ពោធិ៍សាត់ៈ ក្រសួងមហាផ្ទៃបានប្រកាសកាលពីចុងខែធ្នូ ឆ្នាំ ២០២៣ ដោយបានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ភូមិ ដោយបំបែកចេញពីភូមិចាស់ដែលមានស្រាប់នៅក្នុងស្រុកមួយចំនួននៃខេត្តពោធិ៍សាត់ ក្នុងគោលនយោបាយផ្ដល់សេវាសាធារណៈនានាឱ្យបានឆាប់រហ័សទៅដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ ថា ការបង្កើតភូមិថ្មីមិនមែនចេះតែនឹកឃើញបង្កើតនោះទេ លុះត្រាតែមានបញ្ហាប្រឈមក្នុងការផ្តល់សេវាសាធារណៈ ឬការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋានមានភាពចាំបាច់។
លោកថា កាលណានៅដាច់ឆ្ងាយពីគ្នាពេកគឺមានការលំបាកក្នុងការគ្រប់គ្រង ពិបាកទាំងទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផងដែរ។
លោកថ្លែងថា៖ «បើសិនជាពិនិត្យជាក់ស្តែង ដូចខ្ញុំនៅមូលដ្ឋានជាប់អ៊ីចឹងខ្ញុំមើលឃើញ បញ្ហាច្រើនណាស់ កាលណាភូមិ ១ នៅដាច់ស្រយាលឆ្ងាយហើយយើងមិនមានរដ្ឋបាលគ្រប់គ្រងត្រឹមត្រូវ ប្រជាពលរដ្ឋរស់នៅគឺពិបាក ទាំងទំនាក់ទំនងគ្នា ទាំងការគ្រប់គ្រងការងារសន្តិសុខ មានអាសន្នអន្ធក្រអីក៏យើងពិបាកដោះស្រាយដែរ តែកាលណាយើងមានសេវាដល់មូលដ្ឋានគ្រប់ជ្រុងជ្រោយពួកគាត់មានការងាយស្រួល»។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៩ ខែធ្នូ ២០២២ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៤ ខែមករា ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចបង្កើត ភូមិបរវង្ស ដោយបំបែកចេញពីភូមិទួលគ្រួស នៃសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ភូមិផ្ទះព្រៃ ដោយបំបែកចេញពីភូមិពាលញែក ១ នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ភូមិសំពៅមាស ដោយបំបែកចេញពីភូមិពាលញែក ២ នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ភូមិចំការចេក ដោយបំបែកចេញពីភូមិចំការចេកខាងជើង នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ភូមិថ្មបីដុំ ដោយបំបែកចេញពីភូមិអូរថ្កូវ នៃសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ភូមិអូរត្រាវ ដោយបំបែកចេញពីភូមិរលាប នៃសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ភូមិឈើទាលរូង ដោយបំបែកចេញពីភូមិព្រៃឪម៉ាល់ នៃសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ភូមិតាម៉ៅ ដោយបំបែកចេញពីភូមិព្រែកត្របែក នៃឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ និងភូមិប្រឡាយធំ ដោយបំបែកចេញពីភូមិទួលទទឹង នៃឃុំកញ្ជរស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ភូមិព្រាល ដោយបំបែកចេញពីភូមិនិគមន៍លើ នៃឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ភូមិស្រគំ ដោយបំបែកចេញពីភូមិក្រឡាញ់ នៃឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភូមិក្រាំងខឿន ដោយបំបែកចេញពីភូមិផ្ទះចេក និងភូមិឈើទែប នៃឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភូមិរគោ ដោយបំបែកចេញពីភូមិអង្គ្រង នៃឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ភូមិអូរ ដោយបំបែកចេញពីភូមិព្រងិល នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត-ពោធិ៍សាត់។ ភូមិព្រៃអណ្តូង ដោយបំបែកចេញពីភូមិអូរបាក់ត្រា នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រសួងបញ្ជាក់ថា៖ «ប្រកាសនេះ ត្រូវអនុលោមទៅតាមសេចក្ដីណែនាំ...បែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ»។
លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានឱ្យដឹងនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ ថា ការបង្កើតភូមិថ្មីនៅទីតាំងដែលមានចំនួនមនុស្សច្រើនពេក ហើយមិនមែនជាភូមិជាប់គ្នា នៅដាច់ដោយដុំផ្សេងៗ មានប្រជាជនច្រើន ៥០០ ទៅ ៨០០ គ្រួសារ នោះការបង្កើតភូមិថ្មីអាចមានប្រសិទ្ធភាព ក្នុងការជួយផ្តល់សេវាកម្មល្អជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែបើបង្កើតថ្មីដោយគោលដៅនយោបាយមកពីក្រៅ នោះជារឿងមួយទៀតផ្សេងទៀត។
អ្នកតាមដានការអភិវឌ្ឍសង្គមថា៖ «ការបង្កើតភូមិងាយស្រួលគ្រប់គ្រងលុះត្រាតែភូមិនោះធំ ហើយមានភូមិសាស្ត្រដាច់ពីគ្នា អាហ្នឹងសមស្របក្នុងការបង្កើត»៕