កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺគ្រោងប្រកាសជាផ្លូវការជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយបានបញ្ចប់ការវាយតម្លៃជោគជ័យ ១០០ ភាគរយ កាលពីដំណាច់ឆ្នាំ២០២២ ដែលអាចឈរក្នុងលំដាប់លេខទី៤ ជាខេត្តដែលទទួលបាន ODF នៅកម្ពុជា។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឱ្យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៤មករាថា លទ្ធផលបច្ចុប្បន្នភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងខេត្តកំពង់ស្ពឺគឺសម្រេចបាន១០០ភាគរយហើយកាលពីដំណាច់ឆ្នាំ២០២២។ ប៉ុន្តែ លោក អះអាងថា រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធ នៅមិនទាន់ប្រកាសជាផ្លូវការបាននៅឡើយទេ ព្រោះត្រូវការពេលវេលា ដើម្បីរៀបចំឱ្យបានត្រឹមត្រូវតាមគោលការណ៍។
លោកបានបញ្ជាក់ថា៖«ខេត្តយើង គ្រោងប្រកាសជាផ្លូវការនៅខែកុម្ភៈឆ្នាំ២០២៣ ព្រោះលទ្ធផលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងខេត្តយើង គឺសម្រេចបាន១០០ភាគរយហើយ។ យើងមិនអាចប្រកាសជាផ្លូវការកាលពីក្នុងឆ្នាំ២០២២ ព្រោះតែមានឧបសគ្គក្នុងការអនុវត្តគោលការណ៍នេះ»។
បើតាមលោក វ៉ី សំណាង ឧបសគ្គសម្រាប់ខេត្តកំពង់ស្ពឺក៏ព្រោះតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជននៅមានកម្រិតហើយពួកគាត់តែងចង់បានបង្គន់ល្អ(វីឡាបង្គន់)ខណៈរដ្ឋបាលខេត្ត នៅខ្វះខាតថវិកាក្នុងការងារនេះ ហើយអង្គការដៃគូនៅមានតិចតួចនៅឡើយ។
តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣របស់ក្រសួងអភិវឌ្ឍន៍ជនបទបានគ្រោងខេត្តចំនួន៥ដើម្បីជំរុញជាខេត្តODFក្នុងនោះមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។សម្រាប់ឆ្នាំ២០២២ខេត្តដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)ហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការគឺមានខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាលដែលមិនមាននៅក្នុងផែនការនេះ។
លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អង្គការភ្លែនបានសហការជាមួយនាយកដ្ឋានថែទាំសុខភាពនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការវាយតម្លៃ និងបានមើលឃើញពីស្ថានភាពអនាម័យក្នុងខេត្តកំពង់ស្ពឺនេះ គឺបានឈានទៅដល់ជាង៩០ភាគរយ ដែលអាចនឹងប្រកាសជាខេត្ត ODF បានហើយ។
លោកបានបញ្ជាក់ថា៖«ជារួមអ្វីដែលយើងមើលឃើញគឺស្ថានភាពនៅក្នុងខេត្តកំពង់ស្ពឺគឺអត្រាគ្រប់ដណ្តប់អនាម័យបានលើសពី៩០ភាគរយហើយដែលខេត្តនឹងអាចក្លាយជាខេត្តជយលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងពេលបន្តទៀត។យើងចុះទៅធ្វើការវាយតម្លៃនិងពិនិត្យបញ្ជាក់ក៏ដូចជាការប្រកាសខេត្តនេះជាខេត្តODFឱ្យដូចទៅនឹងការប្រកាសជាផ្លូវការខេត្តកណ្តាល ស្វាយរៀងនិងព្រៃវែងកន្លងមក »។
