិភាពពេញលេញ និងការឯកភាពជាតិ»។
លោក សុខ ឥសាន បញ្ជាក់ថា គណៈកម្មការអចិន្រៃ្តយ៍ និងសមាជិកគណៈកម្មការកណ្តាលនៃគណបក្សទាំងអស់នឹងមានវត្តមានក្នុងអង្គមីទ្ទិងនេះ ដែលលោក ហ៊ុន សែន នឹងថ្លែងរំឭកអំពីសច្ចធម៌ប្រវត្តិសាស្ត្រដែលកើតឡើងនៅថ្ងៃ៧ មករា នេះ និងអត្ថន័យនៃថ្ងៃ ៧ មករា។
លោកនាយករដ្ឋមន្ត្រីអាចនឹងធ្វើការអំពាវនាវដល់ «ជនរួមជាតិទាំងមូល» ដើម្បីរួមសាមគ្គីភាពឯកភាពផ្ទៃក្នុងនៃប្រទេសកម្ពុជាទាំងមូលដើម្បីរួមគ្នាការពារ ថែរក្សាសន្តិភាពឱ្យបានដើម្បីដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនតទៅថ្ងៃខាងមុខទៀត និងបង្ហាញអំពីជំហរការងារការបរទេសរបស់កម្ពុជាដើម្បីឱ្យអន្តរជាតិបានមើលឃើញ។
ជាមួយគ្នានេះលោក ហ៊ុន សែន បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី ៣ ខែមករា ថា៖ «សមិទ្ធផលថ្មីៗជាច្រើនរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល ២៤ ឆ្នាំ បន្ទាប់ពីនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលក្រោមម្លប់នៃសន្តិភាព»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា គណបក្សប្រជាជនកម្ពុជាក្រោយពីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យគណបក្សនេះមានមូលធននយោបាយរឹងមាំតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ នយោបាយធំៗដែលគណបក្សនេះសម្រេចបាន គឺការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ ១៩៧៩ ដំណើរស្វែងរកសន្តិភាពកម្ពុជាគឺបង្រួបបង្រួមជាតិ ឯកភាពទឹកដី ទទួលបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលាឆ្នាំ ១៩៩១ ឈានទៅដល់ការបោះឆ្នោតលើកទី ១ នៅឆ្នាំ ១៩៩៣ ដែលបាននាំយករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យមកកម្ពុជា។
លោកថ្លែងថា៖ «តទៅគឺគាត់ [គណបក្សប្រជាជនកម្ពុជា] បានស្វែងរកសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ នៅពេលដែលសមាហរណកម្មទាំងស្រុងរបស់ក្រុមកម្ពុជាប្រជាធិបតេយ្យហ្នឹងគឺនៅខែធ្នូឆ្នាំ ១៩៩៨។ បានអ៊ីចឹងទៅ គឺទទួលបានសន្តិភាពពេញលេញរហូតមកដល់បច្ចុប្បន្ននេះគាត់រក្សាបានសន្តិភាព និងស្ថិរភាពសង្គម។ នេះជាអ្វីដែលគាត់ទទួលបានក្នុងរយៈពេល ៤៤ ឆ្នាំ ហើយចាក់គ្រឹះយ៉ាងមាំ ចាប់ពីមូលដ្ឋានរហូតមកដល់ថ្នាក់កំពូលជាតិ»។
លោកបន្តថា ទោះយ៉ាងណាការអភិវឌ្ឍនេះនៅមានចំណែកមួយចំនួនដែលត្រូវតែធ្វើកំណែទម្រង់បន្ថែម ដើម្បីចៀសវាងគម្លាតសង្គមកាន់តែធំ កាលណាការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែជឿនលឿន។ ប្រសិនបើមិនមានការប្រយ័ត្ននោះទេ គម្លាតសង្គមធំធ្វើឱ្យមានវិបត្តិសង្គម ដោយលោក ពៅ សំណូមពរឱ្យមានការកាត់បន្ថយគម្លាតសង្គម។
ជាមួយគ្នានេះដែររដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវ លេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹតចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធីរហូតដល់ពិធីត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ២ មករា ថា ការបញ្ចៀសចរាចរណ៍នៅថ្ងៃប្រារព្ធពិធីនេះគឺដើម្បីឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ»៕