ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរដូវប្រមូលត្រីប្រហុកនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះមានការកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជលផល និងកងកម្លាំងចម្រុះដែលបានទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងរដូវត្រីពង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ៣ ខែមករា បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ សម្រេចបានបរិមាណ ១ ៤៨១ តោន ដែលបរិមាណនេះកើនឡើងប្រមាណ ៤០ ភាគរយ បើប្រៀបធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០ តោន។
ក្រសួងបានគូសបញ្ជាក់ថា៖ «កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុងឆ្នាំ ២០២២ កន្លងទៅ»។
បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាប្រជានេសាទទាំងអស់ឱ្យគោរពច្បាប់នេសាទ ដើម្បីរក្សា ធនធានជលផលឱ្យបានយូរអង្វែង។ ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន។ តាមរយៈសេចក្តីប្រកាសនេះ ក្រសួងកសិកម្មសង្កត់ធ្ងន់ថា នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណា ដែលមានភ័ស្តុតាង និងកំណត់អត្តសញ្ញាណនៃជនដែលបានប្រព្រឹត្តបទល្មើស។
ក្រសួងបានលើកឡើងផងដែរថា នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទនិងប្រជាពលរដ្ឋនៅសហគមន៍ មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីក្រនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលលោក ហេង សុភារិទ្ធិ បានថ្លែងថា កំណើនដាយត្រីសម្រាប់ឆ្នាំនេះដោយសារកត្តាយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ គួបផ្សំជាមួយការបង្ក្រាបបទល្មើសនេសាទពីសំណាក់អាជ្ញាធរផងដែរ។
លោកថា៖ «កន្លែងខ្លះបទល្មើសឃើញមានការថយចុះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន និងយល់ពីផ្លូវច្បាប់ ហើយគាត់យល់ច្រើនពីមូលហេតុដែលធ្វើឱ្យត្រីធម្មជាតិថយចុះ ទើបពលរដ្ឋមួយចំនួនបោះបង់ចោលឧបករណ៍ឆក់ ឬនេសាទខុសច្បាប់»។
មួយវិញទៀត ការបង្ក្រាបបទល្មើសនាពេលបច្ចុប្បន្ន មានភាពល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ លោកថា៖ «ការប្រឈមចេះតែមាន ប៉ុន្តែមិនមានការលំបាកដូចសម័យមុនៗទេ ពីមុនការបង្ក្រាបមានការប្រឈមរវាងជនល្មើសជាមួយសមត្ថកិច្ចដោយប្រើប្រាស់អាវុធ ប៉ុន្តែឥឡូវនេះមិនសូវប្រឈមនឹងបញ្ហានេះទេ»។
លោក សុភារិទ្ធិ ឱ្យដឹងថា ក្រោយពីប្រមូលផលត្រីស្កុកធម្មជាតិ រដ្ឋបាលជលផលនឹងបង្កើនទៅលើវារីវប្បកម្មរបស់ប្រជាពលរដ្ឋនៅខេត្តកណ្តាល ហើយប្តេជ្ញានឹងបង្កើនការទប់ស្កាត់បទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់បន្ថែមទៀត។
ប្រភេទត្រីដែលនេសាទបានពីដាយត្រីក្នុងរដូវនេសាទនេះរួមមាន ត្រីរៀល ៤៥% ត្រីស្លឹកឫស្សី ៣០% ត្រីខ្នងវែង ៥% ត្រី កញ្ជ្រូក ៣% ត្រីច្រកែង ២% ត្រីឈ្វាត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ ៨ ០០០ នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។
សេចក្តីប្រកាសដដែលបន្តថា ដើម្បីរក្សាកំណើនត្រី ក្រសួងកសិកម្មនឹងបន្តធ្វើឱ្យមានតុល្យភាពរវាងការអភិរក្ស និងអភិវឌ្ឍ ដែលមិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ ខណៈទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំង ២ នេះគឺដើម្បីកុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស៕
វីដេអូ៖