កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅថ្ងៃទី ៨ និង ៩ មករា ឆ្នាំ ២០២៣ សម្រាប់ប្រារព្ធពិធីបើកការដា្ឋនពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាផ្លូវ ៤ គន្លង ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែមករា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៩ ខែមករាខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាផ្លូវ ៤ គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ (គីឡូម៉ែត្រលេខ ៨៦)។
រដ្ឋបាលខេត្តបានបញ្ជាក់ថា «ដើម្បីឱ្យដំណើរការរៀបចំបើកការដ្ឋានប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្តកំពង់ចាមនឹងបញ្ចៀសចរាចរណ៍ចាប់ពីថ្ងៃទី ៨-៩ ខែមករា ឆ្នាំ ២០២៣ ចំពោះយានយន្តគ្រប់ប្រភេទនៅកំណាត់ផ្លូវជាតិលេខ ៧»។
ការបញ្ចៀសចរាចរណ៍នេះ គឺចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្គន់ ឃុំសូទិប ស្រុកជើងព្រៃ។
ប្រភពដដែលបានបន្តថា៖ «ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្គន់ ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ ៦០ ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវលេខ ២៧០ ត្រង់ផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស»។
ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាមទៅខេត្តកំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកត្រែង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ ៧១ ស្រុកចំការលើ ចំណែកយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
រដ្ឋបាលខេត្តកំពង់ចាម បានបន្តថា សម្រាប់យានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូលខេត្តកណ្តាល។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីចុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងការរៀបចំប្រារព្ធពិធីបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ប្រវែងសរុប ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលផ្សារស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។
សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៧ ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមនេះ ត្រូវពង្រីកជាផ្លូវ ៤ គន្លង ដែល ២ គន្លងទៅ និង ២ គន្លងមក។ ផ្លូវនេះប្រើប្រាស់ថវិកាជិត ១១៥ លានដុល្លារ គ្រោងចំណាយពេលសាងសង់ប្រមាណ ៣៦ខែ និងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន៕