ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ បន្ទាប់ពីបានប្រជុំពិភាក្សាពីភាគីពាក់ព័ន្ធ មានតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។
បទបញ្ជា និងនីតិវិធីដែលមានកម្រាស់ ៤៣៨ ទំព័រ ចែកចេញជា ១០ ជំពូក និងឧបសម្ព័ន្ធចំនួន ៩ មានចែងយ៉ាងលម្អិតអំពីវិធានសម្រាប់អនុវត្តក្នុងការដំណើរការរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
ជំពូកទាំង ៩ នោះ មានដូចជា ជំពូកទី ១ និយាយពីបទប្បញ្ញត្តិទូទៅ។ ជំពូកទី២ ចែងពីប្រព័ន្ធបោះឆ្នោត និងការកំណត់ចំនួនអាសនៈក្នុងរដ្ឋសភា។ ជំពូកទី៣ និយាយពីភា្នក់ងារគណបក្សនយោបាយអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។
ជំពូកទី ៤ បានបង្ហាញពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជំពូកទី ៥ ចែងអំពីការិយាល័យបោះឆ្នោត។ជំពូកទី ៦ បង្ហាញពីការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត។ ជំពូកទី ៧ ចែងពីការឃោសនាបោះឆ្នោត។
ជំពូកទី ៨ ដែលវែងជាងគេ និងចែងយ៉ាងលម្អិតអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនិងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត។ ជំពូកទី ៩ ចែងពីការបាត់បង់អាសនៈនៃរដ្ឋសភា និងការជ្រើសតាំងជំនួស ព្រមទាំងការបែងចែកអាសនៈដែលនៅទំនេរ ការបាត់បង់អាសនៈ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការរួចហើយ។
ជំពូកទី ១០ នីតិវិធីនៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹង គ្រប់អំពើបំពានលើបទប្បញ្ញត្តិនៃជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) និងសមត្ថកិច្ច និងនីតិវិធីប្រជុំផ្សះផ្សា ប្រជុំសម្រេច និងសវនាការដោះស្រាយពាក្យបណ្តឹង។
នៅក្នុងបទបញ្ជា និងនីតិវិធីនោះក៏នៅមានឧបសម្ព័ន្ធ ៩ ផ្សេងទៀតដែលនិយាយពី ១/ក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត ២/ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត ៣/ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ៤/ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ៥/ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ៦/សម្ភារ ឯកសារដែលត្រូវប្រគល់ជូន (គធ.ខប) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោតទាំងមូល ៧/ សម្ភារ ឯកសារដែលត្រូវប្រគល់ជូនគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោតទាំងមូល ៨/សម្ភារ ឯកសារដដែលត្រូវប្រគល់ជូនគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប)/គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក..រ) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោតទាំងមូល ៩/ ប្រព័ន្ធបោះឆ្នោត និងការបែងចែកអាសនៈ។
កាលពីចុងខែធ្នូ ឆ្នាំមុនអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានស្នើនូវចំណុចមួយចំនួនដូចជា ការរៀបចំឱ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស ករណីបិទទ្វារ ឬ/និងបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ការលុបបេក្ខជនឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការស្នើឱ្យពង្រឹងការអនុវត្តរបស់មន្ត្រីបោះឆ្នោតលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២) ជាដើម។
តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលចេញក្រោយជំនួបនៅថ្ងៃទី ១៩ ធ្នូ ឆ្នាំមុន លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឆ្លើយតបគ្រប់ចំណុចចំពោះការស្នើឡើងរបស់អង្គការសង្គមស៊ីវិល ប៉ុន្តែតំណាងអង្គការសង្គមស៊ីវិលកត់សម្គាល់ថា «សំណើរបស់ខ្លួនទទួលបានការឆ្លើយតប និងពន្យល់ ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងនីតិវិធីនោះទេ»៕