ភ្នំពេញៈ ឆ្នាំ​សិក្សា​ថ្មី​នេះ ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប បាន​ស្វះ​ស្វែងរក​សាកលវិទ្យាល័យ​ ដើម្បី​បន្ត​ការសិក្សា​រៀនសូត្រ​កម្រិត​បរិញ្ញាបត្រ​។ សាកលវិទ្យាល័យ​ផ្សេងៗ​ក្នុង​ក្រុងភ្នំពេញ​ កំពុង​មមាញឹក​នឹង​ការទទួល​ពាក្យ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សិស្សានុសិស្ស​។​

ដោយឡែក ​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ឆ្នាំនេះ​ ក៏​ចាប់ផ្ដើម​ឃើញ​មាន​ការចាប់អារម្មណ៍​ និង​ដាក់ពាក្យ​ចូលរៀន​ច្រើន​ផងដែរ​។ ជំនាញ​នេះ​មាន​ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែលមាន​ឈ្មោះថា ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍​(DMC)។​

ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅទីនេះ ​គឺ​ក្ដោប​រួមទាំង​ជំនាញ​សរសេរ​ព័ត៌មាន ​ការផលិត​កម្មវិធី​ទូរទស្សន៍ ​វិទ្យុ ​ជា​ពិធីករ​/ពិធីការិនី ​បង្កើត​មាតិកា ​ផលិត​កុន ​និង​ជំនាញ​ក្រាហ្វីក​ឌីហ្សាញ​ជាដើម​។ ខុសពី​ជំនាញ​ផ្សេងៗ ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​មិនសូវ​ជាមាន​អ្នក​ស្គាល់​ច្រើន​ប៉ុន្មាន​ទេ ​ជាហេតុ​ធ្វើឱ្យ​ធនធានមនុស្ស​ផ្នែក​នេះ​នៅមាន​កង្វះខាត​។​

យុវ​សិស្ស​ប៊ុន​ លាភ ​អាយុ​១៦ឆ្នាំ ​រស់នៅ​ទីក្រុង​ភ្នំពេញ ​ដែល​បាន​ទៅ​ដាក់ពាក្យ​សម្រាប់​ត្រៀម​ប្រឡង​ចូលរៀន​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ខាងមុខ ​បាន​រៀបរាប់ថា ​ខ្លួន​ចូលចិត្ត​ជំនាញ ​ដែលមាន​នៅក្នុង​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ប៉ុន្តែ​មិនដែល​បានដឹងថា ​មាន​សាលារៀន​ជំនាញ​នេះ​នៅ​កម្ពុជា​។

យុវសិស្ស​ប៊ុន ​លាភ ​រៀបរាប់ថា​៖«ខ្ញុំ​ចូលចិត្ត​ថត​វីដេអូ ​កាត់​វីដេអូ ​និង​ចង់​ក្លាយជា​អ្នក​ផលិត​មាតិកា​បង្ហោះ​តាម​បណ្ដាញ​សង្គម ​ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​ដែល​បានដឹងថា ​មាន​សាលា​បង្រៀន​ជំនាញ​នេះ»។

ប៉ុន្តែ​ដើម្បី​បានជា​ប់រៀន​ជំនាញ​នេះ ​សិស្សានុសិស្ស ​ដែល​បានដាក់​ពាក្យ​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ប្រឡង​ជម្រុះ​ចំនួន​២​ដង​ គឺ​វិញ្ញាសា​សំណេរ ​និង​ការសម្ភាសផ្ទាល់មាត់​។ ដោយ​មិនបាន​ត្រៀម​ទុកជាមុន​ច្រើន​ យុវសិស្ស​រូបនេះ​ថា​ ខ្លួន​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់ ​ដែល​នឹង​អាច​ប្រឡង​ជាប់​នោះ​ទេ ​ដោយបាន​ត្រឹមតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ​ដើម្បី​អាច​ចូលរៀន​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​។​

សិស្ស​ម្នាក់ទៀត ​ដែល​បានដាក់​ពាក្យ​ចូល​សម្រាប់​ប្រឡង​ចូលរៀន​ជំនាញ​ខាងលើ ​គឺ​កញ្ញា ​ឃីម ​សុគន្ធី ​បានឱ្យដឹងថា​ ខ្លួន​ស្គាល់​ដេប៉ាតឺម៉ង់​នេះ​តាមរយៈ​គ្រូ​របស់​ខ្លួន​នៅឯ​ខេត្តកំពង់ធំ​។

យុវតី​រូបនេះ​បានបង្ហាញ​ពី​បំណង​របស់​ខ្លួន​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​៖«ខ្ញុំ​មាន​ក្ដី​ស្រមៃ ​ចង់​ក្លាយជា​អ្នកសារព័ត៌មាន​ ដែល​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​យូរ​មក​ហើយ»។

សម្រាប់​កញ្ញា ​ឃីម ​សុគន្ធី ​ឱ្យដឹងថា ​ខ្លួន​មាន​សង្ឃឹម​ខ្ពស់​ទៅលើ​ការប្រឡង​ចូល ​ដោយ​ខ្លួន​បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ដំណាក់កាល​ទាំង​២​។ ម្យ៉ាងទៀត​យុវតី​រូបនេះ​តែងតែ​តាមដាន​នូវ​រាល់​ស្ថានការណ៍​សង្គម ​និង​បង្កើន​នូវ​ចំណេះដឹង​ទូទៅ​របស់​ខ្លួន​ដើម្បី​ត្រៀម​ចូលរៀន​។​

​កញ្ញា​បញ្ជាក់ថា​ ការ​ចូលរៀន​ជំនាញ​នេះ​ គឺជា​ក្ដី​ស្រមៃ​របស់ខ្លួន ​ដោយ​មិន​បានទទួល​គំនាប​ពី​នរណា​ម្នាក់​ឡើយ ​ហើយ​ខ្លួន​មាន​ការសប្បាយ​ចិត្ត​ក្នុង​ការដើរ​តាម​ក្ដី​ស្រមៃ​នេះ។​

លោក​អ៊ុង ​ប៊ុនអុី ​ដែលជា​ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍​ បាន​រៀបរាប់​អំពី​ការ​ចូលរៀន​ជំនាញ​នេះ​ថា​៖«ជាទូទៅ​សិស្ស​ត្រូវមាន​ចំណង់​ចំណូល​ចិត្ដ​របស់​គាត់​ចូល​ចិត្ដ​ខាង​ហ្នឹង​។ គ្រាន់តែ​កន្លងមក​សិស្ស​គាត់​អត់​សូវ​ស្គាល់ ​អត់​សូវ​ដឹងថា ​តើ​កន្លែង​យើង​មាន​រៀន​ជំនាញ​អ្វីខ្លះ​...? ដូច្នេះ​បើសិនជា​គាត់​គិតថា​ គាត់​ចូល​ចិត្ដ​ខាង​សរសេរ ​ខាង​តែង​និពន្ធ ​ខាង​ថតរូប ​ផលិត​វីដេអូ ​ខាង​អីហ្នឹង​ ឬក៏​ខាង​ទំនាក់ទំនង​គាត់​អាច​រៀន​ជំនាញ​នេះ​បាន»។​

លោក​បន្តថា​៖«បើ​និយាយ​ពី​កត្ដា​ប្រឈម​វិញ ​គឺ​ដូចជា​អត់​មាន​ទេ​ និស្សិត​ដែល​ចប់​ពី​យើង​ទៅ ​ទីផ្សារការងារ​មាន​ច្រើន​ ប៉ុន្ដែ​ធនធាន​យើង​ផលិត​បាន​តិច​។​ដូច្នេះ​ទីផ្សារ​ត្រូវការ​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍​នេះ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន ​ហើយ​បើ​យើង​និយាយ​ទៅ ​វា​គឺជា​គុណសម្បត្ដិ​វិញ​ទេ​ ព្រោះ​ជំនាញ​មួយ​ដែល​គេ​មិនសូវ​ស្គាល់​ បែបនេះ​ពេល​សិស្ស​រៀន​ចប់​ហើយ​តម្រូវការ​ទីផ្សារ​ធំ»។​

កម្មវិធីសិក្សា​ មាន​ដូចជា​ ឆ្នាំ​ទី​១ ​ផ្ដោត​សំខាន់​ទៅលើ​មូលដ្ធាន​គ្រឹះ​ ដូច្នេះ​សិស្ស​ត្រូវ​រៀន​មុខវិជ្ជា​ទូទៅ​ច្រើនជាង​ឆ្នាំ​ទី​២​។ រីឯ​ឆ្នាំ​ទី​៣ ​ផ្ដោត​សំខាន់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​សរសេរ​ព័ត៌មាន​សម្រាប់​វិទ្យុ ​ទូរទស្សន៍ ​ការផលិត​កម្មវិធី​វិទ្យុ ​ទូរទស្សន៍​ ការផលិត​វីដេអូ​ឯកសារ ​និង​មាន​ទំនាក់ទំនង​សាធារណៈ ​និង​ស្រាវជ្រាវ​។ សម្រាប់​ឆ្នាំ​ចុងក្រោយ​ គឺ​ផ្ដោត​សំខាន់​ទៅលើ​ ខាង​គ្រប់គ្រង​ច្រើនជាង ​ដូចជា ​គ្រប់គ្រង​បន្ទប់​ព័ត៌មាន ​គ្រប់គ្រង​គម្រោង ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​មាន​គ្រប់គ្រង​យុទ្ធនាការ​ផ្សេងៗ​(Campaign)​ពាក់ព័ន្ធ​ផ្នែក​សារគមនាគមន៍​។​

គួរ​បញ្ជាក់ថា ​នៅ​កម្ពុជា ​មាន​សាកលវិទ្យាល័យ​ចំនួន​៣ ​ដែលមាន​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ សាកលវិទ្យាល័យ​ទាំងនោះ​ រួមមាន ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ​និង​សាកលវិទ្យាល័យ​កម្ពុជា​៕