កណ្តាលៈ រដ្ឋបាលខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លងទាំងឡាយណា ដែលមិនបានអនុវត្តពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លង ដែលតម្រូវឱ្យ មានការប្រើប្រាស់ទូកដែកមានទំហំខ្នាតសមស្រប ឬសាឡង់មក ជំនួសទូកឱប [ទូកឈើ ២ ផ្គួបគ្នា] ដើម្បីសុវត្ថិភាពអ្នកដំណើរ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី ក្រុមគណៈបញ្ជាការឯកភាពខេត្តកណ្ដាល បានចុះពិនិត្យអង្កេតទៅលើស្ថានភាពនៃអាជីវកម្មកំពង់ចម្លង នៅទូទាំងខេត្ត កាលពី ថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២២ ហើយបានរកឃើញការប្រកបអាជីវកម្មកំពង់ចម្លងមួយចំនួន នៅមិនទាន់ អនុវត្តពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លង នៅឡើយ។ នេះបើតាមលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
លោកថ្លែងថា បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកដចម្លង ១ គ្រឿង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី ១២ តុលា ឆ្នាំ ២០២២ ដែលបង្កឱ្យស្លាប់សិស្សសាលាចំនួន ១២ នាក់មក រដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវអនុវត្តគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ។
រដ្ឋបាលខេត្ត បានតម្រូវឱ្យបញ្ឈប់ការប្រើប្រាស់ទូកឱបជាបន្ទាន់ ហើយជំនួសមកវិញនូវទូកដែក ដែលមានទំហំខ្នាតសមស្របតាមនិយាមបច្ចេកទេសទូកចម្លង ឬសាឡង់ដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរ។ ជាពិសេសបានតម្រូវឱ្យមានការរៀបចំផ្លូវឡើងចុះ និងផែ ឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស ហើយអ្នកបើកបរទូកចម្លង ត្រូវមានបណ្ណបើកបរ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែមកទល់ពេលនេះ ក្រុមការងារយើងនៅតែបន្តរកឃើញមានម្ចាស់អាជីវកម្មកំពង់ចម្លងមួយចំនួន នៅមិនទាន់អនុវត្តបានពេញលេញ តាមការណែនាំនេះទេ។ ដើម្បីសុវត្ថិភាពអ្នកដំណើរ យើងចាំបាច់ ត្រូវបញ្ឈប់អាជីវកម្មទូកចម្លងទាំងឡាយណា ដែលមិនគោរពអនុវត្តតាមសេចក្ដីណែនាំនេះ»។
ទោះយ៉ាងណា លោកសោភ័ណ្ឌ បន្តថា រដ្ឋបាលខេត្តទុករយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ ដើម្បីឱ្យម្ចាស់អាជីវកម្មកំពង់ចម្លង ឬទូកដ មាន ឱកាសក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនេះជាបន្តទៀត។ ព្រោះរាល់ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបអាចដំណើរការបាន។
ទន្ទឹមនឹងនេះ លោកណែនាំដល់អាជ្ញាធរនៅតាមគ្រប់មូលដ្ឋាន ត្រូវដាក់កម្លាំងប្រជាការពារយ៉ាងតិចម្នាក់ឱ្យនៅប្រចាំការ តាមកំពង់ចម្លងទូកដនីមួយៗផងដែរ ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ និងត្រូវដាក់ស្លាកសញ្ញាណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លងទឹកតាមទូកដ ព្រមទាំងធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ។ ក្នុងនោះរួមបញ្ចូលទាំងការត្រួតពិនិត្យលើពោងសុវត្ថិភាព ភ្លើងបំភ្លឺ ផ្លូវនៅពេលយប់ ខ្សែពួរ អាវពោង និងកំណល់[រថយន្ត]ជាដើម។