ជាមួយនឹងការគ្រោងប្រកាសជោគជ័យរបស់ខេត្តកំពង់ស្ពឺនេះ លោក យី គឹមថាន ក៏បានឱ្យដឹងដែរថា ក្នុងអំឡុងពេលខាងមុខនេះដែរ ខេត្តកំពង់ឆ្នាំង និងខេត្តកែបក៏អាចនឹងត្រូវប្រកាសជាខេត្តODFស្របតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរខណៈអង្គការភ្លែននៅតែបន្តជំរុញខេត្តគោលដៅរបស់ខ្លួនឱ្យសម្រេចបានODFនេះក្នុងពេលឆាប់ៗ។
លោកបានបញ្ជាក់ថា៖«អង្គការភ្លែននឹងបន្តជួយទៅដល់ក្រសួង និងបូកជាមួយគម្រោងដែលយើងកំពុងធ្វើការក្នុងខេត្តចំនួន៣មានខេត្តសៀមរាប ខេត្តស្ទឹងស្រែង និងខេត្តរតនគិរី ដែលជាខេត្តគោលដៅក្នុងការបន្តធ្វើម៉េចឱ្យខេត្តទាំងអស់នេះក្លាយទៅជាខេត្តODFផងដែរ។ការសម្រេចបានរបស់ខេត្តបន្តទៀតគឺវាអាស្រ័យឆន្ទៈរបស់ខេត្តនីមួយៗនិងការយល់ដឹងរបស់ប្រជាពលរដ្ឋកម្រិតណាហើយចង់ឱ្យខេត្តគាត់ក្លាយជាODFឬអត់?»។
លោក ជឹម ចរណៃ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បញ្ហាទឹកស្អាត និងអនាម័យ ត្រូវបានក្រសួងចាត់ទុកជាដំណោះស្រាយដ៏សាមញ្ញដែលមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយត្រូវបានដាក់ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន។
លោកបានអះអាងបន្តថា ផែនការគ្រោងសម្រេចODFរបស់ខេត្តកំពង់ស្ពឺនេះគឺជាជោគជ័យមួយដែលបានធ្វើរួមគ្នា ខណៈក្រសួងនឹងបន្តតាមដានបន្ថែមទៀតដើម្បីប្រកាសខេត្តនេះជាខេត្តODFផ្លូវការក្នុងពេលខាងមុខ។
លោកបានបញ្ជាក់ថា៖«ខេត្តកំពង់ស្ពឺនេះខាងក្រសួងបានចុះទៅពិនិត្យតាមគោលការណ៍ម្តងហើយ។ យើងក៏បន្តចុះទៅបញ្ជាក់ជាបន្តបន្ទាប់ដើម្បីបញ្ចប់កិច្ចការងារផ្ទៃក្នុង នៅក្នុងអំឡុងខែមករានេះ ហើយយ៉ាងយូរប្រហែលខែកុម្ភៈនេះ យើងនឹងចុះទៅធ្វើការផ្ទៀងផ្ទាត់ជាផ្លូវការ ដែលអាចនឹងប្រកាសបាននៅពេលនោះ»។
តាមលោក ជឹម ចរណៃ នៅឆ្នាំ២០២៣ ក្រសួងបានដាក់ចេញផែនការសម្រេចឱ្យបានអត្រាគ្របដណ្តប់អនាម័យជនបទ ៩០ភាគរយដោយក្នុងនោះគឺត្រូវសម្រេចឱ្យបាននូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាលវាលពាសកាលក្នុងកម្រិតសហគមន៍ឱ្យបានច្រើនរហូតដល់ ១២ ៧០០ភូមិ ៦០០ឃុំ សង្កាត់, ៣០ស្រុក និង៤ខេត្ត។
យោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានចេញផ្សាយនៅថ្ងៃទី២៨ ធ្នូ ឆ្នាំមុន បានឱ្យដឹងថា លទ្ធផលជាក់ស្តែងឆមាសទី២ ឆ្នាំ២០២២ គឺមានរាជធានី-ខេត្តចំនួន៣ ក្នុងចំណោម២៥រាជធានី-ខេត្តទទួលបានជយលាភី ឬសម្រេចបាន ODF ដែលស្មើនឹង១២ភាគរយ។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា ចំពោះស្រុក ក្រុង ខណ្ឌចំនួន៤៧ ក្នុងចំណោម២០៤ ទូទាំងប្រទេស ទទួលបានជយលាភីឬសម្រេចបានODF ខណៈឃុំ សង្កាត់ចំនួន៥៦១ ឬស្មើ៣៤ភាគរយក្នុងចំណោម ១ ៦៥២ ទទួលបានជយលាភីឬសម្រេចបានODF។
ប្រភពដដែលបានឱ្យដឹងបន្ថែមថា កម្រិតរដ្ឋបាលភូមិមានចំនួន ៧ ០៨៥ឬស្មើ៤៩ភាគរយក្នុងចំណោម១៤ ៤៣០ ភូមិទទួលបានជយលាភីឬសម្រេចបានODF ខណៈភូមិដែលសម្រេចបានក្នុងការដឹកនាំអនាម័យក្នុងសហគមន៍ដើម្បីចូលរួមបំផុសផ្សព្វផ្សាយការយល់ដឹងអំពីអនាម័យ និងបញ្ចេះឱ្យសហគមន៍សាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមខ្នងផ្ទះមានដល់ ៧ ៧១០ភូមិ ឬស្មើនឹង៥៣ភាគរយ៕