ភ្នំពេញៈ ក្នុងឆ្នាំ ២០២២ រដ្ឋបាលជលផលបានកសាងសំណុំរឿងបទល្មើសជលផលជាង ១០០ ករណី ទៅតុលាការ ហើយបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេសបានជិត ៣ ០០០ ករណី ដោយពិន័យជាអន្តរការណ៍បានទឹកប្រាក់ជាង ៣១០ លានរៀល។
របាយការណ៍របស់រដ្ឋបាលជលផល ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៣ ខែមករា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ រដ្ឋបាលជលផលសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស ក្នុងនោះក៏មានក្រុមកាងារអន្តរាគមន៍ចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត ចូលរួមបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបផងដែរ។
ប្រភពដដែលបានឱ្យដឹងបន្តថា ជាលទ្ធផលក្នុងរយៈពេល ១ ឆ្នាំនេះ រដ្ឋបាលជលផល បានកសាងសំណុំរឿងបទល្មើសជលផលសរុបចំនួន ២ ៧៧៨ ករណី ក្នុងនោះសមុទ្រចំនួន ១៧៧ ករណី ហើយបើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១ បទល្មើសមានការថយចុះចំនួន ៤៥៣ ករណី។
របាយការណ៍នេះ បានឱ្យដឹងទៀតថា រដ្ឋបាលជលផល បានរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែង ១ ១៨៣ ៤៣៣ ម៉ែត្រ បង្គោល ឬចម្រឹងចំនួន ៥៨៩ ៦០៦ ដើម លូស្បៃមុង និងសាច់អួនចំនួន ២៥ ០៦២ មាត់ សម្រាស់ឬមធ្យោបាយធ្វើឱ្យត្រី ឬវារីសត្វកុំទំហំ ៦៤ ០៩៤ ម៉ែត្រការ៉េ មងរាយ និងមងបណ្ដែតប្រវែង ១០៩ ០១៦ ម៉ែត្រ លបកែច្នៃ ឬលបកន្ទុយកណ្តុរចំនួន ៦ ៨១៨ គ្រឿង ប្រើសាច់អួនត្រងចាប់ត្រីរួមផ្សំភ្លើង (ឈ្នក់) ចំនួន ២៣ មាត់ ឧបករណ៍ឆក់ត្រីចំនួន ២៩១ គ្រឿង និងបានលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញទម្ងន់ ៣៦ ០៩០ គីឡូក្រាម។
របាយការណ៍បានបញ្ជាក់ថា «សំណុំរឿងបទល្មើសជលផលសរុបចំនួន ២ ៧៧៨ ករណី ខាងលើរួមមាន សំណុំរឿងរឹបអូស និងបំផ្លាញចោលវត្ថុតាងចំនួន ២៥៦០ ករណី។ សំណុំរឿងបញ្ជូនទៅតុលាការចំនួន ១២៨ ករណី ដោយបញ្ជូនជនសង្ស័យទៅតុលាការចំនួន ១២២ នាក់ និងជាប់ពន្ធនាគារចំនួន ៦១ នាក់។ ពិន័យអន្តរការណ៍ចំនួន ៩០ ករណី ថវិកាសរុប ៣១០ ៥៨០ ០០០ រៀល»។
តាមរបាយការណ៍នេះបានបង្ហាញថា សម្រាប់ឆ្នាំ ២០២២ អធិការដ្ឋានរដ្ឋបាលជលផលចំនួន ៥ នៅទូទាំងប្រទេស ក្នុងនោះអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដោយរួមបញ្ចូលខណ្ឌរដ្ឋបាលចំនួន ៥ ខេត្ត បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ៦២១ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១១ ករណី។ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គដែលរួមបញ្ចូលខណ្ឌរដ្ឋបាលចំនួន ៦ ខេត្ត បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ៤១១ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ២៦ ករណី។
ចំណែកអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបដែលរួមបញ្ចូលខណ្ឌរដ្ឋបាលចំនួន ៥ ខេត្ត បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ៥៨៣ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៥៤ ករណី។ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបដែលរួមបញ្ចូលខណ្ឌរដ្ឋបាលចំនួន ៥ ខេត្ត បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ៧៤៦ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៣៧ ករណី ហើយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រដែលរួមបញ្ចូលខណ្ឌរដ្ឋបាលចំនួន ៤ ខេត្ត បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ១៥០ ករណី ដោយគ្មានករណីបញ្ជូនទៅតុលាការ ខណៈអាជ្ញាធរកិច្ចការរដ្ឋបាល និងនីតិកម្ម បានរុះរើ និងបំផ្លាញចោលវត្ថុតាងចំនួន ៤៩ ករណី។ នេះបើតាមរបាយការណ៍ដដែល។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់ពីដើមឆ្នាំ ២០២២ មក រដ្ឋបាលជលផលបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចំនួន ១៥៤ វគ្គ ដោយមានអ្នកចូលរួមចំនួន ២ ១០៧ នាក់ ក្នុងនោះស្រីចំនួន ១៦៨ នាក់។ នេះបើតាមប្រភពដដែល។
លោកបានអះអាងថា បើទោះជាមានលទ្ធផលល្អបែបនេះ ក៏រដ្ឋបាលជលផលនៅប្រឈមការលំបាកមួយចំនួន ដូចជាប្រជានេសាទមួយចំនួននៅតែលួចធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ តាមរយៈឧបករណ៍ឆក់ត្រី ឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតថ្មី លប ឬលូស្បៃមុង និងសាច់អួន លបកន្ទុយកណ្ដុរ ប្រើសាច់អួនត្រងចាប់ត្រីរួមផ្សំភ្លើង (ឈ្នក់) នៅក្នុងបឹង អូរ ស្ទឹង ព្រែក ទន្លេ និងការធ្វើនេសាទក្នុងកន្លែងអភិរក្សជលផលជាដើម។
លោកបានបញ្ជាក់ថា៖ «តាមការសង្កេតបញ្ជាក់ឃើញថា ឆ្នាំ ២០២២ នេះ ប្រជានេសាទភាគច្រើន បាននិងកំពុងធ្វើនេសាទដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ។ ប៉ុន្តែទន្ទឹមនេះក៏នៅមានប្រជានេសាទមួយចំនួនតូចបានឆ្លៀតឱកាសធ្វើនេសាទដោយឧបករណ៍ល្មើសច្បាប់ ដូចជានេសាទដោយឧបករណ៍ឆក់ត្រី របាំងព្រួលភ្ជិតព្រែក ប្រើអួនក្រឡាញឹកត្រងចាប់ត្រីរួមផ្សំភ្លើង ឧបករណ៍របាំងស្បៃមុង និងសាច់អួន លបលួចធ្វើនេសាទនៅកន្លែងអភិរក្សជលផល និងកន្លែងសហគមន៍នេសាទជាដើម»។
លោក អ៊ឹង ទ្រី បានសង្កត់ធ្ងន់ថា សម្រាប់ទិសដៅអនុវត្តបន្ត រដ្ឋបាលជលផល នឹងបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងអនុសាសន៍ ៧ ចំណុចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលដោយសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបន្ថែមទៀត៕