ជុំវិញសេចក្ដីណែនាំនេះលោកចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះ លោកជំរុញឱ្យអាជ្ញាធរឃុំ រៀបចំបញ្ជីឈ្មោះប្រជាការពារភូមិ ដែលត្រូវបំពេញកាតព្វកិច្ចលើកិច្ចការនេះ បញ្ជូនមករដ្ឋបាលស្រុក ដើម្បីពិនិត្យ និងសម្រេច។
លោកថ្លែងថា៖ «យើងបានរៀបចំក្រុមការងារគ្រប់គ្រងលើកិច្ចការងារនេះរួចហើយ គឺរង់ចាំតែបញ្ជីឈ្មោះប្រជាការពារ ដែលនឹងត្រូវបានលើកស្នើមកពីអាជ្ញាធរឃុំ តាមមូលដ្ឋាននីមួយៗប៉ុណ្ណោះ»។
បើតាមលោកច័ន្ទវិទ្យា ស្រុកលើកដែក មានអាជីវកម្មកំពង់ចម្លងចំនួន ៦ ទីតាំង និងមានទូកដែកចំនួន ៣ ក្រៅពីនោះជាទូកឈើធំៗ ដែលអាចដាក់ចំណុះបានពី ១៥ តោន ដល់ ៤០ តោន និងនៅមានគុណភាព ៧០ភាគរយឡើងទៅ។ លោកបន្ថែមថា ថ្វីបើដូច្នេះក្ដីពេលនេះលោកបានតម្រូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លង ដែលមានទូកឈើនោះ ត្រូវ យកចិត្តទុកដាក់ អនុវត្តឱ្យបាន ១០០ ភាគរយតាមការណែនាំរបស់រដ្ឋបាលខេត្ត គឺត្រូវរៀបចំទូកដសម្រាប់ចម្លងអ្នកដំណើរជាទូកដែកមានទំហំខ្នាតសមស្របតាមលក្ខណៈបច្ចេកទេស។
លោក ខៀវ សំផន អ្នកបើកបរទូកចម្លងក្នុងសហគមន៍ភូមិកោះចំរើន ដែលនៅពេលនេះ បានផ្អាកសកម្មភាពដឹកអ្នកភូមិ និងសិស្សសាលាជាបណ្ដោះអាសន្ន ដោយសារទឹកទន្លេមេគង្គនៅផ្នែកម្ខាងនៃកោះដ៏តូចមួយនេះត្រូវបានរីងស្ងួត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនមានលទ្ធភាពធ្វើទូកដែក ស្របតាមលក្ខណៈបច្ចេកទេស ជាទូកចម្លងដែលត្រូវបានណែនាំដោយរដ្ឋបាលខេត្តនោះទេ។ ប៉ុន្តែលោកអះអាងថា ទូករបស់លោកបច្ចុប្បន្ន អាចដឹកទំនិញ និងមនុស្សបានលើសពី ៥ តោន ដោយមានភាពរឹងមាំជាង ៧០ ភាគរយ និងបានបំពាក់ឧបករណ៍បច្ចេកទេសតាមការណែនាំរបស់រដ្ឋបាលខេត្ត ១០០ ភាគរយ។
លោកបញ្ជាក់ថា៖ «ទូកខ្ញុំជាទូកឈើមែន ប៉ុន្តែវាធំដូចជាកូនសាឡង់ មិនមែនជាទូកតូចឱបគ្នានោះទេ ហើយខ្ញុំដឹកតែអ្នកភូមិ និងកូនសិស្ស នៅក្នុងសហគមន៍របស់ខ្ញុំ តែក្នុងរដូវវស្សាប៉ុណ្ណោះ។ បើតម្រូវឱ្យខ្ញុំធ្វើទូកដែកតាមស្ដង់ដាបច្ចេកទេសនោះ ខ្ញុំមិនមានលទ្ធភាពទេ»។
បើតាមលោក ខៀវ សំផន ឥឡូវនេះ អ្នកភូមិ និងសិស្សសាលា នៅក្នុងសហគមន៍ភូមិកោះចំរើន អាចធ្វើដំណើរបានដោយជិះកង់ ម៉ូតូ ឬ រថយន្ត ឆ្លងកាត់ទន្លេបានហើយ ព្រោះរដូវនេះ ស្ថានភាពទឹកទន្លេនៅផ្នែកម្ខាង នៃកោះនេះបានស្រកអស់ហើយ។ ប៉ុន្តែក្នុងរដូវវស្សាទឹកទន្លេជន់ឡើង ភូមិរបស់គាត់ នឹងជន់លិចសាជាថ្មី ហើយនេះជាអ្វីដែលគាត់មានការព្រួយបារម្ភ ប្រសិនបើអាជ្ញាធរ មិនអនុញ្ញាត ឱ្យគាត់បន្តប្រើប្រាស់ទូករបស់គាត់ដឹកចម្លងអ្នកភូមិ និងកូនសិស្សទៀតនោះ៕